ខ្សែប្រយុទ្ធបាល់ទាត់ ចាន់ វឌ្ឍនាកា នៃក្លឹបបឹងកេតអេហ្វស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម កាលពីសប្តាហ៍មុន បន្ទាប់ពីរងរបួសជង្គង់ខាងឆ្វេង ក្នុងការប្រកួតជាមួយក្រុមណាហ្គាវើល។
អ្នកចាត់ការទូទៅ នៃក្លឹបបាល់ទាត់បឹងកេតអេហ្វស៊ី លោក បែ មករា បានមានប្រសាសន៍ថា កីឡាករ ចាន់ វឌ្ឍនាកា មានបញ្ហារបួសជង្គង់ខាងឆ្វេង ដោយប៉ះទង្គិចជាមួយកីឡាករណាហ្គាវើល ក្នុងជំនួបរវាងក្រុមបឹងកេតអេហ្វស៊ី ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នៅ។
លោក មករា បានមានប្រសាសន៍ថា ក្រុមគ្រួសាររបស់ វឌ្ឍនាកា បានបញ្ជូនលោក ទៅព្យាបាលរបួសនៅ ប្រទេសវៀតណាម បន្ទាប់ពីរងរបួស។ លោកថា វឌ្ឍនាកា ត្រូវការសម្រាកព្យាបាលរយៈពេល២ទៅ៣សប្តាហ៍ទើបអាចជាសះស្បើយពីរបួស។ លោក សង្ឃឹមថា វឌ្ឍនាកា នឹងអាចចូលហ្វឹកហាត់ក្នុងក្លឹបបឹងកេតវិញ ដើម្បីត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
លោក មករា មានប្រសាសន៍ថា៖ «សង្ឃឹមថា ស្ថានភាពរបួស វឌ្ឍនាកា នឹងអាចជាសះស្បើយ ១០០ភាគរយ ពេលបឹងកេត ប៉ះព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេច ហ៊ុន សែន នាដើមខែវិច្ឆិកា ខាងមុខ»។
លោក មករា បានបន្ថែមថា ក្រុមការងារ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានទៅសួរសុខទុក្ខ កីឡាករ វឌ្ឍនាកា នៅឯមន្ទីរពេទ្យនៃប្រទេសវៀតណាម។
អ្នកគាំទ្រក្រុមបាល់ទាត់កម្ពុជាម្នាក់ ឈ្មោះ ស៊ឹម សាន់ ជាសិស្ស បានសម្តែងការសោកស្តាយ និងព្រួយបារម្ភពីរបួស ចាន់ វឌ្ឍនាកា។
ស៊ឹម សាន់ និយាយថា៖ «ខ្ញុំចង់ឃើញកីឡាករ ចាន់ វឌ្ឍនកាឆាប់ជាសះស្បើយពីបញ្ហារបួលជង្គង់ខាងឆ្វេង»។
កីឡាករ ចាន់ វឌ្ឍនាកា បានសរសេរសារជូនពរខ្លួនឯងក្នុងបណ្តាញសង្គមទំនាក់ទំនង ហ្វេសប៊ុករបស់ខ្លួន ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យថា «គ្មានអ្វីក្រៅពីជូនពរខ្លួនឯង ហឹម»។
វឌ្ឍនាកា បានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងព្យាបាលមួយរយៈ។ ទោះជា យ៉ាងណា លោកមិនអាចចូលប្រកួតបានវិញនោះទេ។
កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកា បានចាប់ផ្តើមហ្វឹកហាត់នៅថ្នាលយុវជន ក្លឹបព្រះខ័នរាជ្យ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាកីឡាករឈុតធំរបស់ក្លឹបព្រះខ័នរាជ្យ។ បន្ទាប់មកផ្លាស់ប្តូរទៅក្លឹបចំការកៅស៊ូបឹងកេត។ កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកាបានធ្វើដំណើរទៅប្រកបអាជីប ក្លឹបបាល់ទាត់ Fugieda MYFC សិត្ថិក្នុងលីគលំដាប់ទី៣ជប៉ុន នៃប្រទេស ជប៉ុន ហើយក្រោយមក បានប្តូរទៅ ក្លឹប Pahong FA និង ក្លឹបបាល់ទាត់ PKNS FC ក្នុងក្របខណ្ឌលីគកំពូលនៃប្រទេសម៉ាឡេស៊ី។ កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកា មិនទទួលបានជោគជ័យលើការប្រកបអាជីបបាល់ទាត់នៅក្រៅប្រទេសឡើយ។