កសិករដែលបោះបង់ការដាំដំឡូងមី ចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសវៀតណាម និងមានតម្លៃសមរម្យ។
កសិករមួយចំនួនបានបោះបង់ និងកាត់បន្ថយចំនួនផ្ទៃដីដាំដំឡូងមី បន្ទាប់ពីពួកគេខាត់បង់ក្នុងការចំណាយលើការដាំដុះ ដោយសារតម្លៃថោក កាលពីឆ្នាំ២០១៦។ នៅក្នុងឆ្នាំ២០១៩ កសិករទាំងនោះបាន ចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីតម្លៃដំឡូងមី បានឡើងថ្លៃវិញនៅក្នុងឆ្នាំ២០១៨ កន្លងទៅ។
កសិករដាំដំឡូងមី លោក ផ្លុង កុន អាយុ ៤៤ឆ្នាំនៅភូមិពពក ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន លោកបានដាំដំឡូងមីលើផ្ទៃដី ៤ហិកតា ប៉ុន្តែនៅឆ្នាំ២០១៦ ដំឡូងមីបានធ្លាក់ថ្លៃត្រឹម ១០០រៀល ទៅ១៥០រៀល ក្នុងមួយគីឡូក្រាម។ លោកខាតបង់ប្រាក់ជាច្រើនក្នុងការដាំដុះ ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត។ នៅឆ្នាំបន្ទាប់ លោកបានកាត់បន្ថយផ្ទៃដីដាំដំឡូងមី ត្រឹមមួយហិកតាវិញ។
លោក កុន និយាយថា៖ « តាំងពីដំឡូងចុះថោកមក ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ទើបឆ្នាំរួចហើយ ទើបខ្ញុំដាំ ឆ្នាំទៅ»។
លោក កុន បានបន្តថា មិនមែនតែលោកនោះទេ ដែលជួបបញ្ហានេះ។ មានកសិករដាំដំឡូងមី នៅក្នុងភូមិលោកជាច្រើនទៀត បានផ្អាកដាំ និងកាត់បន្ថយផ្ទៃដីដាំដុះ។ លោកថា មានកសិករខ្លះរងនូវការខាតបង់ រហូតដល់ខ្ចីលុយពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកចំណាយលើការជួលកម្មករ។
លោក កុន លើកឡើងថា៖ «ឆ្នាំដែលចុះថោកហ្នឹងមានគេឈប់ច្រើនមែន ភាគច្រើនអ្នកដែលប្រើកម្លាំងកម្មករជួលគេហ្នឹង។ អ្នកខ្លះជួល ខាតខ្លាំងតើ ជំពាក់ធនាគារ ជំពាក់អីខ្លះ។ ក្រោយមកដំឡូងឡើ់ងថ្លៃ វាថ្លៃជាងពីមុន៥០%ឯណោះ »។
លោក កុន បានបន្ថែមថា លោក និងកសិករផ្សេងទៀតបានដាំឡើងវិញ និងពង្រីកដីដាំដុះ បន្ទាប់តម្លៃឡើងថ្លៃ ជាង៥០% ក្នុងឆ្នាំ២០១៨។ លោក បានពង្រីកដីដាំដុះ បន្ថែមទៀតចំនួន៤ហិកតា។
កសកិករ ម្នាក់ទៀត អ្នកស្រី សុត សុខខឿន អាយុ ៥៧ឆ្នាំ នៅស្រុកតំបែ ខេត្តត្បូងឃុំ បានឲ្យដឹងថា អ្នកស្រីដាំដំឡូងមីជាង១០ឆ្នាំមកហើយ លើផ្ទៃដី៥ហិចតា។ ប៉ុន្តែដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក ធ្វើឲ្យអ្នកស្រីទទួលរងនូវការខាតបង់ ហើយនៅឆ្នាំបន្ទាប់ អ្នកស្រីបានផ្អាកការដាំមួយរយៈ។
ឥឡូវនេះ អ្នកស្រីចាប់ផ្តើមដាំឡើងវិញ ដោយសារឃើញតម្លៃទីផ្សារកាលពីឆ្នាំមុនឡើង។ អ្នកស្រីលក់ដំឡូងមីឲ្យឈ្មួញខ្មែរ និងយកទៅលក់បន្តនៅវៀតណាម។ ដំឡូងមីស្រស់ មានតម្លៃ ៣០០រៀល ក្នុង១គីឡូក្រាម។
អ្នកស្រី សុត សុខខឿន និយាយថា៖ «ផ្អាកម៉ារយ:ហើយ ម៉ារយ:ក្រោយមកថោកពេកអត់រួចខ្លួន។ […….]រយៈពេល២ឆ្នាំក្រោយនេះរាងឡើងវិញ កាលមុនហ្នឹងធ្លាក់ចុះ។ ឆ្នាំហ្នឹងប្រហែលជាខែ៣ អីរើដីដាំដែរ»។
ឈ្មួញទិញដំឡូងមី លោក អ៊ាន ស៊ីវ អាយុ ៥៥ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដំឡូងមីឡើងថ្លៃវិញ។ លោកទិញ ពីកសិករ តម្លៃ៣០០រៀល ក្នុងមួយ គីឡូក្រាម និងយកទៅលក់នៅវៀតណាមក្នុងតម្លៃ៣៥០-៤០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់។ លោកថាតម្លៃដំឡូងមី ឡើងឬចុះ អាស្រ័យលើឈ្មួញវៀតណាមជាអ្នកកំណត់។
លោកបានបន្ថែមថា «ទទួលទិញទាំងអស់ ឲ្យតែមាន។ ខាងវៀតណាមជាអ្នកឲ្យថ្លៃ អត់មានឲ្យថ្លៃនៅលើយើងទេ។ អត់មានតម្លៃនៅខ្លួនឯងអត់»។
ប្រធានគម្រោងរបស់ UNDP លោក លាង រ័ត្នម៉ាណា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៩ ឲ្យដឹងថា ដំឡូងមីកម្ពុជាមានទីផ្សារធំ នៅប្រទេសវៀតណាម ដោយសារតែប្រទេសនេះ បង្កើនផ្ទៃដីដាំដំណាំផ្លែឈើ ជាងដាំដំឡូងមី។
លោក លាង រ័ត្នម៉ាណា និយាយថា «ផ្ទៃដីដាំដុះនៅក្នុងប្រទេសវៀតណាមចាប់ផ្ដើមថយចុះ ដោយសារគោលនយោបាយ ប្រទេសវៀតណាមបានផ្ដល់ គឺលើដំណាំដែលមានផលិតផលខ្ពស់ដូចជាផ្លែឈើ។ ចឹងយើងអត់មានអីបារម្ភទេ ចឹងខាង វៀតណាមគាត់ខ្វះដំឡូងមីទៅវិញ ដោយសារប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានទិញដំឡូងមីស្រស់ពីប្រទេសកម្ពុជា ក្នុងបរិមាណដ៏ច្រើនលើសលប់ ហើយឲ្យតម្លៃខ្ពស់ច្រើនជាងថែមទៀត»។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី ឲ្យដឹងថា ខាងក្រសួងពាណិជ្ជកម្មបានរៀបចំ គោលនយោបាយ ដាក់ស្នើសុំដល់រាជរដ្ឋាភិបាល ដើម្បីឲ្យដំឡូងមីអាចបញ្ចូលក្នុងគោលនយោបាយដូចស្រូវអង្ករដែរ។ លោកថា កសិករដែល ដាំដំឡូងមី មានច្រើន បន្ទាប់ពីដំណាំស្រូវ។
លោក ម៉ៅ ថូរ៉ា មានប្រសាសន៍ថា៖ «យើងពិនិត្យឃើញថា ប្រជាកសិករ គាត់បានអនុវត្ត បានធ្វើអាជីវកម្មលើដំឡូងមីនេះច្រើន បន្ទាប់ពីស្រូវ។ ជិតកន្លះលានគ្រួសារដែលធ្វើ»។
របាយការណ៍ក្រសួងកសិកម្មបង្ហាញថា បច្ចុប្បន្ន ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារធំជាងគេនៃដំណាំដំឡូងមីកម្ពុជា ខណះក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៩នេះ កម្ពុជានាំចេញដំឡូងមីទាំងក្រៀម ស្រស់ និងម្សៅ ទៅលក់ក្រៅប្រទេសបានជាង ២លាន ៣សែនតោន។