ភរិយាសកម្មជនដីធ្លីម្នាក់ ស្វែងរកអន្តរាគមន៍ឲ្យតុលាការខេត្តត្បូងឃ្មុំដោះលែងប្តីរបស់គាត់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីជួយសម្រាលការងារខ្លួន ខណះដែលអ្នកស្រីកំពុងមានផ្ទៃពោះប្រាំខែ។
អ្នកស្រី ឈឿន សុខ ជាប្រពន្ធរបស់សកម្មជនដីធ្លី គឺ លោក សែម សាង ឲ្យដឹងថា អ្នកស្រីបានស្នើសុំមេធាវីដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការខេត្តត្បូងឃ្មុំ ឲ្យដោះលែងប្តីអ្នកស្រីនៅក្រៅឃុំបណ្តោះអាសន្ន។ អ្នកស្រីអះអាងថាការឃុំខ្លួននេះធ្វើឡើងដោយអយុត្តិធម៌ក្រោយប្តីរបស់អ្នកស្រីតវ៉ារឿងដីធ្លី ជាមួយក្រុមហ៊ុនចិន ដែលមានផ្ទៃដីជាង៧០០ហិកតា។
អ្នកស្រី សុខ បានលើកឡើងថា ក្រោយពីការចាប់ខ្លួនប្តីអ្នកស្រី និងសកម្មជនដីធ្លីម្នាក់ទៀត គឺ លោក ផុន ឈឿន ក្រុមសហគមន៍បានតវ៉ានៅមុខសាលាស្រុកតំបែរ ជាច្រើនថ្ងៃ ឲ្យមានការដោះលែង ប៉ុន្តែអាជា្ញធរស្រុកបដិសេធដោះលែងពួកគាត់។ អ្នកស្រី អស់សង្ឃឹមក្នុងការតវ៉ាឲ្យដោះលែងប្តីរបស់ខ្លួនជាស្ថាពរ ដោយគ្រាន់តែចង់ឲ្យមានការដោះលែងនៅក្រៅឃុំតែប៉ុណ្ណោះព្រោះអ្នកស្រីជិតដល់ពេលសម្រាលកូន។
អ្នកស្រី ឈឿន សុខ បាននិយាយថា៖ «ប្តីរបស់ខ្ញុំគ្មានកំហុសទេ។ ខ្ញុំសូមស្នើសុំតុលាការខេត្តត្បូងឃ្មុំមេត្តាដោះលែងប្តីរបស់ខ្ញុំ ពីព្រោះខ្ញុំកំពុងមានផ្ទៃពោះទៀត មិនមាននរណាជួយសម្រាលបន្ទុករបស់ខ្ញុំនិងការងារប្រមូលផលដំណាំនោះទេ»។
លោក ហឿន ស៊ីនាថ អ្នកភូមិម្នាក់ បាននិយាយថា ដោយមើលឃើញពីទុក្ខលំបាកប្រពន្ធរបស់ លោក សែម សាង ដែលមានផ្ទៃពោះ ប្រជាជនចំនួន១១០នាក់ កាលពីចុងខែតុលា បានជួយដាំដំឡូងមី ស្រូវ និងពោត រយៈពេលមួយថ្ងៃនៅដីចម្ការមានទំហំប្រមាណ៦ហិកតា។ ពួកគេនឹងបន្តជួយការងារក្នុងការដាំដំឡូងមី ក៏ដូចជាថែដំណាំទាំងនេះ ខណះដែល លោក សែម សាង នៅឃុំក្នុងពន្ធនាគារនៅឡើយ។
លោក ហឿន ស៊ីនាថ និយាយថា៖ «មកដល់ពេលនេះស្ថានភាពប្រពន្ធរបស់លោក សែម សាងមានភាពលំបាកខ្លាំងក្នុងបន្ទុកគ្រួសារនិងបានជំពាក់បំណុលគេច្រើនទៀតទៅលើការដាំដំណាំដំឡូងមី។ ហើយកូនៗរបស់គាត់កំពុងខ្វះខាតអាហារដោយទ្រទ្រង់ជីវិត និងម្យ៉ាងទៀតលោក សែម សាង កំពុងមានជំងឺរោគក្រពះប្រចាំកាយ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ លោក អំ សំអាត ដែលឃ្លាំមើលករណីនេះឲ្យដឹងថា អង្គការលីកាដូ បានផ្តល់មេធាវីម្នាក់ដើម្បីបន្តនិតិវិធីច្បាប់ក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្នើលោកសែម សាង មានសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោកបាន មានប្រសាសន៍មានថា៖«បញ្ហាដីធ្លីនេះវាជារឿងសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ។ ពួកគាត់ត្រូវបានជាប់ចាប់ខ្លួនដាក់ក្នុងពន្ធនាគារវាជាបន្ទុកធ្ងន់ធ្ងរមួយទៀតសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ទី១ការបាត់បង់ដីធ្លី ទី២បាត់បង់ជំហរនៃគ្រួសារក្នុងការចិញ្ចឹមបីបាច់ក្នុងការចំណូលចំណាយក្នុងគ្រួសារធ្វើអោយគាត់ធ្លាក់ខ្លួនក្រដែលខុសគោលនយោបាយរាជរដ្ឋាភិបាល»។
លោកបន្តថា៖ «រាល់បញ្ហានេះគួរតែតុលាការប្រញាប់ដោះស្រាយរឿងនេះអោយឆាប់បានបញ្ចប់សំណុំរឿងដើម្បីអោយពួកគាត់ឆាប់បានទៅគ្រួសាររបស់ពួកគាត់»។
អ្នកស្រី ឈឿន សុខ បានបន្ថែមថា មេធាវីកំពុងរៀបចំឯកសារដើម្បីស្នើសុំប្តីអ្នកស្រីនៅក្រៅឃុំបណ្តោះអាសន្ន។ អ្នកស្រីថា បើពុំមានអ្វីប្រែប្រួលនោះទេ មេធាវីនឹងដាក់ពាក្យស្នើសុំនៅពាក់កណ្តាលខែវិច្ឆិកានេះ។
អ្នកនាំពាក្យចៅក្រមខេត្តត្បូងឃ្មុំ លោក ថេង ជាង សុំមិនធ្វើអធិប្បាយទេ ដោយលោកថាចៅក្រមកំពុងបន្តការស៊ើបអង្កេតលើសំណុំរឿងក្តីនេះ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ គឺលោក ផុន ឈឿន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ និងលោក សែម សាង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ខែតុលា តាមការបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ ក្រោយពួកគេតវ៉ាក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន។
បន្ទាប់ពីមានការចាប់ខ្លួនតំណាងទាំងពីរនាក់ ប្រជាពលរដ្ឋប្រហែល១០០នាក់ ប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកតំបែរ ដើម្បីទាមទារទៅអាជ្ញាធរ ដោះលែងពួកគេឲ្យមានសេរីភាពវិញ។ ក្នុងដីកាចុះថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៃ ណៃហេង បានបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៦។