ខ្សែប្រយុទ្ធបាល់ទាត់ ចាន់ វឌ្ឍនាកា នៃក្លឹបបឹងកេតអេហ្វស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម កាលពីសប្តាហ៍មុន បន្ទាប់ពីរងរបួសជង្គង់ខាងឆ្វេង ក្នុងការប្រកួតជាមួយក្រុម​ណាហ្គា​វើ​ល។

អ្នកចាត់ការទូទៅ នៃក្លឹបបាល់ទាត់បឹងកេតអេហ្វស៊ី លោក បែ មករា បានមានប្រសាសន៍ថា កីឡាករ ចាន់ វឌ្ឍនាកា មានបញ្ហារបួសជង្គង់ខាងឆ្វេង ដោយប៉ះទង្គិច​ជាមួយ​កីឡាករ​ណាហ្គា​វើ​ល ​ក្នុងជំនួប​រវាង​ក្រុម​បឹងកេតអេហ្វស៊ី ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នៅ។

លោក មករា បានមានប្រសាសន៍ថា ក្រុមគ្រួសាររបស់​​ វឌ្ឍនាកា បានបញ្ជូនលោក ទៅព្យាបាលរបួសនៅ ប្រទេសវៀតណាម បន្ទាប់ពីរងរបួស។ លោកថា វឌ្ឍនាកា ត្រូវការសម្រាកព្យាបាលរយៈពេល២ទៅ៣សប្តាហ៍ទើបអាចជាសះស្បើយពីរបួស។​ លោក សង្ឃឹមថា វឌ្ឍនាកា នឹងអាចចូលហ្វឹកហាត់ក្នុងក្លឹបបឹងកេតវិញ ដើម្បីត្រៀមប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

លោក មករា មានប្រសាសន៍ថា៖ «សង្ឃឹមថា ស្ថានភាព​របួស វឌ្ឍនាកា នឹង​អាចជា​សះស្បើយ ​១០០​ភាគរយ ​ពេល​បឹងកេត ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ ​សម្តេច ហ៊ុន សែន នា​ដើមខែ​វិច្ឆិកា ខាងមុខ»។

លោក មករា បានបន្ថែមថា ក្រុមការងារ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានទៅសួរសុខទុក្ខ កីឡាករ វឌ្ឍនាកា នៅឯមន្ទីរពេទ្យនៃប្រទេសវៀតណាម។

អ្នកគាំទ្រក្រុមបាល់ទាត់កម្ពុជាម្នាក់ ឈ្មោះ ស៊ឹម សាន់ ជាសិស្ស បានសម្តែងការសោកស្តាយ និងព្រួយបារម្ភពីរបួស ចាន់ វឌ្ឍនាកា។​

ស៊ឹម សាន់ និយាយថា៖ «ខ្ញុំចង់ឃើញកីឡាករ ចាន់ វឌ្ឍនកាឆាប់ជាសះស្បើយពីបញ្ហារបួលជង្គង់ខាងឆ្វេង»។

កីឡាករ ចាន់ វឌ្ឍនាកា​ បានសរសេរ​សារជូនពរខ្លួនឯង​ក្នុងបណ្តាញសង្គមទំនាក់ទំនង ហ្វេសប៊ុករបស់ខ្លួន ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យថា «គ្មានអ្វីក្រៅពីជូនពរខ្លួនឯង ហឹម»។

វឌ្ឍនាកា បានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងព្យាបាលមួយរយៈ។ ទោះជា យ៉ាងណា លោកមិនអាចចូលប្រកួតបានវិញនោះទេ។

 កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកា បានចាប់ផ្តើមហ្វឹកហាត់​នៅថ្នាលយុវជន ក្លឹបព្រះខ័នរាជ្យ និងអភិវឌ្ឍន៍សមត្ថភាព​របស់ខ្លួនក្លាយជាកីឡាករឈុតធំរបស់ក្លឹបព្រះខ័នរាជ្យ។ បន្ទាប់មកផ្លាស់ប្តូរទៅក្លឹបចំការកៅស៊ូបឹងកេត។  កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកាបានធ្វើដំណើរទៅប្រកបអាជីប ក្លឹបបាល់ទាត់ Fugieda MYFC សិត្ថិក្នុងលីគលំដាប់ទី៣ជប៉ុន នៃប្រទេស​ ជប៉ុន  ហើយក្រោយមក បានប្តូរទៅ ក្លឹប Pahong FA និង ក្លឹបបាល់ទាត់ PKNS FC ក្នុងក្របខណ្ឌលីគកំពូល​នៃប្រទេសម៉ាឡេស៊ី។ កីឡាករបាល់ទាត់ចាន់ វឌ្ឍនាកា មិនទទួលបាន​ជោគជ័យលើការប្រកបអាជីប​បាល់ទាត់នៅក្រៅប្រទេសឡើយ។