ចាប់តាំងពីកម្ពុជាមានផ្ទុះជំងឺកូវីដ១៩ពីដើមឆ្នាំ២០២០មក យើងឃើញថាប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ខណៈដែលប្រជាពលរដ្ឋក្រីក្រជាច្រើនរងផលប៉ះពាល់ខ្វះខាតស្បៀងអាហារអំឡុងពេលជំងឺកូវីដ១៩នេះ គេឃើញមានយុវជនមួយក្រុមបង្កើតគម្រោង Local4local ដើម្បីប្រមូលគ្នាបរិច្ចាគជាអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗ ដល់ប្រជាពលរដ្ឋដែលខ្វះខាតនៅរាជធានីភ្នំពេញ។
លោក តាំង ហួងហាវ ស្ថាបនិកគម្រោង Local4local បានផ្តល់កិច្ចសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia អំពីការលើកស្ទួយវប្បធម៌នៃការចែករំលែកក្នុងបរិបទជំងឺកូវីដ១៩ របស់គម្រោង Local4local។
ស្រីពេជ្រ៖ តើគម្រោង local4local គឺជាអ្វី ?
ហួងហាវ៖ គម្រោង local4local គឺជាគម្រោងមួយដែលផ្ដល់អាហារ និងរបស់របរផ្សេងៗទៀតទៅដល់អ្នកនៅតាមផ្លូវ ដូចជាអ្នករត់ស៊ីក្លូតាមផ្លូវ អ្នករើសសំរាមជាដើម បើនិយាយជាគោលដៅគឺជំរុញទៅលើការចែករំលែក គឺជំរុញវប្បធម៌នៃការចែករំលែកមិនថាតិចក្តីមិនថាច្រើនក្តី គឺគាត់អាចបរិច្ចាគបានទាំងអស់។
ស្រីពេជ្រ៖ តើគម្រោង Local4local បានបង្កើតឡើងនៅពេលណា?
ហួងហាវ៖ គម្រោងរបស់យើងគិតមកដល់ឥឡូវបង្កើតឡើងបានចូលជិតប្រាំបីខែហើយ មកដល់សព្វថ្ងៃនិង local4local បានចែកជាអាហារក្ដៅបានប្រហែលជាពីរម៉ឺនប្រាំពីរពាន់កញ្ចប់ ហើយបានជួយដល់ គ្រួសារដែលនៅតំបន់ក្រហមតាមរយៈអង្គការផ្សេងៗក្នុងនឹងមានគ្រឿងផ្សេងៗដូចជា ត្រីខ មី អង្ករ ដែលរៀបចំជាកញ្ចប់ៗ និងពេលដែលនៅតំបន់ក្រហមប្រហែលជិតប្រាំបីរយគ្រួសារ។
ស្រីពេជ្រ៖ តើធុងសហគមន៍ចល័តគឺជាអ្វី ?
ហួងហាវ៖ ធុងសហគមន៍ចល័តគឺជាមធ្យោបាយមួយដែលសម្រាប់អ្នកមានដាក់អ្នកខ្វះដក គឺជាធុងសប្បុរសមួយដែលមានរបស់របរផ្សេងៗដូចជាម្ហូប ខោអាវ របស់របរស្ងួត ដូចជាត្រីខមីអីផ្សេងៗគឺគាត់អាចបរិច្ចាគបាន ហើយអ្នកដែលគេខ្វះខាតនៅតាមដងផ្លូវគឺគាត់អាចបើកធុងនឹងដើម្បីយករបស់របរនិងអាហារក្នុងធុងនឹង ហើយធុងសហគមន៍ចល័តគឺជាធុងសប្បុរសនៅលើស៊ីក្លូ ដែលយើងតាំងពាក្យស្លោកមួយថា «អ្នកមានដាក់អ្នកខ្វះដក» ។
ស្រីពេជ្រ៖ តើធុងសហគមន៍ចល័តមានប៉ុន្មានទីតាំង?
ហួងហាវ៖ ឥឡូវនេះធុងសហគមន៍ចល័តមានទីតាំងរហូតដល់ ១០ កន្លែង ដែលចេញដំណើរពីម៉ោង ៩:៣០ ឬ ១០:៣០ និងម៉ោង ៤:០០ ឬ ៥:០០ ទៅតាមកន្លែងដូចជាតាមមាត់ទន្លេ ផ្សារថ្មី ផ្សាររាត្រី វត្តបុទុម និងកន្លែងផ្សេងៗទៀតជាដើម។
ស្រីពេជ្រ៖ តើយើងអាចបរិច្ចាគអ្វីបានខ្លះក្នុងធុងសហគមន៍ចល័ត?
ហួងហាវ៖ ធុងសហគមន៍ចល័តដែលមានទីតាំង ១០ កន្លែងធំៗនឹង គឺយើងអាចបរិច្ចាគជារបស់ក្ដៅដូចជាបាយកញ្ចប់ដូចជាម្ហូបអាហារផ្សេងៗ ភាគច្រើនពួកគាត់ក៏អាចបរិច្ចាគជាមីត្រីខ និងអាចបរិច្ចាកជារបស់របរផ្សេងៗទៀតដែលអាចបរិភោគដូចជាគាត់បរិច្ចាគជានំកញ្ចប់នំប៉័ងអីក៏មានដែរ កុំឲ្យតែរបស់នឹងមានសភាពខូចខាតឬមានក្លិនស្អុយឬក៏ហួសថ្ងៃកំណត់ គឺមិនអាចបរិច្ចាគក្នុងធុងសហគមន៍ចល័តបានទេ។ ហើយមួយរយៈក្រោយនេះមានបងប្អូនជាច្រើននាក់ដែលគាត់នៅតាមខេត្តដូចនៅសៀមរាប កំពង់សោម អ្នកខ្លះគាត់ផ្ញើជាខោអាវផ្សេងៗជាច្រើនដើម្បីចែកជូនអ្នកនៅតាមដងផ្លូវមានទាំងខោអាវប្រុសខោអាវស្រី។
ស្រីពេជ្រ៖ តើគម្រោង Local4local នឹងមានបង្កើតជាគម្រោងអ្វីបន្ថែមទៀតទេនៅថ្ងៃអនាគត?
ហួងហាវ៖ នៅពេលអនាគតទៅគម្រោង Local4local ចង់ពង្រីកបន្ថែមទៀត ដែលយើងមានគម្រោងប្រាំ។ ទីមួយគឺយើងមានគម្រោង ពង្រីកធុងសហគមន៍ចល័តទៅតាមកន្លែងផ្សេងៗទៀតនៅរាជធានីភ្នំពេញ បើមានការគាំទ្រពីបងប្អូនតាមរយៈការរៃអង្គាស និងថវិកាផ្សេងៗទៀតដើម្បីបន្តគម្រោងនឹង ហើយក៏មានគម្រោងបន្តធ្វើនៅតាមខេត្តនានាដូចជាសៀមរាបអីនឹង។ ហើយពួកគាត់នៅខេត្តក៏បានសួរមកខ្ញំថាទៅខេត្តគាត់ថ្ងៃណា ហើយខ្ញុំប្រាប់គាត់ដែរព្រោះស៊ីក្លូឥឡូវមានតែនៅភ្នំពេញទេ ហើយបើថាទៅខេត្តខ្ញុំបានផ្ដល់យោបល់មួយទៅគាត់ថា បើសិនជាយើងធ្វើធុងសហគមន៍ចល័តដែរប៉ុន្តែមិនមែនលើស៊ីក្លូគឺនៅលើរ៉ឺម៉កអីចឹងទៅ ដែលគោលដៅយើងគឺយើងចែករំលែកទៅដល់ពួកគាត់ដូចគ្នា។
ហើយគម្រោងទីពីរ គឺយើងសង្ឃឹមថានឹងមានស្ថានីយន៍ Local4local ដែលជាកន្លែងសម្រាប់ពួកគាត់អាចបរិច្ចាគបានមានទីកន្លែងច្បាស់លាស់ដើម្បីបរិច្ចាគជារបស់របរនិងគ្រឿងផ្សេងៗហើយអ្នកនៅតាមដងផ្លូវឬអ៊ំស៊ីក្លូអាចមកយករបស់របរនៅស្ថានីយ របស់ Local4local បាន។
ហើយគម្រោងទីបី គឺអាចមានជាការប្រកួតគំនូរផ្សេងៗដែលយើងបានរួមសហការជាមួយ Prudential Cambodia ដែលឥឡូនឹងគឺយើងមានពិព័រណ៍គំនូរស៊ីក្លូនាពេលអនាគត ហើយការប្រកួតនឹងគឺយើងមានគម្រោងខ្លះៗចង់ធ្វើស៊ីក្លូនាពេលអនាគតទាំងអស់នឹងទៅជាស៊ីក្លូមែនទែនដែលយើងអាចថាជាស៊ីក្លូអង្គុយ ឬក៏ស៊ីក្លូផ្សេងៗទៀត ហើយមានជាគំនិតច្នៃប្រឌិតមានជាគំនូរ ហើយមានសិល្បករសិល្បការិនីច្រើនមែនទែនដែលគាត់បានចូលរួមបញ្ចេញជាគំនិតជាយោបល់តាមរយៈគំនូររបស់គាត់គូរចេញជារូបរាង អាចធ្វើជារូបរាងពិតប្រាកដដែលមានដំណើរការនៅលើផ្លូវ។
ហើយគម្រោងទីបួន គឺយើងនឹងមានការពង្រីកក្រុមយុវជនស្ម័គ្រចិត្តដែលឥឡូវយើងមាន១២នាក់ យើងនឹងសង្ឃឹមថានឹងមានការចូលរួមជាច្រើនទៀត រួមនិងការធ្វើជាស៊ីក្លូ tours។ ការធ្វើជាស៊ីក្លូ tours ឧទាហរណ៍ថាជិះស៊ីក្លូទៅផឹកកាហ្វេ ជិះស៊ីក្លូទៅមើលពិព័រណ៍គំនូរឬសិក្ខាសាលាផ្សេងៗ ហើយការជិះស៊ីក្លូនឹងមិនមែនដូចដែលយើងជិះទៅមើលវិមានឯករាជ្យមើលវត្តភ្នំដដែលៗទេគឺយើងរកវិធីណាដើម្បីមានទាំងគំនិតថ្មីៗ ដែលជាការងារមួយជូនទៅដល់អ៊ំស៊ីក្លូ ព្រោះឥឡូវហ្នឹងមានចំនួនថយចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារកំណើននៃរ៉ឺម៉កធុកធុល ហើយយើងសង្ឃឹមថានឹងអាចផ្ដល់ការងារ និងប្រាក់ចំណូលជួយពួកគាត់បន្តទៅថ្ងៃអនាគតទៀត។
ហើយគម្រោងទីប្រាំ គឺជាគម្រោងមួយដែលខ្ញុំចង់ឲ្យក្រុមហ៊ុន Grab ឲ្យគាត់ដាក់បញ្ចូលស៊ីក្លូក្នុងកម្មវិធី Grabដែលមានឈ្មោះថា ក្រេបស៊ីក្លូ (Grab Cyclo) អីចឹងទៅអាចមានមធ្យោបាយមួយអាចផ្ដល់ជាការងារជូនដល់អ៊ំស៊ីក្លូ ហើយសម្រាប់អ្នកដែលចង់ជិះស៊ីក្លូពួកគេអាចមានមធ្យោបាយមួយសម្រាប់ហៅស៊ីក្លូជិះកម្សាន្តផ្សេងៗ ទាំងអស់នឹងគឺដូចគេនិយាយថាមិនត្រឹមតែឲ្យត្រីទៅពួកគាត់ទេ តែយើងឱ្យជាការងារមួយផ្ដល់ជាកម្រៃសម្រាប់ឲ្យពួកគាត់មានការងារធ្វើហើយជួយទ្រទ្រង់ទៅដល់ជីវភាពពួកគាត់ទៀត ហើយទាំងអស់នេះគឺជាគម្រោងធំៗទាំងប្រាំរបស់ Local4local។
ស្រីពេជ្រ៖ អរគុណសម្រាប់ការផ្តល់កិច្ចសម្ភាស។
ហួងហាវ៖ បាទអរគុណ៕