ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ចំនួនប្រាំសហគមន៍ ក្នុងតំបន់អារ៉ែងនៅស្រុកថ្មបាំង ខេត្តកោះកុង បានសម្ដែងនូវភាពមិនពេញចិត្តលើភាពយឺតយ៉ាវរបស់រដ្ឋបាលខេត្តក្នុងការទទួលស្គាល់ ស្វ័យអត្តសញ្ញាណរបស់ពួកគាត់។
តំណាងជនជាតិដើមភាគតិចជង បានអះអាងថា រដ្ឋបាលខេត្តកោះកុង បានអូសបន្លាយពេលក្នុង ការបញ្ជូនឯកសារទៅក្រសួងអភិវឌ្ឍន៍ជនបទដើម្បីផ្តល់ស្វ័យអត្តសញ្ញាណដល់ពួកគាត់ដែលបានស្នើតាំងពីឆ្នាំ ២០១៧។ ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ធ្វើឲ្យប៉ះពាល់ដល់ការ ស្នើសុំកំណត់ព្រំប្រទល់ដី សមូហភាពសហគមន៍ និងប្លង់កម្មសិទ្ធិដីធ្លី។
លោក វ៉ែន វ៉ន ជាជនជាតិដើមភាគតិចជង និងជាសមាជិកសហគន៍ជំនាប់ បាននិយាយថាភូមិជនដើម ភាគតិចប្រាំ ក្នុងចំណោមប្រាំបី ពុំទាន់ទទួលបានស្វ័យអត្តសញ្ញាណនោះទេ។ ភូមិដែលមិនទាន់បានស្ថិតក្នុង ភូមិជំនាប់ ឃុំជំនាប់ និងឃុំប្រឡាយ រួមមាន ភូមិប្រឡាយ ភូមិសំរោង ភូមិតបឃ្លៃឬតាងិល និងភូមិចំណោរ។
លោក បានសម្តែងការព្រួយបារម្ភ ពីការបាត់បង់ដី សហគមន៍នៅពេលដែលមានក្រុមហ៊ុនវិនិយោគ ចូលមកក្នុងសហគមន៍តាមរូបភាពអភិវឌ្ឍន៍ផ្សេងៗ។ លោកថា ដីសហគមន៍អាចនឹងបាត់បង់ប្រសិន បើមិនបានកំណត់ព្រំប្រទល់ច្បាស់លាស់និងមិនមានប្លង់កម្មសិទ្ធិ ដែលកើតឡើងដោយសារភាពយឺតយ៉ាវ ក្នុងការផ្តល់ស្វ័យអត្តសញ្ញាណ។
លោក វ៉ន និយាយថា៖«មានការយឺតយ៉ាវហើយអត់ទាន់បានកាត់ព្រំប្រទល់ ហើយក៏កាត់ប្លង់ដីក៏យើង អត់ទាន់បាន។ នៅពេលណាដែលខាងមុខទៀត អាចមានគម្រោងវិនិយោគណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងការតវ៉ារបស់ប្រជាពលរដ្ឋ គឺវាអត់មានប្រសិទ្ធិភាព។ ដោយសារអីគឺយើងអត់មានលក្ខណៈមួយគេថាស្រប និងនិតីច្បាប់។ សូម្បីតែប្លង់ដីក៏យើងអត់ទាន់មានអត្តសញ្ញាណ យើងអត់មាន អាហ្នឹងវាជាបញ្ហា។
លោក វ៉ន ថា ភាពយឺតយ៉ាវក្នុងការផ្តល់នេះ ដោយសារអាជ្ញាធរខេត្តមិនពេញចិត្ត ជាមួយសហគមន៍របស់លោក ធ្វើការតវ៉ាបិទផ្លូវកន្លងមក ដែលប្រឆាំងនឹងការធ្វើ ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។
លោក វ៉ន បន្ថែមថា៖ «ដែលខ្ញុំដឹងត្រួសៗដោយសារតែពេលនុង ខ្ញុំជាអ្នកដឹកនាំអនុភូមិជំនាប់ចឹងជា ប្រធានសហគមន៍ហើយពេលនោះគឺខ្ញុំសកម្ម នៅក្នុងគណៈកម្មការដឹកនាំការតស៊ូមតិ អីផ្សេងៗគឺខ្ញុំសកម្ម»។
ស្វ័យអត្តសញ្ញាណគឺជាការស្វែងរកធាតុផ្សំនៃមូលដ្ឋានគ្រឹះរបស់សហគមន៍ ដែលសំដៅទៅលើការចងក្រង សហគមន៍ជនជាតិភាគតិចជារួមមួយ។ ផលប្រយោជន៍នៃការធ្វើស្វ័យអត្តសញ្ញាណគឺដើម្បីថែរក្សាអភិរក្ស ទំនៀមទម្លាប់ វប្បធម៌ប្រពៃណី រក្សានូវព្រៃឈើ និងការពារដីសហគមន៍។
ជនជាតិដើមភាគតិចជងម្នាក់ទៀត គឺអ្នកស្រី មៀច ពេញ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ តំបន់អារ៉ែង ខេត្តកោះកុង បានប្រាប់អ្នកសារព័ត៌មានថា ភូមិអ្នកស្រីបានទទួល ស្វ័យអត្តសញ្ញាណ តាំងពីឆ្នាំ២០១៧។ អ្នកស្រីថា សហគមន៍អ្នកស្រី មិនអាចស្នើសុំកំណត់ព្រំប្រទល់ដី និង ប្លង់កម្មសិទ្ធិ បាននោះទេ ដោយសារសហគមន៍ប្រាំផ្សេងទៀត មិនទាន់ទទួលបានស្វ័យអត្តសញ្ញាណ។ ភាពយឺតយ៉ាវនេះធ្វើឲ្យសហគមន៍មានការព្រួយបារម្ភ ពីការបាត់បង់ដីដោយមានអ្នកខ្លះលក់តាមការញុះញង់ ពីឈ្មួញដី។
អ្នកស្រី ពេញ និយាយថា ៖«ការលក់ដី ជាបញ្ហារបស់សហគមន៍។ គាត់លក់ដីពាសពេញ ពាសវាលពាសកាល។ អីចឹងទៅសូម្បីតែ ពេលខ្លះដីរដ្ឋ ក៏យកទៅលក់ដែរ ព្រោះយើងអត់ដឹងថា ដីត្រឹមព្រំប្រទល់ត្រឹមណា។ គាត់ចេះតែ កាត់ៗទៅពីណាពីណីមកកាត់ទៅ»។
នាយករងរដ្ឋបាលសាលាខេត្តកោះកុង លោក សៅ ស៊ីធួន បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខេត្តកំពុងដំណើរការ តាមនិតិវិធី ប៉ុន្តែលោកបដិសេធផ្តល់ព័ត៌មានលំអិត។ លោកបានបង្វែរសំនួរទៅកាន់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលទទួលបន្ទុកធ្វើការរឿងនេះ។
លោក ស៊ីធួន មានប្រសាសន៍ថា៖ «ដូចអត់លឺខ្ញុំប្រាប់ទេហ្ហីកំពុងរត់។ តេទៅសួរមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅណាស់គេទទួលបន្ទុកផ្នែកអត្តសញ្ញាណនឹងដែរណាស់។ តេសួរគេទៅណាស់»។
ប្រធានការិយាល័យជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង លោក ឃុត ថាន់ណារ័ក្ស បានប្រាប់អ្នកសារព័ត៌មានថា ឯកសារដែលសហគមន៍បានស្នើមក គឺខាងមន្ទីររបស់លោកបានពិនិត្យ និងបានបញ្ជូនបន្តទៅរដ្ឋបាលសាលាខេត្តកោះកុង។ ប៉ុន្តែលោកពុំបានដឹងមូលហេតុច្បាស់លាស់ ពីភាពយឺតយ៉ាវក្នុងដំណើរការក្នុងការផ្តល់ស្វ័យអត្តសញ្ញាណនៅថ្នាក់ខេត្តនោះទេ។
លោក ថាន់ណារ័ក្ស មានប្រសាសន៍ថា៖ «ខ្ញុំតានេះហើយ ខ្ញុំឲ្យប្រធានមន្ទីររបស់ខ្ញុំ គាត់មើលអីហើយ គាត់ស៊ីញ៉ែហើយ។ ព្រោះអីមន្ទីរ ឲ្យតែគាត់បង្កើតសហគមន៍គេចង់ពន្លឿនគាត់សឹងអី»។
មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជាលោក ភិន សាវ៉ៃ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ភាពយឺតយ៉ាវនៃការទទួលស្គាល់ស្វ័យអត្តសញ្ញាណ អាចដោយសារប្រជាពលរដ្ឋមួយចំនួន ត្រូវបានជនខិលខូចញុះញង់មិនឲ្យ ពួកគេចូលជា សមាជិកសហគមន៍។ លោក បារម្ភថា ការលក់ដីសហគមន៍ នឹងរាំងស្ទះក្នុងដំណើរការនៃការ រៀបចំដីសមូហភាពសហគមន៍នេះ។
លោក សាវ៉ៃ មានប្រសាសន៍ថា៖ «មានជនខិលខូចមួយចំនួន ទៅបញ្ចុះបញ្ចូលប្រាប់គាត់ថា នៅពេលដែលពួកគាត់ចូលជា សហគមន៍ជនជាតិដើមភាគតិច ហើយបង្កើត ជាដែនសមូហភាព ចឹងទៅពួកគាត់មិនអាចលក់ដីបាន។ ពួកគាត់អត់អាចទៅណាបាន ចឹងពួកគាត់ ទៅដកពាក្យពីនឹងមកវិញមោ»។
លោក សាវ៉ៃ បន្ថែមថា ៖ «មានការព្រួយបារម្ភផង ទៅលើប្រជាពលរដ្ឋ ដែលគាត់លក់ដី នៅក្នុងនិងទៅឲ្យឈ្មួញខាង ក្រៅ។ អ្នកចូលពីក្រៅទៅដល់ពេលចឹងជាកត្តារាំងស្ទះ ដល់ដំណើរការរៀបចំ ដីសមូហភាពរបស់ពួកគាត់»។
នៅក្នុងពិធីសំណេះសំណាល ជាមួយសមាគមនបណ្ដាញយុវជនកម្ពុជាហៅកាត់ថា(CYN) កាលពី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ជាតិដើមភាគតិចជង ក្នុងសហគមន៍ជំនាប់ បានលើកឡើងពីបញ្ហាប្រឈម ដែលកំពុងជួបប្រទះ គឺបញ្ហាភាពយឺតយ៉ាវ នៃការស្នើសុំស្វ័យអត្តសញ្ញាណ ជនជាតិដើមភាគតិចជង ដែលជាប់គាំងនៅសាលាខេត្តកោះកុង។
កាលពីឆ្នាំ២០១៤កន្លងទៅប្រជាពលរដ្ឋជនជាតិដើមភាគតិចជង បានធ្វើការតវ៉ាបិទផ្លូវចំនួន៦ខែ ដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនិងក្រុមហ៊ុនវិនិយោគចិន ដែលចង់ចូលមកធ្វើការសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់អារ៉ែង។
នៅថ្ងៃទី ២៦ខែកញ្ញាឆ្នាំ២០១៧ ភូមិជនជាតិដើមភាគតិចជង ចំនួនបីភូមិ បានទទួល វិញ្ញាបនបត្រទទួលស្គាល់ ស្វ័យអត្តសញ្ញាណ គឺភូមិព្រែកស្វាយ និងភូមិជាំស្លា ក្នុងឃុំថ្មដូនពៅ និងភូមិច្រកឬស្សី ក្នុងឃុំជំនាប់។