និស្សិតសិក្សាភាសាជប៉ុនកើនឡើងជាងពាក់កណ្តាលក្នុងឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំសិក្សាមុនៗ ដោយសារតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។

យោងតាមរបាយការណ៍របស់ ​​​ដេ​ប៉ា​​តឺ​​ម៉ង់​ភា​សា​ជប៉ុន​ នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស ​(​I​F​L​)​ នៃ​​សា​កល​​វិទ្យា​​ល័យ​​ភូមិ​​ន្ទ​​ភ្នំ​ពេញ​​ ​(RUPP)​​ បានឲ្យដឹងថា ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​-​២០១៩​ មាន​និ​ស្សិត​ឆ្នាំ​ទី​១​​កើន​ដល់​២៤៨​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​-​២០១៦​ មាន​និ​ស្សិត​ចូល​រៀន​ឆ្នាំ​ទី​១​ ត្រឹម​តែ​១០០​នាក់​ ទៅ​១២០​នាក់​ប៉ុណ្ណោះ​។

​​ប្រ​ធាន​​​ដេ​ប៉ា​​តឺ​​ម៉ង់​ភា​សា​ជប៉ុន​ នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស ​(​I​F​L​)​ លោក​​ស្រី​​ ឡុច​ លក្ខ័ស្មី ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​តាម​រយៈ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​​ថា ​បច្ចុប្បន្ន​មាន​និស្សិត​ចាប់​អារម្មណ៍រៀន​ភា​សា​ជប៉ុន​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​បង្កើត​ដំ​បូង​ គឺឆ្នាំ២០០៥​ មាន​​សិស្ស​​សរុប​​ត្រឹម​​​តែ​​៨៥​​នាក់ ​​និង​​មាន​ត្រឹម​តែ​៣​ថ្នាក់​ប៉ុណ្ណោះ​។

លោកស្រី បានបន្តថា នៅឆ្នាំ​​២០១៩​​នេះ​​សិស្ស​បាន​​កើន​​ដល់​៦៧០​នាក់​។ ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​-​២០១៩​ មាន​និ​ស្សិត​ឆ្នាំ​ទី​១​​កើន​ដល់​២៤៨​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​-​២០១៦​ មាន​និ​ស្សិត​ចូល​រៀន​ឆ្នាំ​ទី​១​ ត្រឹម​តែ​១០០​នាក់​ ទៅ​១២០​នាក់​ប៉ុណ្ណោះ​។​ កត្តាដែលជំរុញឲ្យយុវជនចាប់អារម្មណ៍មកសិក្សាភាសាជប៉ុនគឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារក្នុងស្រុក និងនៅប្រទេសជប៉ុន។

លោកស្រីលក្ខ័ស្មី មានប្រសាសន៍ថា៖ «កត្តាខ្លាំងបំផុតដែលជំរុញអោយយុវជនចាប់អារម្មណ៍មកសិក្សាភាសាជប៉ុនគឺកត្តាមានឱកាសអភិវឌ្ឍន៍ខ្លួនគេម្នាក់ៗ និងឱកាសការងារ»។

សិស្សកំពុងសាកសួរព័ត៌មានអំពីការរៀនភាសាជប៉ុននៅស្ដង់ព័ត៌មានរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ (ថតដោយ ម៉ៅ ស៊ីណា)

លោកស្រី បានលើកឡើងថា​ មាននិស្សិតមួយចំនួនបានបន្តការសិក្សា និងធ្វើការនៅប្រទេសជប៉ុន បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជា។

 លោកស្រីបានបន្ថែមថា៖ «បើតាមខ្ញុំដឹង រាល់ឆ្នាំភាគច្រើននិស្សិតដែលទៅធ្វើការនៅប្រទេសជប៉ុន ពេលរៀនចប់ ពេលចប់បរិញ្ញាបត្រប្រហែលជា២០ ទៅ៣០នាក់។ បើយើងគិតជាភាគរយនិស្សិត ដែលបញ្ចប់ការសិក្សាពី៩០ ទៅ១០០នាក់ គឺវាបានប្រហែល៣០%អីដែរ»។              

យោងតាមគេហទំព័ររបស់ក្រសួងការងារដែលបានផ្សាយ នៅថ្ងៃទី២៥  ខែមីនាឆ្នាំ២០១៩ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ នៅប្រទេសជប៉ុន រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។

កញ្ញា សុគុន រចនា​ ជានិស្សិតឆ្នាំទី២ នៅវិ​​​​ទ្យា​ស្ថាន​ភា​សា​បរ​ទេស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុន ក្នុងហាងសំអាងមួយ កាលពី ៣- ៤ ឆ្នាំមុន ដោយសារកត្តាជីវភាពគ្រួសារ។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ កញ្ញាបានចូលរៀនភាសាជប៉ុនបន្ថែមទៀត ព្រោះកញ្ញាចង់ត្រឡប់ទៅធ្វើការនៅប្រទេសនេះម្តងទៀត។

កញ្ញា រចនា បានបន្តថា អ្នកទៅធ្វើការនៅជប៉ុន​អាចទទួលបានប្រាក់កម្រៃច្រើន នឹងអាចសន្សំទុនដើម្បីបង្កើត​មុខរបរខ្នាតតូចនៅពេលត្រឡប់មកវិញ។

កញ្ញា រចនា បា្រប់ថា៖ «កាលដែលខ្ញុំទៅធ្វើការនៅប្រទេសជប៉ុនហ្នឹង ដោយសារតែកត្តា២ ទី១ គឺចង់ស្គាល់ចង់ដឹងពី ប្រទេសគេ ទី២ គឺដោយសារតែកត្តាជីវភាព»។

យុវសិស្ស ទឹម ស្រីមុំ អាយុ២០ឆ្នាំជាសិស្សវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង ដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩ ហើយទទួលបានអាហាររូបករណ៍ភាសាជប៉ុនពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០១៩នេះ។ កញ្ញា ស្រីមុំ បានប្រាប់ពីគោលបំណងដែលជំរុញឲ្យនាងជ្រើសរើសដាក់អាហារូបករណ៍ភាសាជប៉ុននេះថា កញ្ញាចង់រៀនភាសាជប៉ុនដើម្បីមានឱកាសអាចទទួលបានការងារល្អ។ កញ្ញាគិតថាការធ្វើការងារជាមួយផ្នែកភាសាជប៉ុននឹងអាចទទួលបានប្រាក់កម្រៃសមរម្យដែលនឹងអាចជួយដល់ជីវភាពគ្រួសាររបស់នាងបាន។

កញ្ញា ស្រីមុំ បានឲ្យដឹងថា៖ រៀនខាងហ្នឹង គឺថាអាចរកការងារបានធ្វើ ហើអាចបានជួយគ្រួសារ»។

យោងតាមសារព័ត៌មានវីអូអេ (VOA) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថាសម្រាប់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែជាមធ្យម១៥០០ ដុល្លារ។

កញ្ញា ញឹម សុខណា ជាជំនួយការរៀបចំឯកសានៅសាលាភាសាជប៉ុនមិរ៉ៃ            បានឲ្យដឹងបច្ចុប្បន្នមានអ្នករៀនភាសាជប៉ុនច្រើន ដោយមានអ្នកខ្លះចាប់អារម្មណ៍តាមគ្នា។ កញ្ញាយល់ឃើញថា ទីផ្សារការងារសម្រាប់អ្នកចេះភាសាជប៉ុន មានច្រើនជាងមុន។

កញ្ញា សុខណា និយាយថា៖ ក្នុងរយៈពេលមួយឆ្នាំគាត់មកដាក់ពាក្យអាចដល់ អ្នកដែលរៀនមាន៣០០នាក់ចឹងទៅ។ អ្នកផ្សេងៗគាត់មានចំណាប់អារម្មណ៍រៀនដែរ។ ខ្ញុំគិតថាឥឡូវទីផ្សារខាងជប៉ុនច្រើន ច្រើនជាងមុន ហើយទៅអនាគតទៅក៏រាងទូលំទូលាយជាងមុនដែរ»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង ​សួរ មិនអាចទាក់ទងធ្វើការអត្ថាធិប្បាយបាននោះទេ។

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង​ បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញ រវាងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជនដែល​ បានទទួលការអនុញ្ញាតឲ្យ ធ្វើការជ្រើសរើសបណ្ដុះបណ្ដាល បញ្ចូន និងគ្រប់គ្រងកម្មការីសិក្សាខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន១០៧។