កសិករដែលបោះបង់ការដាំដំឡូងមី ចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសវៀតណាម និងមានតម្លៃសមរម្យ។

កសិករមួយចំនួនបានបោះបង់​ និងកាត់បន្ថយចំនួនផ្ទៃដីដាំដំឡូងមី បន្ទាប់ពីពួកគេខាត់បង់ក្នុងការចំណាយលើការដាំដុះ ដោយសារតម្លៃថោក កាលពីឆ្នាំ២០១៦។ នៅក្នុងឆ្នាំ២០១៩ កសិករទាំងនោះបាន ចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីតម្លៃដំឡូងមី បានឡើងថ្លៃវិញនៅក្នុងឆ្នាំ២០១៨ កន្លងទៅ។

កសិករដាំដំឡូងមី លោក ផ្លុង កុន អាយុ ៤៤ឆ្នាំនៅភូមិពពក ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន​ លោកបានដាំដំឡូងមីលើផ្ទៃដី ៤ហិកតា​ ប៉ុន្តែនៅឆ្នាំ២០១៦ ដំឡូងមីបានធ្លាក់ថ្លៃត្រឹម ១០០រៀល ទៅ១៥០រៀល ក្នុងមួយគីឡូក្រាម។ លោកខាតបង់ប្រាក់ជាច្រើនក្នុងការដាំដុះ ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត។ នៅឆ្នាំបន្ទាប់ លោកបានកាត់បន្ថយផ្ទៃដីដាំដំឡូងមី​ ត្រឹមមួយហិកតាវិញ។

លោក កុន និយាយថា៖ « តាំងពីដំឡូងចុះថោកមក ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ទើបឆ្នាំរួចហើយ ទើបខ្ញុំដាំ ឆ្នាំទៅ»។

លោក កុន បានបន្តថា មិនមែនតែលោកនោះទេ ដែលជួបបញ្ហានេះ។ មានកសិករដាំដំឡូងមី នៅក្នុងភូមិលោកជាច្រើនទៀត បានផ្អាកដាំ និងកាត់បន្ថយផ្ទៃដីដាំដុះ។ លោកថា មានកសិករខ្លះរងនូវការខាតបង់ រហូតដល់ខ្ចីលុយពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកចំណាយលើការជួលកម្មករ។

លោក កុន លើកឡើងថា៖ «ឆ្នាំដែលចុះថោកហ្នឹងមានគេឈប់ច្រើនមែន ភាគច្រើនអ្នកដែលប្រើកម្លាំងកម្មករជួលគេហ្នឹង។ អ្នកខ្លះជួល ខាតខ្លាំងតើ ជំពាក់ធនាគារ ជំពាក់អីខ្លះ។ ក្រោយមកដំឡូងឡើ់ងថ្លៃ វាថ្លៃជាងពីមុន៥០%ឯណោះ »។

លោក កុន បានបន្ថែមថា លោក និងកសិករផ្សេងទៀតបានដាំឡើងវិញ និងពង្រីកដីដាំដុះ បន្ទាប់តម្លៃឡើងថ្លៃ ជាង៥០% ក្នុងឆ្នាំ២០១៨។ លោក បានពង្រីកដីដាំដុះ​ បន្ថែមទៀតចំនួន៤ហិកតា។

កសកិករ ម្នាក់ទៀត អ្នកស្រី សុត  សុខខឿន អាយុ ៥៧ឆ្នាំ នៅស្រុកតំបែ ខេត្តត្បូងឃុំ បានឲ្យដឹងថា អ្នកស្រីដាំដំឡូងមីជាង១០ឆ្នាំមកហើយ លើផ្ទៃដី៥ហិចតា។ ប៉ុន្តែដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក ធ្វើឲ្យអ្នកស្រីទទួលរងនូវការខាតបង់ ហើយនៅឆ្នាំបន្ទាប់ អ្នកស្រីបានផ្អាកការដាំមួយរយៈ។

ឥឡូវនេះ អ្នកស្រីចាប់ផ្តើមដាំឡើងវិញ ដោយសារឃើញតម្លៃទីផ្សារកាលពីឆ្នាំមុនឡើង។ អ្នកស្រីលក់ដំឡូងមីឲ្យឈ្មួញខ្មែរ​ និងយកទៅលក់បន្តនៅវៀតណាម។ ដំឡូងមីស្រស់ មានតម្លៃ ៣០០រៀល ក្នុង១គីឡូក្រាម។

អ្នកស្រី សុត សុខខឿន និយាយថា៖ «ផ្អាកម៉ារយ:ហើយ ម៉ារយ:ក្រោយមកថោកពេកអត់រួចខ្លួន។ […….]រយៈពេល២ឆ្នាំក្រោយនេះរាងឡើងវិញ កាលមុនហ្នឹងធ្លាក់ចុះ។ ឆ្នាំហ្នឹងប្រហែលជាខែ៣ អីរើដីដាំដែរ»។

ឈ្មួញទិញដំឡូងមី លោក អ៊ាន ស៊ីវ អាយុ ៥៥ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដំឡូងមីឡើងថ្លៃវិញ។ លោកទិញ ពីកសិករ​ តម្លៃ៣០០រៀល ក្នុងមួយ គីឡូក្រាម និងយកទៅលក់នៅវៀតណាមក្នុងតម្លៃ៣៥០-៤០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់។ លោកថាតម្លៃដំឡូងមី ឡើងឬចុះ អាស្រ័យលើឈ្មួញវៀតណាមជាអ្នកកំណត់។

លោកបានបន្ថែមថា «ទទួលទិញទាំងអស់ ឲ្យតែមាន។ ខាងវៀតណាមជាអ្នកឲ្យថ្លៃ អត់មានឲ្យថ្លៃនៅលើយើងទេ។ អត់មានតម្លៃនៅខ្លួនឯងអត់»។

ប្រធាន​គម្រោង​របស់​ UNDP លោក លាង រ័ត្នម៉ាណា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី កាលពីដើម ខែវិច្ឆិកា  ឆ្នាំ២០១៩ ឲ្យដឹងថា ដំឡូងមីកម្ពុជា​មានទីផ្សារធំ នៅប្រទេសវៀតណាម ដោយសារតែប្រទេសនេះ បង្កើនផ្ទៃដីដាំដំណាំផ្លែឈើ ជាងដាំដំឡូងមី។

លោក លាង រ័ត្នម៉ាណា និយាយថា «ផ្ទៃដីដាំដុះនៅក្នុងប្រទេសវៀតណាមចាប់ផ្ដើមថយចុះ ដោយសារគោលនយោបាយ ប្រទេសវៀតណាមបានផ្ដល់ គឺលើដំណាំដែលមានផលិតផលខ្ពស់ដូចជាផ្លែឈើ។ ចឹងយើងអត់មានអីបារម្ភទេ ចឹងខាង  វៀតណាមគាត់ខ្វះដំឡូងមីទៅវិញ ដោយសារប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានទិញដំឡូងមីស្រស់ពីប្រទេសកម្ពុជា ក្នុងបរិមាណដ៏ច្រើនលើសលប់ ហើយឲ្យតម្លៃខ្ពស់ច្រើនជាងថែមទៀត»។

លោក ម៉ៅ ថូរ៉ា ​រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមី  ឲ្យដឹងថា ខាងក្រសួងពាណិជ្ជកម្មបានរៀបចំ គោលនយោបាយ ដាក់ស្នើសុំដល់រាជរដ្ឋាភិបាល ដើម្បីឲ្យដំឡូងមីអាចបញ្ចូលក្នុងគោលនយោបាយដូចស្រូវអង្ករដែរ។ លោកថា កសិករដែល ដាំដំឡូងមី មានច្រើន បន្ទាប់ពីដំណាំស្រូវ។

លោក ម៉ៅ ថូរ៉ា មានប្រសាសន៍ថា៖ «យើងពិនិត្យឃើញថា ប្រជាកសិករ គាត់បានអនុវត្ត បានធ្វើអាជីវកម្មលើដំឡូងមីនេះច្រើន បន្ទាប់ពីស្រូវ។ ជិតកន្លះលានគ្រួសារដែលធ្វើ»។

របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា​ បច្ចុប្បន្ន​ ប្រទេស​វៀតណាម និង​ថៃ គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​នៃ​ដំណាំ​ដំឡូង​មី​កម្ពុជា ​ ខណះ​ក្នុង​រយៈពេល​១០​ខែ ​នៃ​ឆ្នាំ​២០១៩​នេះ ​កម្ពុជា​នាំ​ចេញ​ដំឡូង​មី​ទាំង​ក្រៀម ស្រស់ និង​ម្សៅ​ ទៅ​លក់​ក្រៅ​ប្រទេស​បាន​​ជាង ​២លាន ​៣សែន​តោន។