តម្លៃប្រេងសាំងនៅកម្ពុជាបាននិងកំពុងហក់ឡើងថ្លៃយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈកម្ពុជាប្រកាសបើកប្រទេសឡើងវិញក្រោយបានផ្អាកវិស័យជាច្រើនដោយសារការរាតត្បាតជំងឺកូវីដ១៩។ តម្លៃសាំងកាលពីសប្តាហ៍មុនគឺប្រេងសាំងធម្មតាមានតម្លៃដល់ទៅ ៤,៥៥០រៀលក្នុងមួយលីត្រ ចំណែកសាំងស៊ុបពែរឡើងដល់ ៥,០៥០ រៀលក្នុងមួយលីត្រ។ បញ្ហាតម្លៃប្រេងសាំងឡើងថ្លៃនេះមិនមែនតែក្នុងកម្ពុជាទេ ប៉ុន្តែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសមួយចំនួននៅលើពិភពលោកក៏ជួបប្រទះបញ្ហានេះផងដែរ។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋ ចំនួន៥នាក់អំពីការយល់ឃើញ និងការលំបាកលើបញ្ហាតម្លៃប្រេងសាំងឡើងថ្លៃក្នុងពេលបច្ចុប្បន្ននេះ។
កញ្ញា ហ៊ួ ស្រីលីន ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបង្ហាញពីផលប៉ះពាល់ដល់រូបនាង និងជីវភាពក្នុងគ្រួសារដោយសារតែតម្លៃសាំងឡើងថ្លៃខ្លាំងពេក។
កញ្ញា ស្រីលីន បានប្រាប់ Newsroom Cambodia ថា៖ «ការឡើងថ្លៃសាំងនាពេលបច្ចុប្បន្ននេះ វាជះឥទ្ធិពលប៉ះពាល់ដល់រូបនាងខ្ញុំ និងក្រុមគ្រួសារដោយសារតែសាំងឡើងថ្លៃទៅ ត្រូវចំណាយច្រើនទៅលើការចាក់សាំងរាល់ថ្ងៃនឹង ហើយសង្គមយើងជំងឺកូវីដ១៩ ទើបរួចផុតប៉ុន្តែវាមិនមែនទាំងស្រុងទេ អីចឹងហើយសេដ្ឋកិច្ចនៅក្នុងគ្រួសារនៅមានកំរិត តាំងពីពេលមានជំងឺកូវីដ១៩មកយើងរកអីអត់សូវបាន អីចឹងដល់ពេលឡើងថ្លៃទៅវាពិបាកដែរ»។
កញ្ញា ស្រីលីន បានបន្ថែមទៀតថា៖ «ហើយចំពោះខ្ញុំជាអ្នកដែលមិនទាន់មានការងារធ្វើវារឹតតែជាបញ្ហាដោយសារខ្ញុំត្រូវការជិះម៉ូតូទៅណាទៅណី ខ្ញុំត្រូវចំណាយទៅលើថ្លៃសាំងនៅពេលដែលខ្ញុំមិនមានចំណូលវាជាបញ្ហាធ្ងន់ធ្ងរសម្រាប់ខ្ញុំ»។
លោក ណេត វណ្ណា អាយុ ៤៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបនៅផ្សារច្បារអំពៅបាននិយាយថា៖ «និយាយទៅសាំងឡើងថ្លៃនេះវាប៉ះពាល់ខ្លាំងដែរនឹង ព្រោះធម្មតាចង់ឱ្យតែសាំងចុះថោកទេ ដូចពួកខ្ញុំជាអ្នករត់ម៉ូតូឌុបអីចឹងរកមួយថ្ងៃមិនបានចំណូលសឹងតែពីរម៉ឺនបីម៉ឺន [រៀល] ផងហើយសាំងឡើងថ្លៃទៅទៀត ចំណែកអ្នកជិះជួនកាលឲ្យថោកដដែលដល់អីចឹងទៅវាប៉ះពាល់ខ្លាំង»។
លោក វណ្ណា បានសំណូមពរទៅរដ្ឋាភិបាលថា៖ «សាំងឡើងថ្លៃនេះខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េចជួយអោយសាំងធ្លាក់ចុះត្រឹមមួយលីត្របីពាន់ [រៀល] ជាងបានហើយ ប៉ុណ្ណឹងវាអាចដោះស្រាយជីវភាពបាន បើចំណូលមួយថ្ងៃរកបានតែពីរម៉ឺន [រៀល] អីនឹង សឹងតែពិបាករកផងតាំងពីមានកូវីដមក»។
លោក ឆៃ មុត អាយុ២២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈតាមដងផ្លូវមួយកន្លែងបានប្រាប់ Newsroom Cambodian ថា ៖ «សាំងឡើងថ្លៃនេះមានភាពលំបាកសម្រាប់ខ្ញុំក្នុងការចំណាយទៅលើថ្លៃសាំង ផ្ទះរបស់ខ្ញុំនៅឆ្ងាយរហូតដល់ផ្សារគរគី ហើយសាំងឡើងថ្លៃជិតដល់ប្រាំពាន់ [រៀល] ឥឡូវហើយនឹង ហើយផ្ទះខ្ញុំនៅឆ្ងាយខ្ញុំត្រូវការប្រើសាំងច្រើនមួយថ្ងៃមួយលីតជាងទៅពីរលីត្រឯណោះ »។
កញ្ញា វន គីមសួរ អាយុ២១ឆ្នាំ ជាបុគ្គលិកផ្នែកលក់នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី បាននិយាយថា៖ «ចំពោះបញ្ហាការឡើងថ្លៃសាំងសម្រាប់ខ្ញុំផ្ទាល់វាពិបាកដោយសារកន្លែងធ្វើការឆ្ងាយពីផ្ទះ ដូច្នេះការចំណាយទៅលើថ្លៃសាំងគឺអស់ច្រើនហើយនៅពេលដែលចំណាយសាំងច្រើន ស្របពេលដែលសាំងកំពុងតែឡើងថ្លៃទៀតដែលធ្វើឲ្យការចំណាយរបស់ខ្ញុំរឹតតែច្រើនទៅតាមនឹងទៀត»។
កញ្ញា គីមសួរ បានបន្ថែមទៀតថា៖ « បើសិនជាយើងគ្រាន់តែសម្លឹងទៅលើបញ្ហារបស់ខ្លួនឯងយើងគិតថាយើងជាអ្នករងគ្រោះដោយសារយើងត្រូវចំណាយច្រើនជាងមុនអីជាដើម ក៏ប៉ុន្តែបើសិនជាយើងយល់ដឹងពីដើមចមថាហេតុអ្វីសាំងឡើងថ្លៃហើយយើងមើលទៅលើទំនោរពិភពលោកថាស្រុកទេសជិតខាងយើងវាយ៉ាងម៉េចដែរនោះ យើងនឹងយល់ថាបញ្ហាទាំងអស់នឹងគឺវាកើតមានជាសកលលោកវាមិនមែនជាអ្វីដែលរដ្ឋាភិបាលឬអ្នករកស៊ីសាំងនឹងគាត់ធ្វើដោយចិត្តឯងនោះទេ»។
លោក ឡាញ់ វឌ្ឍនសាល អាយុ២១ឆ្នាំ ជាអ្នករចនាក្រាហ្វិកនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា ៖ «បញ្ហាសាំងឡើងថ្លៃនេះ វាពិតជាជះឥទិ្ធពលដល់ជីវភាពរបស់ខ្ញុំណាស់ ពោលគឺបញ្ហាកូវីដត្រូវបានដោះស្រាយឲ្យមានការបើកប្រទេសក៏ពិតមែន ប៉ុន្តែជីវភាពរបស់ខ្ញុំវាមិនទាន់មានការកើនឡើងសមស្របនឹងការចំណាយនៅឡើយទេ ហើយបញ្ហាការកកស្ទះក៏បានកើតឡើងមកយ៉ាងខ្លាំង បន្ទាប់ពីការបើកប្រទេសឲ្យមកធម្មតាវិញ អីចឹងការចំណាយសាំងក៏អស់ច្រើន»៕