កុមារីឈ្មោះនាង សម្បុរស្រអែមអង្គុយបត់ជើងលើស្មៅ ដៃកាន់កញ្រ្ចែញពោរពេញទៅដោយផ្លែចំបក់ក្បែរកង់សំណព្វរបស់ខ្លួនទាំងទឹកមុខអស់សង្ឃឹម ខណៈរងចាំភ្ញៀវទេសចរនាចំណតរថយន្តនៅខាងមុខប្រាសាទអង្គរវត្ត។

កុមារីនាង មានអាយុ ១៤ឆ្នាំ ហើយកំពុងជួយគ្រួសាររបស់នាងដែលជួបវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។ នាងជាក្មេងម្នាក់ក្នុងចំណោមក្មេងតូចៗប្រមាណ ២០នាក់ ដែលលក់ឥវ៉ាន់ដល់ភ្ញៀវទេសចរក្នុងតំបន់អង្គរវត្ត បើទោះជាមានហាមឃាត់ដោយអាជ្ញាធរអប្សរាក៏ដោយ។ ម្ដាយ​របស់​នាង​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ឪពុក​របស់​នាង​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ឆ្នាំ​មកហើយ។

កុមារីនាង

កុមារីនាង ​ដែល​ត្រូវ​បានដាក់ឈ្មោះតែមួយម៉ាត់ក្នុងអត្ថបទនេះ​ដើម្បី​ការពារ​អត្តសញ្ញាណ​គាត់។ ​នាងមាន​បងប្អូន​បី​នាក់ បងប្រុស​​របស់​នាង​បាន​រៀបការ​ហើយ​បាន​ផ្លាស់​ចេញពី​គ្រួសារ​។ ប្អូន​ប្រុស​ម្នាក់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប​ជាង​មួយ​ឆ្នាំ​ហើយ​ជុំវិញ​ការ​វាយ​តប់​គ្នា​មួយ​។

ដោយសារការលក់វត្ថុអនុស្សាវរីយ៍នៅអង្គរត្រូវបានហាមឃាត់ កុមារត្រូវបង្ខំចិត្តលក់ ផលិតផលរបស់ពួកគេដោយលាក់នៅក្នុងថង់ប្លាស្ទិកខ្មៅ។ បើ​ឆ្មាំ​អាជ្ញាធរ​អប្សរា​ចាប់​បាន​ ឥវ៉ាន់នឹង​ត្រូវ​រឹបអូស។

ជីវិតគឺមានការលំបាកសម្រាប់កុមារដែលលក់នៅអង្គរ ខណៈដែលពួកគេព្យាយាមលៃពេលនៃការកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេជាមួយនឹងការទៅសាលារៀន។ ពួកគេលកឥវ៉ាន់់ដូចជាវត្ថុអនុស្សាវរីយ៍ អាហារ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ។ បើ​រៀន​ពេល​ល្ងាច គេ​លក់​ពេល​ព្រឹក។

កុមារីនាង បាននិយាយថា៖ «ពេលដល់ម៉ោងចេញទៅផ្ទះខ្ញុំប្រញាប់ជិះទៅផ្ទះ ហើយផ្លាស់ប្តូរសម្លៀកបំពាក់ និងជិះមកលក់នៅម្ដុំមុខអង្គរវិញរហូតដល់ម៉ោងប្រាំល្ងាច»។

ក្នុង​ពេល​បិទ​ក្រុង​សៀមរាប កុមារីនាង​មិន​អាច​លក់​នៅ​អង្គរ​បាន​ទេ។ ផ្ទុយទៅវិញ នាងបានបេះផ្សិតទៅលក់នៅក្នុងភូមិរបស់នាង។

កុមារី​ជា​អតីត​អ្នក​រើស​អេតចាយ​នៅ​អង្គរ ហើយ​បានចាប់​ផ្តើម​លក់​គ្រាប់​ចំបក់​នៅ​អាយុ ៧ឆ្នាំ។ នាង​ជា​សិស្ស​ថ្នាក់​ទី​៥ នៅ​ចំពេល​សាលា​របស់​នាង​ត្រូវ​បិទ​ទ្វារ​ដោយសារ​វិបត្តិ​កូវីដ-១៩។

«ដើម្បីរៀនអនឡាញបានយ៉ាងហោចណាស់ក៏ត្រូវមានទូរស័ព្ទស្មាតហ្វូនមួយគ្រឿងដែរ តែគ្រួសារខ្ញុំក្រហើយម៉ែប្រើទូរស័ព្ទអិនចុចពិលហ្នឹង»។

អ្នកផ្ទះកុមារីរូបនេះមិនមានទូរស័ព្ទទំនើប ដូចនេះនាងមិនអាចរៀនតាមប្រព័ន្ធអនឡាញបានដូចក្មេងដទៃនោះទេ។ បើគិតមកទល់ពេលនេះប្រមាណជាងពីរឆ្នាំហើយ ប្អូនស្រីនៅតែរៀនថ្នាក់ទី៥ដដែល មិនអាចឡើងថ្នាក់បានដូចគេឡើយ ខណៈពេលដែលមិត្តរួមថ្នាក់ផ្សេងទៀតនឹងត្រូវឡើងថ្នាក់ទី៧ក្នុងពេលឆាប់ៗនេះ។

សាលារបស់នាងត្រូវបានបើកឲ្យចូលរៀនវិញនៅកំឡុងខែតុលា ហើយកុមារីត្រូវចំណាយពេល ៤០នាទីធ្វើដំណើរទៅសាលាដោយជិះកង់។

កុមារីរូបនេះបានបន្តថា៖ «ទោះបីខ្ញុំរៀនមិនពូកែដូចគេ ប៉ុន្តែខ្ញុំមិនដែលមានចិត្តគិតថាចង់បោះបង់ការសិក្សាឡើយ។ កាលរៀនថ្នាក់ទី២ ខ្ញុំធ្លាប់ត្រួតថ្នាក់ម្ដងដោយសារមិនបានទៅប្រឡងឆមាស»។

កុមារីបានរំលឹកថាការត្រួតថ្នាក់នោះ ដោយសារតែមិនបានទៅប្រឡងឆមាសព្រោះថ្ងៃប្រឡងត្រូវជាថ្ងៃបុណ្យសពឪពុកខ្លួន។

ស្រដៀងគ្នានេះដែរ កុមារីនាថ អាយុ ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ ដែលគ្រួសាររបស់នាងមានជីវភាពលំបាក តែទោះបីជាយ៉ាងណាក្តីកុមារីរូបនេះនៅតែស្រឡាញ់ការសិក្សា និងមានក្តីសង្ឃឹមចង់បន្តរៀនរហូតដល់ចប់។ 

នាថក៏ត្រូវបានដាក់ឈ្មោះតែមួយម៉ាត់ក្នុងអត្ថបទនេះ​ផងដែរដើម្បី​ការពារ​អត្តសញ្ញាណ​គាត់។ ក្រៅពីការសិក្សា នាថតែងដើរលក់ខ្សែដៃអង្កាំដែលនាងទិញអង្កាំពីគេរួចយកមកចាក់ដោយខ្លួនឯង។ កុមារីរូបនេះដើរលក់ខ្សែដៃតាំងពីឆ្នាំ២០១៦ តាំងពីគេមិនទាន់រៀបចំទីតាំងមុខអង្គរឲ្យបានរៀបរយ  មិនទាន់ដាំដើមឈើនៅមុនផ្លូវចូលអង្គរមកម្លេះ។

កុមារីនាថ និងម្តាយ

នាងបាននិយាយថា៖ «កាលគេបិទខ្ទប់តំបន់ក្រហមមិនឱ្យចេញមកក្រៅបានខ្ញុំមិនអាចលក់ដូរបានដូចរាល់ដងទេ  តែខ្ញុំនៅផ្ទះអានសៀវភៅនិងស្វ័យសិក្សា»។

នាថបានរៀបរាប់អំពីជីវិតបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ ដោយសារតែរំជួលចិត្តនឹកអាណិតដល់ម្ដាយដែលរមែងត្រូវឪពុកនាងប្រើអំពើហិង្សា។ លើសពីនេះទៅទៀត ក្នុងគ្រួសារមានភាពមិនចុះសម្រុងគ្នា ឪពុកធ្លាប់លើកដៃចង់វ៉ៃព្រមទាំងប្រើពាក្យសំដីខ្លាំងៗគំហកដាក់នាងទៀតផង។

ម្ដាយកុមារីនាថ អាយុ ៤៨ឆ្នាំ  ហើយក្នុងសំលៀកបំពាក់អាវពណ៌បៃតងមានតួនាទីជាអ្នកបោសសំអាតនៅតំបន់អង្គរ។

អ្នកស្រីបានពោលថា៖  «ខាងអាជ្ញាធរអប្សរាគេបានហាមមិនអោយក្មេងៗលក់ដូរយូរណាស់ហើយ  ការលក់របស់កូនខ្ញុំនេះគឺលក់ដោយការលួចលាក់ទេ  គេមិនឱ្យក្មេងៗលក់នោះទេ តែសម្រាប់មនុស្សធំដែលមានតូបលក់ គឺគេរៀបកន្លែងសម្រាប់ឱ្យលក់»។

អ្នកស្រីបាននិយាយទៅកាន់កូនគាត់ថា «ប្រសិនជាខាងអាជ្ញាធរអប្សរាគេចាប់  កូនឯងប្រាប់គេទៅពូអើយ! ខ្ញុំលក់នេះគឺដើម្បីយកលុយទៅរៀនទេពូ»។

អ្នកស្រីធ្វើការបានប្រាក់ត្រឹមតែ ១៣០ដុល្លារក្នុងមួយខែ។ ពីរនាក់ម្ដាយកូននៅពេលខ្វះខាត គឺខ្ចីបុលគេ ហើយនៅពេលបើកលុយក៏សងគេវិញទៅ។  បច្ចុប្បន្ននេះគាត់លក់ដូរមួយថ្ងៃកាត់មួយថ្ងៃកោរ លក់ដាច់បំផុតបាន ២ម៉ឺនរៀលទៅ ៤ម៉ឺនរៀល ហើយលុយដែលកូនគាត់លក់បានគាត់យកមកទុកចាត់ចែងនិងឱ្យកូនទៅរៀន។

លោកឡុង​ កុសល​ ​អ្នក​​នាំ​ពាក្យអាជ្ញា​ធរ​ជាតិ​អប្សារា​​​បាននិយាយថាមិនមានកូនក្មេងលក់នៅតំបន់អង្គរនោះទេ។

«ក្នុង​ពេល​បច្ចុ​ប្បន្ន​មិន​​មាន​ទេ​​ក្មេង​​ៗ​ដែល​លក់​របស់​វត្ថុ​អនុ​ស្សាវ​រី​យ៍​រញ៉េរញ៉ៃ​អី​ហ្នឹង​ទេ ខ្ញុំ​និយាយ​នៅ​​​ក្នុង​តំ​បន់​អង្គរ យើង​ត្រូវ​​ដឹង​ថា​កុមារ​​មាន​ភារ​​​កិច្ច​ត្រូវ​ការ​​រៀន​សូត្រ​»។​

ដោយ​​មិនសំ​ដៅ​​លើ​​​កុមារ​​ លោកបាននិយាយថា​អ្នក​លក់​គ្រប់​ប្រ​ភេទ​​ និង​គ្រប់​វ័យ​ដែល​​លក់​រញ៉េ​​រញ៉ៃ​​បង្កផល​​លំ​បាក​ និង​បង្កើ​ត​​អ​នា​​ធិ​ប​តេ​​យ្យ​​ដែលមើល​ទៅ​ជា​រូប​ភាព​អា​ក្រក់ ​ជា​ពិ​សេស​វា​បង្កើត​​​នូវ​អា​រម្មណ៏​​ធុញ​ថប់​ទៅ​ដល់​ភ្ញៀវ​ទេស​ចរណ៍​ទាំ​ង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្ត​រ​ជាតិ។

លោកបានលើកឡើងថាវាជាកង្វះការយល់ដឹងរបស់ឳពុកម្តាយ ឬអាណាព្យាបាលដែលបណ្តោយឱ្យកុមារទាំងនោះមកលក់ដូរដើម្បីក្តោបក្ដាប់ឱកាសរកផលចំណេញមិនសូវយកចិត្តទុកដាក់លើការសិក្សា ដែលបណ្ដាលឱ្យប៉ះពាល់ដល់អនាគតកុមារទាំងនោះទៅវិញទេ។

លោកឡុង​ កុសល បានបន្តថា៖ «សម្រាប់​យើង​​​លើក​ទឹក​ចិត្ត​គាត់​ឱ្យ​ទៅ​បន្ត​​ការ​រៀន​សូត្រ​ ពី​ព្រោះ​កន្លង​មក​ខាង​អា​ជ្ញា​ធ​ជាតិ​អប្សារា​បាន​អ​នុ​វត្ត​ហើយ​នូវ​កិច្ច​ការ​ងារ​ពង្រឹង​ចំ​ណេះ​ដឹង​របស់​ពួក​គាត់​តាម​រយៈការ​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​ងាក​ត្រ​ឡប់​ទៅ​រក​ការ​សិក្សា»។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តបានដឹងអំពីរឿងនេះហើយក៏ធ្លាប់សម្របសម្រួលផងដែរ តែនេះគឺជាសិទ្ធ និងកិច្ចការការពាររបស់អាជ្ញាធរជាតិអប្សរាទេ។

លោកបានមានប្រសាសន៍ថា៖ «រឿងនេះ គឺជាការសម្រេចរបស់អាជ្ញាធរជាតិអប្សរា» ។

អភិបាលរងខេត្តសៀមរាប លោកលី សំរិទ្ធ បាននិយាយថាការងារនេះ ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ហើយមកទល់ពេលនេះពុំទាន់មានវិធានការ ឬក៏ជាជំនួយអ្វីដល់ក្មេងៗលក់វត្ថុអនុស្សាវរីយ៍ទាំងនោះឡើយ៕