Newsroom Cambodia បានសម្ភាសន៍អ្នកស្រី សាក់ កន្និកា មន្រ្តីតស៊ូមតិផ្នែកសិល្បៈនៃអង្គការកម្មវិធីអភិវឌ្ឍន៍យុវជនហៅកាត់ថា YRDP។ អ្នកស្រីបានផ្ដល់បទសម្ភាសដល់សិក្ខាកាម Newsroom Cambodia លោក ស៊ុន លួត អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
Q: ជម្រាបសួរអ្នកស្រី,
A: ចា៎! ជម្រាបសួរ។
Q: ខ្ញុំសូមសួរអ្នកស្រីថា តើអ្វីទៅជាប្រព័ន្ធផ្សព្វផ្សាយ?
A: សម្រាប់ខ្ញុំ ប្រព័ន្ធផ្សព្វផ្សាយបើហៅជាភាសាអង់គ្លេស (Media) គឺជាច្រក ឬកម្មវិធីផ្សេងៗនៃពត៌មាន កម្មវិធីកម្សាន្ដ ការធ្វើទីផ្សារ ឬមាតិកាផ្សេងៗទៀតត្រូវបានចែកចាយ ដូចជាទស្សនាវដ្ដី កាសែត និងផ្ទាំងបដាជាដើម ដោយសារតែសម័យទំនើបប្រព័ន្ធផ្សព្វផ្សាយ បានផ្លាស់ប្ដូរពីវិទ្យុ និងទូរទស្សន៍មកលើ អ៊ីនធឺណិត ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដូចជាហ្វេសប៊ុកដើម្បីចែកចាយគំនិតផ្សេង។
Q: អ្នកស្រី តើអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយមានប៉ុន្មានភាគរយដែរ?
A: តាមការសិក្សាកន្លងមក អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានប្រមាណជា៩០% នៃអ្នកប្រើទាំងក្មេងជំទង់ និងវ័យចំណាស់។
Q: អ្នកស្រីតើប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គមវាមានលក្ខណ: ដូចគ្នាឬក៏ខុសគ្នាដែរ?
A: បើនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមវាខុសគ្នា។ សម្រាប់អ្វីដែលខ្ញុំមើលឃើញ ប្រព័ន្ធផ្សព្វផ្សាយគឺសំដៅទៅលើការទាក់ទងជាមួយនឹងហ្វេសប៊ុក ទូរទស្សន៍ ឬវិទ្យុ ឬក៏កម្មវិធីផ្សព្វផ្សាយមួយចំនួន។ ប៉ុន្ដែបើនិយាយពីប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្ញុំមើលឃើញថាវាជាប្រភេទវែបសាយមួយចំនួន ឬក៏កម្មវិធីដែលធ្វើឱ្យយើងបង្កើតមាតិការ ឬក៏កម្មវិធីអីសម្រាប់ធ្វើការចែករំលែកព័ត៌មាន ឬក៏ចំណេះដឹង និងទស្សន:អីផ្សេងជាដើម។ នេះជាការយល់ឃើញរបស់ខ្ញុំ។
Q: តើអ្នកស្រីយល់យ៉ាងណាដែរចំពោះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា?
A: សម្រាប់ការយល់ឃើញរបស់ខ្ញុំចំពោះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ យើងមើលឃើញថាហាក់បីដូចជាមានសក្កានុពល ឬក៏មានឥទ្ធិពលខ្លាំងទៅលើប្រជាពលរដ្ឋ ឬយុវជននៅកម្ពុជា ដោយសារតែបរិបទនៃជំងឺកូវីដ-១៩ផងនោះ មិនថាទាំងការរៀន និងការទំនាក់ទំនងការងារ ភាគច្រើនគឺប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធទំនាក់ទំនងសង្គមជាចម្បង។
Q: អ្នកស្រីគិតថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពល្អប្រសើរហើយឬនៅ?
A: បើនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាខ្ញុំមើលឃើញថានៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ ព្រោះការដើរឱ្យទាន់ភាពជឿនលឿននៃបច្ចេកវិទ្យា ឬក៏ប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមនៅក្នុងប្រទេសកម្ពុជារបស់យើងនៅមានកម្រិត ជាពិសេសគឺខ្វះខាតទាក់ទងនៃក្រមសីលធម៌នៃការប្រើប្រាស់ពិត។
Q: តើលោកស្រីគិតមកដល់បច្ចុប្បន្នការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមានផលប៉ះពាល់ដល់យុវជនខ្លាំងដែរទេ?
A: ពិតណាស់ទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន វាពិតជាមានផលប៉ះពាល់ខ្លាំងមែនទែនសម្រាប់យុវជន។ យើងមើលឃើញថានៅលើបណ្ដាញទំនាក់ទំនងសង្គមមានការចែករំលែកគ្រប់រូបភាព មិនថាទាំងចំណេះដឹង មិនថាជាការបំពុល តាមរយៈការផ្សព្វផ្សាយផលិតផល ការចែករំលែករូបភាពអាសអាភាស ក៏ដូចជាសារមួយចំនួនដែលពោរពេញទៅដោយហិង្សារផងដែរ។ ការសាបព្រួសនូវព័ត៌មានដែលមិនពិត ក៏ជាការរួមចំណែកបង្កឱ្យមានភាពវិលវល់ក្នុងការទទួលយកនូវចំណេះដឹងដែលមានភាពមិនប្រាកដប្រជា ឬក៏ភាពមិនត្រឹមត្រូវសម្រាប់ខ្លួនគាត់។
ពេលខ្លះយុវជនពិបាកនូវក្នុងការបែងចែកថា តើព័ត៌មានមួយណាដែលត្រឹមត្រូវ ឬមិនត្រឹមត្រូវសម្រាប់ពួកគាត់យកជាអំណេះអំណាង ឬក៏ទុកចិត្តបាន ហើយស្ថានភាពមួយវិញទៀត ការបំពុលតាមរយៈរូបភាពអវិជ្ជមាន និងសារហិង្សារ ឬក៏រូបភាពអាសអាភាសមួយចំនួនបានធ្វើឱ្យយុវជនក្លាយទៅជាក្រុមមួយដែលវង្វេងជាមួយនឹងភាពភ្លើតភ្លើន និងការសប្បាយអត់សូវខ្វល់ពីប្រទេសជាតិ ឬក៏ដូចជាប្រយោជន៍រួមសម្រាប់សង្គមខ្លួនឯង ហើយយើងឃើញថាផលទាំងអស់នោះដែលកើតឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងតែមានឥទ្ធិពលនៅពេលបច្ចុប្បន្ននេះ។
Q: សម្រាប់លោកស្រីផ្ទាល់ តើមានយន្ដការបែបណាខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ?
A: សម្រាប់ខ្ញុំយល់ឃើញថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវមានការចូលរួមចំណែកគ្រប់គ្នា ជាពិសេសភាគីដែលពាក់ព័ន្ធជាអាទិ៍យើងឃើញថា មានក្រសួងព័ត៌មាន ក្រុមអ្នកសារព័ត៍មាន ឬក៏ស្ថាប័នសារព័ត៌មានដែលធ្វើការទាក់ទងជាមួយវិស័យសារព័ត៌មាន គួរចូលរួមនូវការបណ្ដុះនៃក្រមសីលធម៌វិជ្ជាជីវៈទៅកាន់អ្នកសារព័ត៌មានអ្នកផ្សព្វផ្សាយ។
អ្នកប្រើប្រាស់ក្នុងនោះក៏ត្រូវតែរួមចំណែកការគ្រប់គ្រងទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលចែករំលែកនូវព័ត៌មានមិនពិត ឬក៏រូបភាពដែលប៉ះពាល់ទៅដល់ក្រមសីលធម៌ និងវិជ្ជាជីវៈ ឬក៏ប៉ះពាល់ទៅដល់សតិរបស់យុវជន ឬកុមារនោះគួរតែមានការអន្ដរាគមន៍ទៅបញ្ហាទាំងអស់នេះ។
បើនិយាយអំពីតួនាទីរបស់ប្រជាពលរដ្ឋវិញ ក្នុងនាមយើងជាយុវជន ឬក៏ក្នុងនាមយើងជាពលរដ្ឋសកម្ម គប្បីឱ្យដឹងឱ្យស្គាល់តើអ្វីទៅជាព័ត៌មានពិត ឬព័ត៌មានមិនពិត ហើយជៀសវាងនូវក្នុងការដែរចែករំលែកនូវព័ត៌មានដែលមិនពិតតៗគ្នា ឬក៏ព័ត៌មានដែលមានបង្កប់នូវរូបភាពហិង្សា ព្រោះវាបានជះឥទ្ធិពលដល់មិត្តរបស់យើងក្នុងសង្គមនៅពេលដែលគាត់បានឃើញរូបភាពទាំងអស់នោះ វាដក់ជាប់នូវរូបភាពហិង្សា និងចំណេះដែលមិនពិតហ្នឹងទៅកាន់ពួកគាត់។
Q: លោកស្រីមានអនុសាសន៍អ្វីដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពប្រសើរឡើង?
A: សម្រាប់ខ្ញុំ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ ទីមួយត្រូវចេញពីខ្លួនយើងម្នាក់ៗ ត្រូវចេះប្រើប្រាស់ឱ្យបានត្រឹមត្រូវ កុំចេះតែបង្ហោះរូបភាពណាមួយដែលមិនល្អ ឬព័ត៌មានណាដែលមិនពិតចេញទៅតាមប្រព័ន្ធផ្សព្វផ្សាយទេ។ យើងត្រូវបង្ហោះពាក់ព័ន្ធទៅនឹងចំណេះដឹងល្អៗពាក់ព័ន្ធទៅនឹងសង្គមជាតិ មួយទៀតខ្ញុំគិតថា គឺពាក់ព័ន្ធទៅនឹងច្បាប់ ប្រសិនបើបុគ្គលណាមួយដែលប្រើប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យបំពុលសង្គម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នេះជាគំនិតខ្ញុំ។
Q: បាទ! អគុណអ្នកស្រីកន្និកា។
A: ចា៎! អរគុណ៕