ប្រទេសកម្ពុជាចាប់ផ្តើមមានការរាតត្បាតដោយជំងឺកូវីដ១៩ចាប់តាំងពីដើមឆ្នាំ២០២០មក។ ជាបន្តបន្ទាប់ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទខ្ទប់ និងរិតត្បិតការជួបជុំជាបន្តបន្ទាប់។ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស ដោយបើកឲ្យដំណើរការឡើងវិញគ្រប់វិស័យ បន្ទាប់ស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញលើការយល់ឃើញរបស់ពួកគាត់អំពីការប្រកាសឲ្យបើកប្រទេសឡើងវិញ។
លោកស្រី ឃាង គីមសួគ៌ អាយុ ២៥ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារចាក់អង្រែក្រោម យល់ថា ការបើកប្រទេសឡើងវិញ ធ្វើឲ្យសេដ្ឋកិច្ចដើរ អ្នកលក់ដូរដូចគាត់ងាយស្រួលប្រកបរបរជាងមុន។
លោកស្រី ឃាង គីមសួគ៌ លើកឡើងថា៖ «សម្រាប់ខ្ញុំ គិតថាវាល្អ ពីព្រោះវាធ្វើឲ្យសេដ្ឋកិច្ចដើរ ហើយបើនិយាយសម្រាប់អ្នករកស៊ីវិញ គឺល្អ ហើយបើកនេះគឺបើកទាំងស្រុង ទាំងអាជីវកម្មផ្សេងៗបើកទាំងអស់គ្នា លើកលែងតែអាជីវកម្មហានិភ័យមួយចំនួនធំ »។
លោកស្រីបន្ថែមថា៖ «ហើយមួយវិញទៀត គេចង់ឲ្យប្រជាពលរដ្ឋយើងរស់ជាមួយនឹងបរិបទកូវីដ គឺទី១ គេឲ្យមនុស្សនឹងចេះការពារខ្លួនឯង រកៗទៅប៉ុន្ដែសំខាន់គាត់ការពារខ្លួនឯងដែលដូចមានវិធានការគេដាក់ចេញហើយៗ គឺ ៣កុំ៣ការពារ អញ្ចឹងក៏វាល្អសម្រាប់កូនក្មេង គាត់អាចមានលទ្ធភាពទៅរៀនបាន ព្រោះថារៀនតាមអនឡាញ រៀនអត់ចេះទេ» ។
លោក គួង ឡុង អាយុ៥០ឆ្នាំ មុខរបរលក់សម្ភារៈជ័រគ្រប់ប្រភេទ នៅជិតផ្សារដេប៉ូទី២ យល់ថា ការបើកប្រទេសឡើងវិញបានធ្វើឲ្យប្រជាជនមានការងារធ្វើ អាជីវកម្មតូចធំអាចដំណើការឡើងវិញ បើនៅតែបិទប្រទេសទៀត ប្រជាជននៅតែលំបាក គ្មានចំណូល និងការងារគ្មាន គឺប្រជាជនខ្លះត្រូវរស់ក្រោមការឲ្យជំនួយពីរដ្ឋ។
លោក ឡុង លើកឡើង៖ «ការបើកប្រទេសឡើងវិញប្រជាជនទាំងអស់គ្នាមានការងារធ្វើ ទោះបីអាជីវកម្មខ្នាតតូចធំក្ដីក៏គេបើកតាមចិត្តគេអញ្ចឹងទៅ ដោយសារគ្នាបើកបានដូចដើមឡើងវិញ បើបិទតើគ្នាធ្វើអ្វីកើត ហើយអ្វីៗអត់ដំណើរការ ហើយគ្នារស់មិចកើត បើចាំឲ្យគេផ្ដល់ទឹកត្រីទឹកស៊ីអ៊ីវនោះ»។
លោក នៅ វុទ្ធា អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងរថយន្តគ្រប់ប្រភេទ នៅជិតផ្សារទំនើបស៊ីធីម៉ល បាលើកឡើងថា ការបើកប្រទេសឡើងវិញនេះ គឺលោកសប្បាយចិត្ត ពីព្រោះលោកអាចប្រកបមុខរបរដូចមុនឡើងវិញ។
លោក វុទ្ធា លើកឡើងថា៖ «ការបើកប្រទេសឡើងវិញទាំងខ្ញុំនិងគេសប្បាយចិត្តដូចតែគ្នា យើងអាចប្រកបរបររកស៊ីទទួលទានធម្មតាដូចមុនវិញ បើអាជីវកម្មដំណើរការយ៉ាងមិញៗ យើងតាមដានទៀត»។
លោកបន្ថែមថា៖ «ចំពោះកូនៗវិញនៅមិនទាន់បណ្ដោយពួកវាទេ យើងចាំមើលគេមើលឯងដែរ ឥឡូវនៅឲ្យរៀនអនឡាញសិន ចាំមើលថាផុតហានិភ័យមែនទែនយើងឲ្យវាទៅសាលាវិញ»។
លោក សេង ស៊ីតូ អាយុ ៣៧ឆ្នាំ មុខរបរ លក់រថយន្តមួយកន្លែង បានបានយោបល់ថា ការបើកប្រទេសឡើងវិញនេះ គឺល្អ ដែលមិនធ្វើឲ្យជាប់គាំងសេដ្ឋកិច្ចតទៅទៀត ហើយមនុស្សប្រកបមុខរបរតាមបែបគន្លងថ្មី ពោលគឺចេះការពារខ្លួនឯង។
លោក ស៊ីតូ លើកឡើងថា៖ «ការបើកប្រទេសឡើងវិញគីទី១គឺអត់គាំងសេដ្ឋកិច្ច ទី២មនុស្សចេះប្រយ័ត្នរៀងខ្លួនៗ ៣កុំ៣ការពារ គឺពេលបើកប្រទេសគឺមានមនុស្សចូលទិញឡានគាត់ ហើយគេយកលុយនឹងទៅចាយវាយទៅហាងស៊ីចុក ហើយហាងលក់ដាច់ ហើយហាងនោះ យកលុយទៅចាយបន្ដ អញ្ចឹងសេដ្ឋកិច្ចល្អ ប្រជាជនរកបាន»។
អ្នកស្រី ប៊ន់ ស៊ីវអៀង អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរនៅជិត ផ្សារអូរឬស្សី បានមានប្រសាសន៍ថា ការបើកប្រទេសឡើងវិញគឺអាចឲ្យគាត់អាចរកស៊ីងាយស្រួលនិងលក់ដាច់ជាងមុន ហើយការទំនាក់ទំនងគ្នាមានភាពស្និទ្ធស្នាលជាងមុខ ដើរលេងកំសាន្ដដោយគ្មានបំរាមគោចរ ប៉ុន្ដែគាត់មិនភ្លេចវិធានការ៣កុំ ៣ការពារ នោះទេ។
អ្នកស្រី ស៊ីវអៀង បានលើកឡើងថា ពាក់ព័ន្ធការបើកប្រទេសឡើងវិញនេះ គឺល្អ ល្អក្នុងការរកស៊ីលក់ដូរក៏ដាច់ ល្អក្នុងការប្រាស្រ័យទាក់ទងគ្នា បើបិទប្រទេសគេឃាំងយើងឲ្យនៅផ្ទះលក់ដូររកស៊ីអត់កើត ហើយសេដ្ឋកិច្ចធ្លាក់ចុះ។
អ្នកស្រីបន្ថែមថា ការបើកប្រទេសឡើងវិញ យើងចង់ទៅណាមកណាយើងទៅបាន ហើយយើងទៅណាក៏ដោយត្រូវកុំភ្លេច ៣កុំ៣ការពារ។
អ្នកស្រី សៀវ នី លក់ផលិតផលអាហារប៉ប៉ន និងបើកសាឡនមួយកន្លែង យល់ថា ការបើកប្រទេសឡើងគឺល្អ អាចជួបជុំបងប្អូនបាន និងចង់ទៅណាក៏បានងាយស្រួល ។
អ្នកស្រី នី បានលើកឡើងថា៖ «ពេលបើកប្រទេសឡើងវិញគឺល្អ ព្រោះមនុស្សម្នាក់ៗមិននៅតែក្នុងផ្ទះ ផ្លូវថ្នល់គ្មានអ្នកដើរ ស្ងាត់ដូចខ្មោចលង។ យើងអាចជួបជុំបងប្អូនបាន ដូចខ្ញុំចង់ទៅបងប្អូនខ្ញុំក៏បាន ណាមួយគ្មានបំរាមគោចរផាកពិន័យទៀត។ ចំពោះមុខរបរគាត់ក៏រកបានជាងមុនពេលបើកប្រទេសមក។ ខ្ញុំក៏អនុញ្ញាតឲ្យកូនខ្ញុំទៅរៀននៅសាលាដែរ ប៉ុន្ដែខ្ញុំតែងតែផ្ដាំកូនខ្ញុំកុំភ្លេច ៣កុំ៣ការពារ»៕