កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ខាងមុខ ដោយមិនទាន់ឃើញមានវត្តមានរបស់គណបក្សប្រឆាំងលេចធ្លោណាមួយដើម្បីមកប្រកួតប្រជែងគណបក្សកាន់អំណាចនៅឡើយ។ ការណ៍ដែលមិនមានគណបក្សប្រឆាំងលេចធ្លោដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច គឺបន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧មក។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បានផ្តល់សម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ នាពេលខាងមុខនេះ។
សំភាស់៖ ជម្រាបសួរលោក កន សាវាង្ស!
សាវាង្ស៖ បាទ! ជម្រាបសួរ។
សំភាស់៖ ជាដំបូងនាងខ្ញុំសូមសួរថា តើលោកយល់យ៉ាងណាចំពោះការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ ឆ្នាំ២០២២ នាពេលខាងមុខនេះ?
សាវាង្ស៖ ទាក់ទងនឹងការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២២ ហ្នឹងយើងពិនិត្យមើលឥឡូវនេះមិនទាន់មានការវាយតម្លៃយ៉ាងណាបាននៅឡើយទេ ប៉ុន្តែអ្វីដែលខ្ញុំមើលជាទូទៅយើងឃើញមានទិដ្ឋភាពពីរដែលសំខាន់ជាងគេក្នុងចំណោមទិដ្ឋភាពផ្សេងៗ។ ទីមួយពាក់ព័ន្ធនឹងបរិយាកាសនយោបាយ បរិយាកាសនយោបាយនេះជារឿងសំខាន់ណាស់ បើសិនជាបរិយាកាសនយោបាយវាមិនបានផ្តល់ភាពល្អទេវាធ្វើឲ្យជះឥទ្ធិពលក្នុងការបោះឆ្នោតដែរ ជាពិសេសតាមរយៈការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។
បរិយាកាសនយោបាយនេះយើងឃើញថាថ្មីៗនេះមានការលើកឡើងរបស់អ្នកនយោបាយ មានការបដិសេធការចុះបញ្ជី រួមទាំងការគំរាមកំហែងដល់សកម្មជនអតីតគណបក្សប្រឆាំងអីថែមទៀត អ៊ីចឹងចំណុចទាំងអស់នេះ រួមទាំងនៅមូលដ្ឋានខ្លះក៏មិនជាគេហៅថាសេរីក្នុងការជួបជុំអីប៉ុន្មានដែរ។ អ៊ីចឹងកន្លែងនេះគឺជាបរិយាកាសមួយដែលរដ្ឋាភិបាលត្រូវតែពិនិត្យ ឬត្រូវតែមើល។
ហើយរឿងមួយទៀតគឺពាក់ព័ន្ធនឹងច្បាប់ដែលខ្ញុំមើលមកដល់ពេលនេះខ្ញុំមិនទាន់មានឃើញសញ្ញាណណាមួយសម្រាប់ការធ្វើវិសោធនកម្ម ឬក៏ការកែប្រែច្បាប់ដែលទាក់ទងនឹងច្បាប់បោះឆ្នោត ឬក៏ច្បាប់គណបក្សនយោបាយ គឺថាមិនទាន់បានមានការកែសម្រួលនៅឡើយទេ តែច្បាប់នេះវាមិនទាន់បានគោរពទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទេ វាជារឿងមួយដែលសំខាន់ដែលខ្ញុំមើលឃើញ ហេតុផលដែលវាអាចពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ខាងមុខនេះ។
សំភាស់៖ តើរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនប៉ុន្មានដែរ?
សាវាង្ស៖ ការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋមកដល់ថ្ងៃនេះ ថ្ងៃទី២៦ [ខែវិច្ឆិកា ឆ្នាំ២០២១] អ្វីដែលជាលទ្ធផលរបស់ស្ថាប័ន គ.ជ.ប [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] រយៈពេល៤២ថ្ងៃនេះគឺមានអ្នកចុះឈ្មោះសរុបហ្នឹងគឺប្រាំបួនលាននាក់ជាងហើយ ដែលនៅក្នុងបញ្ជីឈ្មោះមានចំនួនប្រាំបួនលាននាក់ជាងស្មើនឹង៩៧% បើនិយាយពីអ្នកថ្មីវិញគឺថាមានសែសិបមួយម៉ឺននាក់ អ៊ីចឹងតួរលេខនេះវាជាតួរលេខមួយដែលបង្ហាញអំពីបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០២១នេះ។
សំភាស់៖ នៅពេលដែលមិនមានវត្តមានគណបក្សប្រឆាំងធំជាងគេចូលរួមការបោះឆ្នោត ដោយសារត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ តើលោកយល់ឃើញយ៉ាងណាចំពោះការបោះឆ្នោតនាពេលខាងមុខនេះ?
សាវាង្ស៖ ខ្ញុំមើលឃើញថាបញ្ហានៅខាងមុខវានៅតែជៀសមិនផុតអំពីវិបត្តិនៃនយោបាយ ការខ្វែងគំនិតគ្នា ការលើកឡើងពីបញ្ហាផ្សេងៗទេ មានន័យថាវិបត្តិនៃនយោបាយហ្នឹងដូចអាចដឹងស្រាប់ហើយថ្នាក់ដឹកនាំអីជាដើម តែងតែលើកយកពីបញ្ហាទាក់ទងជាមួយនឹងរឿងការកម្ទេចការអីហ្នឹង ដែលធ្វើឲ្យអ្នកចូលរួមវាមានបញ្ហាមិនសូវជារីករាយក្នុងការចូលរួមទេ។ នេះបរិយាកាសមួយដែលមិនល្អសម្រាប់ដំណើរការនៃការបោះឆ្នោតតាំងពីហ្នឹងមកដល់ពេលនេះ។
ហើយទីពីរយើងមើលឃើញថាគណបក្សហ្នឹងបានរំលាយបាត់ទៅហើយ ហើយមែនទែនមកដល់ថ្ងៃនេះមិនទាន់មានឃើញសញ្ញាណណាមួយដែលសម្រេចការដោះស្រាយគ្នា ឬក៏ការវិលត្រឡប់មកវិញរបស់គណបក្សប្រឆាំងដែរ រួមទាំងនៅក្នុងដៃតុលាការជាពិសេសទាក់ទងជាមួយនឹងរឿងប្រធានគណបក្សប្រឆាំងហ្នឹងគឹថាមិនទាន់បានកាត់ក្តី ឬក៏មិនទាន់បានយុត្តិធម៌អីទេ ជារឿងមួយដែលយើងមើលឃើញ។
ហើយចំណុចទាំងអស់នេះវាជាចំណុចមួយដែលធ្វើឲ្យកើតទៅជាបញ្ហាដែរសម្រាប់ការបោះឆ្នោតខាងមុខនេះ គឺថាវាធ្វើឲ្យអ្នកគាំទ្រអតីតគណបក្សប្រឆាំងហ្នឹង ឬក៏អ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យហ្នឹងគាត់អាចមានការនឿយណាយនឹងអាចថាមិនសូវជាខ្វាយខ្វល់រឿងបោះឆ្នោតនោះបន្ថែមទៀតក៏ថាបាន ដោយសារតែការពិនិត្យមើលទៅនៅក្នុងដំណើរការនៃការទទួលឆន្ទៈនេះគឺថាអត់បានជំនឿសម្រាប់ពួកគាត់។
សំភាស់៖ ជាទូទៅ តើលោកគិតថាស្ថានភាពបោះឆ្នោតនៅប្រទេសកម្ពុជាជារៀងរាល់អាណត្តិមានរូបភាព ឬស្ថានភាពបែបណាដែរ?
សាវាង្ស៖ សម្រាប់ខ្ញុំតែងមើលឃើញថាស្ថានភាពមានពីរទាក់ទងនឹងការបោះឆ្នោតគឺមុនហើយនឹងក្រោយ ទាក់ទងនិងមុនពេលបោះឆ្នោតហ្នឹងអ្នកនយោបាយតែងតែមានជម្លោះគ្នា ដៀមដាមឌឺដងដាក់គ្នាចឹងទៅ ហើយពេលខ្លះក៏មានការកើតរហូតដល់ការគំរាមកំហែងទៅដល់អ្នកគាំទ្រ អាចនឹងពេលខ្លះក៏មានការលើកយកហេតុផលផ្សេងៗ ដើម្បីឲ្យមានជារបួសស្នាមដែលគិតថាមិនទាក់ទងនឹងការបោះឆ្នោត។
ហើយរឿងដែលសម្បូរជាងគេហ្នឹងគឺការប្រើប្រាស់ពាក្យសម្តីដែលធ្វើឲ្យអ្នកគាំទ្រ ឬក៏ប្រជាពលរដ្ឋដែល ជួនកាលវាខុសពីការគាំទ្រនៃគណបក្សខ្លួនហ្នឹងគឺថាតែងតែប្រើពាក្យដៀមដាមទៅ ពាក្យបំភ័យទៅ ហ្នឹងគឺជាបញ្ហាមួយដែលធ្វើឲ្យមានការព្រួយរបារម្មណ៍ខ្លាំង ហើយក៏វាអាចជះឥទ្ធិពលដល់ការបោះឆ្នោតផងដែរ ហើយសម្រាប់ស្ថានភាពក្រោយពេលបោះឆ្នោតវិញតែងតែមានការតវ៉ា តែងតែមានការមិនសុខចិត្តគ្នា ដោយលើកឡើងថាលទ្ធផលហ្នឹងវាមិនត្រឹមត្រូវ លទ្ធផលវាមិនស្របច្បាប់ក៏មានការចោទប្រកាន់ថាលួចបន្លំអ៊ីចឹងទៅ។
ហ្នឹងគឺជាហេតុផលមួយដែលកើតមុនហើយនឹងក្រោយការបោះឆ្នោត ដែលយើងតែងតែមានជារៀងរាល់អាណត្តិ លើកលែងតែអាណត្តិនៅក្នុងឆ្នាំ២០១៧មួយទេដែលយើងមើលឃើញថាស្ថានភាពនៃការតវ៉ាក្រោយការបោះឆ្នោតហាក់ដូចជាមិនសូវមានការតវ៉ាទៅលើលទ្ធផលទេ ព្រោះថាលទ្ធផលក៏មិនមានការតវ៉ាធំដុំណាមួយដែលកើតចេញពីគណបក្សនយោបាយទេ នេះជាអ្វីដែលខ្ញុំបានមើលឃើញ។
សំភាស់៖ តើលោកយល់យ៉ាងណា ប្រសិនបើគណបក្សប្រជាជនកម្ពុជាថា ការបោះឆ្នោតខាងមុខនេះនឹងមានភាពត្រឹមត្រូវ និងយុត្តិធម៌ទៅតាមលក្ខខណ្ឌច្បាប់?
សាវាង្ស៖ ប្រសិនបើមានការលើកឡើងបែបនេះ វាជាការលើកឡើងរបស់តែគណបក្សនយោបាយ ធម្មតាការវាយតម្លៃទៅលើដំណើរការនៃការបោះឆ្នោតថាល្អត្រឹមត្រូវណាមួយ វាទាល់តែពឹងផ្អែកទៅលើមូលដ្ឋានឬផ្តោតលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហើយយកមកធ្វើការពិនិត្យអាហ្នឹងបានយើងអាចធ្វើការវាយតម្លៃបាន។
សំភាស់៖ តើលោកគិតថាការបោះឆ្នោតនេះនឹងមានភាពសេរី និងយុត្តិធម៌ទេ? ហេតុអ្វី?
សាវាង្ស៖ សម្រាប់ខ្ញុំមិនអាចនឹងធ្វើការវាយតម្លៃអីបានទេ។ ដោយសារតែទីមួយ ដើម្បីអាចនិយាយថាវាសេរី ឬយុត្តធម៌បានទាល់តែធ្វើការវាយតម្លៃ ហើយមកដល់ពេលនេះយើងមិនទាន់បានធ្វើការវាយតម្លៃទៅលើដំណើរការហ្នឹងទេ យើងនឹងធ្វើការវាយតម្លៃរយៈពេលបីខែមុនការបោះឆ្នោតមុនការបោះឆ្នោតមួយសម្រាប់ទៅលើការបោះឆ្នោតហ្នឹង អ៊ីចឹងខណៈពេលនេះគឺថាយើងមិនទាន់បានវាយតម្លៃទេ ប៉ុន្តែយើងមើលឃើញស្ថានភាពហាក់ដូចជាមិនសូវជាល្អសម្រាប់បរិយាកាសក្នុងការចូលរួមទេ ជាពិសេសទាក់ទងរឿងការព្រួយបារម្ភ ឬការភិតភ័យរបស់ប្រជាពលរដ្ឋក្នុងការចូលរួមទាក់ទងដូចការលើកឡើងរបស់អ្នកនយោបាយជាដើមចឹង។
សំភាស់៖ តើលោកគិតថាពេលបោះឆ្នោតហើយអាចនឹងមានបញ្ហាអ្វីកើតឡើងដែរទេ?
សាវាង្ស៖ សម្រាប់ពេលបោះឆ្នោតខាងមុខអាចនឹងមានបញ្ហាកើតឡើងដែរ មើលស្ថានភាពនេះខ្ញុំយល់ថាអាចនឹងមានការគំរាមកំហែង ឬការភិតភ័យទៅដល់អ្នកបោះឆ្នោតអាចនឹងមានការកើតឡើង ជាពិសេសអតីតអ្នកគាំទ្រគណបក្សប្រឆាំង ឬគណបក្សសង្គ្រោះជាតិហ្នឹងតែម្តង អាចនឹងមានការភិតភ័យឬក៏អាចមានការព្រួយបារម្ភដែរ រួមទាំងគណបក្សផ្សេងៗទៀតដែលយល់ឃើញថាជាមែកធាងរបស់អតីតគណបក្សសង្គ្រោះជាតិអីជាដើមអញ្ចឹង អាចនឹងមានការព្រួយបារម្ភដែរ ឬក៏អាចនឹងកើតការតវ៉ាផ្សេងៗលើកឡើងក្រោយការបោះឆ្នោត ទាក់ទងទៅនឹងលទ្ធផលបោះឆ្នោតនេះ។
សំភាស់៖ ចា៎! អរគុណលោក កន សាវាង្ស។
សាវាង្ស៖ បាទ! អរគុណ៕