សិក្ខាកាមវគ្គសិក្សាសារព័ត៌មានជំនាន់ទី១ នៃបន្ទប់ព័ត៌មាន​​ របស់មជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានធ្វើដំណើរទស្សកិច្ចសិក្សានៅសារព័ត៌មានអេឡិចត្រូនិចថ្មីៗ ដើម្បីស្វែងយល់ ពីបទពិសោធន៍ទាក់ទងនឹងវិស័យសារព័ត៌មាន របស់ស្ថាប័នមួយនេះ និងឱកាសការងារ។

កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សិក្ខាកាម៨រូប ដឹកនាំដោយលោក ឆន ចាន់ស៊ី និងលោក Michael Dickison គ្រូបង្គោលសារព័ត៌មាន នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានធ្វើដំណើរ ទស្សនកិច្ចសិក្សានៅសារព័ត៌មានអេឡិចត្រូណិចថ្មីៗ ដោយបានទទួលស្វាគមន៍ និងបង្ហាញពីទិដ្ឋភាព ការងារក្នុងអង្គភាព រួមទាំងពន្យល់ពីវិសាលភាពនៃកិច្ចការសារព័ត៌មានដោយ អគ្គនាយកសារព័ត៌មានថ្មីៗ។

អគ្គនាយកសារព័ត៌មានថ្មីៗ លោក លាង ដឺលុច បានធ្វើបទបង្ហាញពន្យល់សិក្ខាកាម ដោយពន្យល់ថា សារព័ត៌មានមានន័យទូលំទូលាយ។​ លោកថា សារព័ត៌មានមិនមែនផ្តោតសំខាន់តែលើនយោបាយបាយ និងសិទ្ធមនុស្សនោះទេ។ អ្នកសារព័ត៌មានក៏អាចផលិតព័ត៌មានទាក់ទងទៅកិច្ចការអភិវឌ្ឍន៍ ការអប់រំ ការច្នៃប្រឌិត ការបំផុសគំនិត និងប្រភេទព័ត៌មានស៊ីជម្រៅលើសពីបណ្តាញសង្គមហ្វេសប៊ុក។

លោក ដឺលុច មានប្រសាសន៍ថា៖  «ប៉ុន្តែនៅសល់ពីហ្នឹង នោះModel People ហេតុអ្វីយើងបំភ្លេចពួកគាត់ Outstanding Student ហេតុអ្វីយើងបំភ្លេចពួកគាត់»។

លោក លាង ដឺលុច នាំសិក្ខាកាមសារព័ត៌មាននៃ Newsroom Cambodia ជំនាន់ទី១ ទស្សនាបន្ទប់ផ្សេងៗ នៅក្នុងការិយាល័យសារព័ត៌មានថ្មីៗ។ រូបភាព៖ ម៉ូវ ម៉ារ៉ា

លោក ដឺលុច ក៏បានពន្យល់ពីឱកាសការងារនៅសារព័ត៌មានថ្មីៗផងដែរ ដោយលោកសង្កត់ធ្ងន់ថា ឱកាសបម្រើ ការងារនៅសារព័ត៌មានអេឡិចត្រូនិចថ្មីៗនៅតែមាន ប៉ុន្តែសំខាន់អ្នកស្វែងរកការងារ ត្រូវប្តេជ្ញាចិត្តធ្វើការងារ ឱ្យបានល្អឬយ៉ាងណា។

លោក ដឺលុច បន្ថែមថា៖ «ឱកាសនៅថ្មីៗមាន ប៉ុន្តែសំខាន់លើខ្លួនឯងវិញ។ យើងមានអ្វីមកបំពេញ ឱកាសនោះដែរ? ថ្មីៗ មិនត្រូវការសញ្ញាបត្រទេ តែត្រូវការ Commitmentមុន និងកុំនិយាយពីប្រាក់ខែ»។

ដំណើរទស្សនកិច្ចសិក្សានៅសារព័ត៌មានអេឡិចថ្មីៗ របស់សិក្ខាកាមសារព័ត៌មាន ជំនាន់ទី១ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាដំណើរទស្សនកិច្ចសិក្សាលើកទី២ហើយ បន្ទាប់ពីក្រុមសិក្ខាកាមនេះបានធ្វើដំណើរទស្សនកិច្ចសិក្សានៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមរំលឹកផងដែរថា សិក្ខាកាមជំនាន់ទី១ ចាប់ផ្តើមវគ្គសិក្សារបស់ខ្លួន ពីថ្ងៃទី២ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕