ឥទ្ធិពលនៃបច្ចេកវិទ្យាក្នុងវិស័យហ្គេមនៅតែបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងសម័យកូវីដនេះ។ វាបូកផ្សំការផ្សព្វផ្សាយហ្គេមច្រើនហួសហេតុ និងគ្មានច្បាប់កំណត់ចំពោះហ្គេមអនឡាញឲ្យបានច្បាស់លាស់។ ចំពោះទស្សនៈរបស់ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងហ្គេមទូរស័ព្ទ កុំព្យូទ័រ និងវីដេអូបានកើនឡើងជាលំដាប់ ដែលធ្វើឲ្យមនុស្សជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះឥទ្ធិពលមួយនេះ ។
ហ្គេមអនឡាញគឺបានក្លាយទៅជាសកម្មភាពកម្សាន្តច្រើនបំផុតរបស់ក្មេងៗនៅពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ក្មេងៗភាគច្រើនបានកាត់បន្ថយធ្វើសកម្មភាពក្រៅផ្ទះ ឬទៅលេងនៅខាងក្រៅច្រើន ដែលធ្វើឲ្យក្មេងៗចំណាយពេលភាគច្រើនរបស់ពួកគេលេងហ្គេមអនឡាញ។
ហ្គេមអនឡាញប្រាកដជាមានឥទ្ធិពលតិច និងច្រើនលើចិត្តរបស់កុមារទៅតាមការលេងរបស់ពួកគេ។ ក្មេងបានកាត់បន្ថយការសកម្មភាពផ្សេងៗ ឬគេចចេញពីឪពុកម្តាយ ឬមួយក៏អាចគេចចេញពីមជ្ឈដ្ឋានខាងក្រៅដើម្បីបានលេងហ្គេមរបស់ពួកគេ វាបានជះឥទ្ធិពលដល់ផ្លូវចិត្តកុមារផងដែរ។
យ៉ាងណាមិញ ហ្គេមខ្លះនាំឲ្យក្មេងមានអាកប្បកិរិយាឆេវឆាវ ខ្លះទៀតធ្វើឲ្យពួកគេមានគំនិតឆេវឆាវ ធ្លាក់ទឹកចិត្ត និងមិននិយាយស្ដី ការកម្សាន្តដែលមិនចេះគិត ធ្វើឲ្យក្មេងលេងច្រើនហួសហេតុ ភ្លេចបាយភ្លេចទឹក និងរចនាបែបស៊ិចស៊ីរំជើបរំជួលដល់ផ្លូវអារម្មណ៍កុមារ។
កុមារដែលលេងហ្គេមអាចនឹងបង្កជាហិង្សាបាន និងអាចមានអារម្មណ៍រំជើបរំជួលកើនឡើងនៃហ្គេមមួយចំនួន និងការថយចុះនៃសកម្មភាពខួរក្បាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងខ្លួនឯង ម្ញូបភ្នែក និងបាត់បង់ការផ្ដោតអារម្មណ៍ជាដើម៕