អាជីវករ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ផ្សារចាស់​បាន​អះអាង​ថា​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​យឺត​ជា​រៀងរាល់ថ្ងៃ​ធ្វើឲ្យ​មានការ​ស្ទះផ្លូវ​ និង​ជះក្លិន​ស្អុយ​ ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​។

 អាជីវករ​នៅ​ផ្សារចាស់​ និង​អ្នក​រស់នៅ​ក្បែរ​នោះ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ទៅកាន់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​ទៀងទាត់​ដើម្បីកុំឲ្យ​គំនរសំរាម​កាន់តែ​ធំ​ ដែល​បង្ក​ឲ្យ​ស្ទះផ្លូវ​ ស្ទះលូ​ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​។

អាជីវករ​ម្នាក់​ជា​អ្នកលក់​គ្រឿងបន្លាស់​ម៉ូតូ​ និង​កូន​សោរ​ផ្សេង​ៗ លោក​ ប៉េង​ ឈៀង​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​គំនរសំរាម​នៅ​លើ​ ផ្លូវ​លេខ១០៨​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ កាន់តែ​ធំ​ឡើង​ៗដោយសារតែ​ការ​មក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ ស៊ីន​ទ្រី​ មិនទាន់ពេល​វេលា​។ បញ្ហា​នេះ​ធ្វើឲ្យ​ប៉ះពាល់​ការ​ប្រកបរបរ​ប្រចាំថ្ងៃ​របស់​លោក​ និង​សុខភាព​ផង​ដែរ​។

 លោក​ ប៉េង​ ឈៀង​ បាន​និយាយ​ថា​៖ «បើ​និយាយ​ពី​ពិភព​សំរាម​ដូចជា​នរក​ហើយ​ឥលូវ​ស្អុយ​កង្វក់​ក្លិន​ជះ​មក​ពេល​ខ្យល់​មក​ម្ដង​ៗ។ប៉ះពាល់​ដល់​សុខភាព​ឡើង៩០​%ប៉ិន​មិនដឹង​ដោះស្រាយ​យ៉ាង​មិច​។ ក្រុមហ៊ុន​ស៊ីន​ទ្រី​មិនសូវ​រវល់​ផង​មោ​យក​សំរាម​ដូច​ម្សិលមិញ​ម៉ោង១០ជួន​ម៉ោង១១ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​គេ​មិន​សប្បាយចិត្ត​»។ អាជីវករ​ម្នាក់ទៀត​លក់​ភេសជ្ជៈ​ គឺ​អ្នកស្រី​ ស្រី​ថន​ បាន​និយាយ​ថា​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ប្រមូល​សំរាម​រាល់ថ្ងៃ​ ប៉ុន្តែ​មានការ​យឺតយ៉ាវ​។ ​អ្នកស្រី​ថា​ ប្រជាពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងទៀត​ក៏បាន​យក​សំរាម​មក​ចោល​នៅ​គំនរសំរាម​ក្បែរ​ផ្សារ​ដែល​ធ្វើឲ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ និង​ប្រមូល​មិនទាន់​ ដែល​បង្ក​ឲ្យ​ស្ទះលូ​ពេល​មាន​ភ្លៀង​ និង​មាន​ក្លិនស្អុយ​។

អ្នកស្រី​ ស្រី​ថន​ និយាយ​ថា​៖ «សំរាម​មិនមែន​ថា​ស៊ីន​ទ្រី​គេ​មិន​មក​យក​នោះ​ទេ​ គេ​មក​យក​ដែរ​តែ​វា​ច្រើន​យក​មិនទាន់​។ សំរាម​មក​ពី​ទូទៅ​មក​ពី​ជុំវិញ​ប្រមូល​ពី​ណាៗ​មក​ដាក់​កន្លែង​ហ្នឹង​។ សំខាន់​លូ​ក៏​វា​ស្ទះ​វា​ក៏​ធ្វើឲ្យ​ទឹក​វា​ស្អុយ​សំរាម​ក៏​វា​ច្រើន​វា​ជះក្លិន​។ ឡាន​គេ​មក​យក​ទាំងអស់​បី​ពេលព្រឹក​ ថ្ងៃ​ យប់​ បើ​ពេលខ្លះ​គ្នា​យក​មិនទាន់​យក​ថែម​បន្តបន្ទាប់​»។

ស្រ្តី​វ័យ​ចំណាស់​ម្នាក់​អាយុ៥០ឆ្នាំ​ ដែល​ជា​ប្រជាជន​រស់នៅ​សង្កាត់​វត្តភ្នំ​ផ្ទាល់​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា​ការ​ប្រមូល​សំរាម​មិន​ទៀងទាត់​ដោយសារ​កង្វះ​ការ​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ អ្នកស្រី​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ធ្លាប់​ស្នើ​ទៅកាន់​អាជ្ញាធរ​ ភូមិ​ និង​ឃុំ​ឲ្យ​ជួយ​អន្តរា​គន៍​ប្រមូល​សំរាម​ឲ្យ​ទាន់ពេល​ និង​លាង​សម្អាត​កន្លែង​នោះ​ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ល្អ​នោះ​ទេ​។

គំនរសំរាមធំមួយដែលស្ថិតនៅលើផ្លូវ១០៨ ជិតផ្សារចាស់ ភ្នំពេញ ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៩ (ថតដោយៈ ប៉ាន់ បូរិន)

ចៅសង្កាត់​វត្តភ្នំ​ លោក​ ហៅ​ ស៊ី​និ​ត បាន​មានប្រសាសន៍​ថា​លោក​ជាប់រវល់​ ហើយ​ពុំ​អាច​ផ្តល់​បទ​សម្ភាស​បាន​នោះ​ទេ​។ លោក​បាន​បង្វែរ​សំនួរ​ទៅកាន់​មន្ត្រី​សាលាសង្កាត់​របស់​លោក​វិញ​។

ស្រ្តី​ម្នាក់​អះអាង​ថា​ ជា​ជំនួយការ​ចៅសង្កាត់​វត្តភ្នំ​បាន​ប្រាប់​អ្នក​សារព័ត៌​តាម​ទូរសព្ទ​ថា​ បញ្ហា​គំនរសំរាម​ និង​អនាម័យ​ គឺ​កើតឡើង​ដោយសារ​ក្រុមហ៊ុន​ស៊ីន​ ទ្រី​ មិនបាន​លាង​សម្អាត​ឲ្យបាន​ស្អាត​ បន្ទាប់ពី​យក​សំរាម​ចេញ​។អ្នកស្រី​ មានប្រសាសន៍​ថា​៖ «សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​យក​សំរាម​ហើយ​គឺ​ឲ្យ​គាត់​លាង​ចេញ»​។

ប្រធាន​ផ្សារចាស់​ លោក​ យន់​ ច័ន្ទ​ណា​រ៉ា​ បាន​មានប្រសាសន៍​ថា​បញ្ហា​រគំនរសំរាម​នៅ​ក្បែរ​ផ្សារ​កើតមានឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​ទាមទារ​ដាក់​ធុងសំរាម​ធំ​សម្រាប់​ដាក់​សំរាម​នៅ​ទីនោះ​ ហើយ​ប្រជាពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងទៀត​ក៏​យក​មក​ចោល​ទីនោះ​ដែរ​។ លោក​ថា​ ក្រុមហ៊ុន​ស៊ីន​ទ្រី​មិនបាន​មក​យក​សំរាម​តាម​ពេលកំណត់​ដូចដែល​បាន​ដាក់​ក្នុង​លក្ខខណ្ឌ​ផ្សារ​ដូចដែល​ព្រមព្រៀង​។

លោក​មានប្រសាសន៍​ថា​៖​«បើ​ស៊ីន​ទ្រី​មក​សម្អាត​តាម​ការកំណត់​នោះ​មិន​បង្ក​រឲ្យ​មាន​សំរាម​កើនឡើង​ទេ​»។

ឆ្លើយតបទៅនឹង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗរបស់​អាជីវករ​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ ប្រធាន​គ្រប់គ្រង​សំរាម​ខណ្ឌដូនពេញ​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ លោ​កគឹម​ រ៉ា​ធី​ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃពុធ​ សប្តាហ៍​មុន​ ថា​លោក​បាន​ទទួលស្គាល់​កំហុស​ពី​បញ្ហា​ដែល​ទៅ​ប្រមូល​សំរាម​យឺតយ៉ាវ​ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការ​មក​ប្រមូល​សំរាម​យឺតយ៉ាវ​របស់​កម្មករ​ទេ​។

លោក​ រ៉ា​ធី​ បាន​និយាយ​ថា​៖ «សំរាម​ប្រមូល​ចន្លោះ​ពី​ម៉ោង២ទៅ៥​។ បាទ​ក្រុម​ខ្ញុំ​យក​សំរាម​ហើយ​ចប់​រឿង​។ លាង​សម្អាត​គឺជា​រឿង​របស់​អាជ្ញាធរ​។បើ​យើង​យក​ម៉ោង៥គ្រាន់​តែ​យឺត​ចឹង​តែបើ​អត់​ខ្ញុំ​អត់មាន​ទេ​»។

លោក​ រ៉ា​ធី​ ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហ​ការណ៍​ក៏​ដូច​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ ព្រមទាំង​ចោលសំរាម​តាម​ពេលកំណត់​។

 លោក​ រ៉ា​ធី​ បាន​និយាយ​ថា​៖ «សំណូមពរ​ចុងក្រោយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គោរព​ការ​បញ្ចេញ​សំរាម​ព្រោះ​ការ​បញ្ចេញ​សំរាម​គឺ​បាន​អា​ជា្ញ​ធរ​ផ្សព្វផ្សាយ​ហើយនិង​កុំ​យក​សំរាម​មក​ចោលមិនត្រូវ​ម៉ោង​ទៀត​ដែល​មើលឃើញ​ថា​សំរាម​មានការ​គរ​ឡើង​ដូចជា​ក្រុមហ៊ុន​សំរាម​មិនទាន់​មក​ប្រមូល​»។

ដោយសារ​ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​ គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី១០កុម្ភៈ​ ឆ្នាំ២០០១៥​ បាន​បញ្ជា​ឲ្យ​មានការ​សើរើ​កិច្ចសន្យា​នា​ឆ្នាំ២០០២របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ដែល​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រយៈពេល៤៩ឆ្នាំ​។ ឆ្លើយតប​នឹង​ការ​សើរើ​កិច្ចសន្យា​ លោក​ សេង​ សា​វី​ ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដោយ​បដិសេធ​ដែល​ថា​ក្រុមហ៊ុន​លោក​មិន​មាន​សមត្ថភាព​ប្រមូល​សំរាម​នៅក្នុង​ក្រុងភ្នំពេញ​ ហើយ​មិន​អាច​ទទួលយក​ការវាយតម្លៃ​របស់​គណៈរដ្ឋ​មន្ត្រី​បានទេ​។ លោក​ សា​វី​ ថា​ការ​ខ្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលាក្រុង​មិនទាន់​ដោះស្រាយ​នៅឡើយ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ក្នុង​ឆ្នាំ២០១៨​ បាន​ឲ្យដឹង​ថា​ សំណល់រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូតដល់​ ៣០០០តោន​ក្នុង​មួយថ្ងៃ​ ក្នុង​នោះ​ ៦៥​%ជា​ណល់​សើម​ ២០​%ជា​ថង់​ប្លា​ស្ទីក​ និង​ ជាង១០​%ជា​សំណល់រាវ​។