និស្សិតសិក្សាភាសាជប៉ុនកើនឡើងជាងពាក់កណ្តាលក្នុងឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំសិក្សាមុនៗ ដោយសារតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។
យោងតាមរបាយការណ៍របស់ ដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ មាននិស្សិតឆ្នាំទី១កើនដល់២៤៨នាក់ បើធៀបនឹងឆ្នាំ២០១៥-២០១៦ មាននិស្សិតចូលរៀនឆ្នាំទី១ ត្រឹមតែ១០០នាក់ ទៅ១២០នាក់ប៉ុណ្ណោះ។
ប្រធានដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស (IFL) លោកស្រី ឡុច លក្ខ័ស្មី បានប្រាប់អ្នកសារព័ត៌មានតាមរយៈបណ្ដាញសង្គមតេឡេក្រាមថា បច្ចុប្បន្នមាននិស្សិតចាប់អារម្មណ៍រៀនភាសាជប៉ុនកើនឡើងច្រើនគួរឲ្យកត់សម្គាល់បើប្រៀបធៀបកាលពីឆ្នាំបង្កើតដំបូង គឺឆ្នាំ២០០៥ មានសិស្សសរុបត្រឹមតែ៨៥នាក់ និងមានត្រឹមតែ៣ថ្នាក់ប៉ុណ្ណោះ។
លោកស្រី បានបន្តថា នៅឆ្នាំ២០១៩នេះសិស្សបានកើនដល់៦៧០នាក់។ នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ មាននិស្សិតឆ្នាំទី១កើនដល់២៤៨នាក់ បើធៀបនឹងឆ្នាំ២០១៥-២០១៦ មាននិស្សិតចូលរៀនឆ្នាំទី១ ត្រឹមតែ១០០នាក់ ទៅ១២០នាក់ប៉ុណ្ណោះ។ កត្តាដែលជំរុញឲ្យយុវជនចាប់អារម្មណ៍មកសិក្សាភាសាជប៉ុនគឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារក្នុងស្រុក និងនៅប្រទេសជប៉ុន។
លោកស្រីលក្ខ័ស្មី មានប្រសាសន៍ថា៖ «កត្តាខ្លាំងបំផុតដែលជំរុញអោយយុវជនចាប់អារម្មណ៍មកសិក្សាភាសាជប៉ុនគឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារ»។
លោកស្រី បានលើកឡើងថា មាននិស្សិតមួយចំនួនបានបន្តការសិក្សា និងធ្វើការនៅប្រទេសជប៉ុន បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជា។
លោកស្រីបានបន្ថែមថា៖ «បើតាមខ្ញុំដឹង រាល់ឆ្នាំភាគច្រើននិស្សិតដែលទៅធ្វើការនៅប្រទេសជប៉ុន ពេលរៀនចប់ ពេលចប់បរិញ្ញាបត្រប្រហែលជា២០ ទៅ៣០នាក់។ បើយើងគិតជាភាគរយនិស្សិត ដែលបញ្ចប់ការសិក្សាពី៩០ ទៅ១០០នាក់ គឺវាបានប្រហែល៣០%អីដែរ»។
យោងតាមគេហទំព័ររបស់ក្រសួងការងារដែលបានផ្សាយ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ នៅប្រទេសជប៉ុន រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។
កញ្ញា សុគុន រចនា ជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថានភាសាបរទេស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុន ក្នុងហាងសំអាងមួយ កាលពី ៣- ៤ ឆ្នាំមុន ដោយសារកត្តាជីវភាពគ្រួសារ។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ កញ្ញាបានចូលរៀនភាសាជប៉ុនបន្ថែមទៀត ព្រោះកញ្ញាចង់ត្រឡប់ទៅធ្វើការនៅប្រទេសនេះម្តងទៀត។
កញ្ញា រចនា បានបន្តថា អ្នកទៅធ្វើការនៅជប៉ុនអាចទទួលបានប្រាក់កម្រៃច្រើន នឹងអាចសន្សំទុនដើម្បីបង្កើតមុខរបរខ្នាតតូចនៅពេលត្រឡប់មកវិញ។
កញ្ញា រចនា បា្រប់ថា៖ «កាលដែលខ្ញុំទៅធ្វើការនៅប្រទេសជប៉ុនហ្នឹង ដោយសារតែកត្តា២ ទី១ គឺចង់ស្គាល់ចង់ដឹងពី ប្រទេសគេ ទី២ គឺដោយសារតែកត្តាជីវភាព»។
យុវសិស្ស ទឹម ស្រីមុំ អាយុ២០ឆ្នាំជាសិស្សវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង ដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩ ហើយទទួលបានអាហាររូបករណ៍ភាសាជប៉ុនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០១៩នេះ។ កញ្ញា ស្រីមុំ បានប្រាប់ពីគោលបំណងដែលជំរុញឲ្យនាងជ្រើសរើសដាក់អាហារូបករណ៍ភាសាជប៉ុននេះថា កញ្ញាចង់រៀនភាសាជប៉ុនដើម្បីមានឱកាសអាចទទួលបានការងារល្អ។ កញ្ញាគិតថាការធ្វើការងារជាមួយផ្នែកភាសាជប៉ុននឹងអាចទទួលបានប្រាក់កម្រៃសមរម្យដែលនឹងអាចជួយដល់ជីវភាពគ្រួសាររបស់នាងបាន។
កញ្ញា ស្រីមុំ បានឲ្យដឹងថា៖ រៀនខាងហ្នឹង គឺថាអាចរកការងារបានធ្វើ ហើអាចបានជួយគ្រួសារ»។
យោងតាមសារព័ត៌មានវីអូអេ (VOA) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថាសម្រាប់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែជាមធ្យម១៥០០ ដុល្លារ។
កញ្ញា ញឹម សុខណា ជាជំនួយការរៀបចំឯកសានៅសាលាភាសាជប៉ុនមិរ៉ៃ បានឲ្យដឹងបច្ចុប្បន្នមានអ្នករៀនភាសាជប៉ុនច្រើន ដោយមានអ្នកខ្លះចាប់អារម្មណ៍តាមគ្នា។ កញ្ញាយល់ឃើញថា ទីផ្សារការងារសម្រាប់អ្នកចេះភាសាជប៉ុន មានច្រើនជាងមុន។
កញ្ញា សុខណា និយាយថា៖ ក្នុងរយៈពេលមួយឆ្នាំគាត់មកដាក់ពាក្យអាចដល់ អ្នកដែលរៀនមាន៣០០នាក់ចឹងទៅ។ អ្នកផ្សេងៗគាត់មានចំណាប់អារម្មណ៍រៀនដែរ។ ខ្ញុំគិតថាឥឡូវទីផ្សារខាងជប៉ុនច្រើន ច្រើនជាងមុន ហើយទៅអនាគតទៅក៏រាងទូលំទូលាយជាងមុនដែរ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងធ្វើការអត្ថាធិប្បាយបាននោះទេ។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញ រវាងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជនដែល បានទទួលការអនុញ្ញាតឲ្យ ធ្វើការជ្រើសរើសបណ្ដុះបណ្ដាល បញ្ចូន និងគ្រប់គ្រងកម្មការីសិក្សាខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន១០៧។