ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានប្រកាសលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទៅដើមឆ្នាំ២០២២វិញ ដោយបញ្ជាក់ថា ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២មានពេលវេលាបន្ថែមសម្រាប់រៀនសូត្រត្រៀមប្រឡង។
Newsroom Cambodia នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានសម្ភាសន៍យុវជន យុវតីខ្មែរចំនួន៥រូប ដែលជាអ្នកត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ខាងមុខ ដោយសិស្សខ្លះគាំទ្រចំពោះការពន្យាពេលនេះ ចំណែកឯសិស្សខ្លះចង់ប្រឡងឱ្យបានឆាប់។
យុវជន ថុល បញ្ញា អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវបានលើកឡើងថា លោកចង់ឲ្យមានការប្រឡងឱ្យបានឆាប់។
លោកថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់មានអារម្មណ៍ថា សប្បាយរីករាយ ព្រោះមានពេលបានយូរក្នុងការមើលសៀវភៅ និងរៀនបន្ថែមទៀតបង តែក៏មិនសូវសប្បាយចិត្តខ្លាំងណាស់ដែរបង ព្រោះថាមិនចង់លើកពេលយូរពេកចង់ប្រឡងឲ្យបានឆាប់ៗ បើយូរពេកទឹកចិត្តក្នុងការប្រឡងវាមិនសូវមានច្រើនទៅតាមហ្នឹងបង»។
យុវតី មួន សុធារី អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សំរោងពន្លៃ មកពីខេត្តតាកែវ បានលើកឡើងថា កញ្ញាពេញចិត្តដែលក្រសួងពន្យាពេលប្រឡើងនេះ ព្រោះជាពេលដែលកញ្ញាអាចបន្តមើលមេរៀនដើម្បីត្រៀមប្រឡងបានលទ្ធផលល្អ។
កញ្ញាលើកឡើងថា៖ «សម្រាប់ខ្ញុំដែលបានឃើញសេចក្តីប្រកាសលើកការប្រឡងរបស់ក្រសួងដល់ថ្ងៃទី២៧វិញ ខ្ញុំយល់ថា ជាការមួយដែលល្អសម្រាប់ពួកខ្ញុំជាសិស្សទី១២ ក្នុងការត្រៀមខ្លួនឲ្យមានគោលជំហរជាងមុន មិនសូវភ័យ ហើយមានពេលវេលាច្រើនដើម្បីមើលមេរៀនត្រៀម ហើយសង្ឃឹមថាដល់ថ្ងៃប្រឡងចេញលទ្ធផលមកសមនឹងតម្លៃនៃពេលវេលាដែលក្រសួងបានផ្តល់ឲ្យ ហើយទទួលបានលទ្ធផលល្អទាំងអស់គ្នា»។
យុវតី ឆែម ស៊ីណា អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សុខអានទន្លេបាទី មកពីខេត្តតាកែវ បានប្រាប់ Newsroom Cambodia ថា កញ្ញាគាំទ្រឱ្យមានការពន្យាពេលប្រឡងនេះ ដែលអាចឱ្យកញ្ញាមានពេលសម្រាប់ត្រៀមបានល្អ។
កញ្ញាលើកឡើងថា៖ «ការលើកពេលវេលាទៅប្រឡងថ្ងៃទី២៧វិញវាល្អ ព្រោះអាចឲ្យសិស្សមានពេលវេលាវែងជាងមុនក្នុងការត្រៀមខ្លួនប្រឡង»។
ព្រះតេជគុណ ហយ ផាន ព្រះជន២២វស្សា ជាសិស្សថ្នាក់ទី១២ (ក) នៅព្រះសុរាម្រិតលោកមានសង្ឃដីការថា ការណ៍ដែរក្រសួងអប់រំយុវជននិងកីឡាបើកឱ្យមានការប្រឡងថ្នាក់ទី១២ នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ខាងមុខនេះ លោកមិនទាន់មានទំនុកចិត្តលើខ្លួនឯងចំពោះការប្រឡងនោះទេ។
ព្រះអង្គលើកឡើងថា៖ «សម្រាប់អាត្មាផ្ទាល់រៀងភ័យដោយសារតែការរៀនសូត្រអត់បានពេញលេញព្រោះរៀនតាមអនឡាញវាមិនដូចយើងរៀននៅក្នុងថ្នាក់ផ្ទាល់ទេ បើប្រឡងថ្ងៃខាងមុខអាត្មាគិតថានឹងអាចធ្លាក់ច្រើន»។
យុវតី ឆុំ ចាន់ណា អាយុ ១៨ ឆ្នាំរៀននៅវិទ្យាល័យ សន្ធម៉ុកបាននិយាយថា កញ្ញាចង់ប្រឡងឆាប់ៗ ជាងការលើកថ្ងៃប្រឡង ទោះបីជារៀនតាមអនឡាញក៏ដោយ។
កញ្ញាលើកឡើងថា៖ «ខ្ញុំបានត្រៀមចិត្តរួចហើយទោះវាជាប់ ឬធ្លាក់ក៏ទទួលយកដែរសម្រាប់ខ្ញុំនៅតែចង់ប្រឡងដដែល»។
យុវតី ដា នាថ អាយុ ១៩ ឆ្នាំរៀនវិទ្យាល័យព្រែកកបាស ខេត្តព្រៃវែង បានប្រាប់ Newsroom Cambodia ថា កញ្ញាចង់ឱ្យមានការប្រឡងឱ្យកាន់តែឆាប់ដើម្បីងាយស្រួលក្នុងការជ្រើសរើសមុខវិជ្ជារៀននៅសាកលវិទ្យាល័យ។
កញ្ញាលើកឡើងថា៖ «សម្រាប់នាងខ្ញុំចង់ប្រឡងឆាប់ៗដើម្បីឱ្យដឹងថាជាប់ ឬធ្លាក់ងាយស្រួលសម្រចចិត្តរើសមុខវិទ្យាចូលរៀនសាកលវិទ្យាល័យបន្តទៀត។ ខ្ញុំជឿជាក់លើខ្លួនឯង ៧០%៨០%នឹងជាប់ ហើយក៏អត់ភ័យខ្លាចអីដែរ»៕