ចំនួនយុវជនខ្មែរ ចាប់អារម្មណ៍ក្នុងការអានសៀវភៅ មានការកើនឡើងគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសៀវភៅបែបប្រលោមលោក និងសៀវភៅទស្សនៈ របស់បុគ្គលល្បីៗ ដើម្បីបង្កើនចំណេះដឹង និងកាត់បន្ថយភាពតានតឹង។
អ្នកធ្វើការផ្នែកបោះពុម្ពផ្សាយ និងអ្នកនិពន្ធសៀវភៅ បានលើកឡើងថា ចំនួនសៀវភៅបោះពុម្ពលក់ និងចែកចាយមានការកើនឡើង ដោយសារយុវជនខ្មែរងាកមកអានសៀវភៅ ជាចំណេះដឹង និងអ្នកខ្លះទៀត អានសម្រាប់ជាការកម្សាន្តដើម្បីអប់រំចិត្តធ្វើអោយផ្លូវចិត្តរឹងមាំ។
លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាគារជាតិ មានប្រសាសន៍ថា កត្តាដែលជួយដល់ កំណើនការអាននេះ គឺតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយតៗគ្នា ពីម្នាក់ទៅម្នាក់ រៀបចំតាំងពិពណ៌ និងផ្តល់ជូនដោយពុំគិតថ្លៃ។
លោកស្រី វិបុលឡា បានកត់សម្គាល់ថា ក្នុងឆ្នាំ២០១០ ចំនួនអ្នកចាប់អារម្មណ៍ ចូលរួម តាំងពិពណ៌សៀវភៅ មានចំនួនត្រឹមតែ ៧០០ ទៅ១០០០នាក់ប៉ុណ្ណោះ ដែលចំនួននេះ បង្ហាញអំពីកំណើនអ្នកអាននៅកម្ពុជា មានចំនួនតិចតួចនៅឡើយ។ ប៉ុន្តែកំណើនអ្នកអាន មានការកើនឡើងខ្ពស់ ក្នុងការតាំងពិពណ៌សៀវភៅលើកទី៨ កាលពីថ្ងៃទី ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ ឆ្នូ ឆ្នាំ២០១៩កន្លងទៅ ដែលមានចំនួនអ្នកចូលរូមរហូត ជិត១៨ម៉ឺននាក់។ ចំនួននេះបើធៀបទៅនឹងការចូលរួមតាំងពិពណ៌កាលពីឆ្នាំ២០១៨ មានចំនួន១៣ម៉ឺននាក់ គឺកើន ៥ម៉ឺននាក់។
លោកស្រី វិបុលឡា មានប្រសាសន៍ថា៖ «តាមរយៈការតាំងពិពណ៌សៀវភៅ៣ថ្ងៃនៅបណ្ណាល័យជាតិ ដែលយើងធ្វើកាលពីថ្ងៃទី១៣ ខ្ញុំគិតថា ភាគច្រើនអ្នកមកចូលរួមទិញសៀវភៅគឺយុវជនចូលរួម អ៊ីចឹងខ្ញុំគិតថា យុវជនឈានទៅរកការអានសៀវភៅបានច្រើន»។
អ្នកស្រី វិបុលឡា បានបន្តថា ចំពោះអ្នកអាន ជាទូទៅប្រចាំថ្ងៃ ក្នុងបណ្ណាល័យជាតិវិញ គឺមានពី១៤០នាក់ ទៅ២០០នាក់ក្នុងមួយថ្ងៃៗ។ សម្រាប់ថ្ងៃដែល និស្សិតត្រូវធ្វើកិច្ចការសាលាវិញ គឺមានចំនួនលើសពីនេះ។
លោកស្រី វិបុលឡា បានបន្ថែមថា សៀវភៅដែលលក់ដាច់ជាងគេ ក្នុងកម្មវិធីពិពណ៌សៀវភៅ គឹសៀវភៅប្រលោមលោក ដែលនិពន្ធដោយ លោក ម៉ុង ម៉ានិត ដោយត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ សៀវភៅរបស់លោកបានលក់ដាច់រហតូដល់ទៅ៦០០០ក្បាល ។
ចំណែក លោក សុខ ចាន់ផល ជាអតីតអ្នកនិពន្ធចម្រៀង នៅផលិតកម្មរស្មីហង្ស មាស ហើយបច្ចុប្បន្នជាអ្នកនិពន្ធសៀវភៅប្រលោមលោក ដែលទទួលបានការគាំទ្រច្រើនពីយុវជនដែរនោះ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ អំពីកំណើននៃអ្នកអានសៀវភៅ ដោយភាគច្រើនជាយុវជន និស្សិត ហើយប្រភេទសៀវភៅដែលពេញនិយមដាច់ជាងគេ គឺសៀវភៅប្រលោមលោក។
លោក ចាន់ផល មានប្រសាសន៍ថា៖ «ការតាំងពិពណ៌ឆ្នាំនេះខ្ញុំ មានការចាប់អារម្មណ៍ខ្លាំងមែនទែន ដែលបានឃើញពួកគាត់ចូលរួមច្រើនជាងឆ្នាំមុន…ដោយភាគច្រើនគឺគាត់ចូលចិត្តសៀវភៅបែបប្រលោមលោកមនោសញ្ចេតនា »។
លោក ចាន់ផល បានលើកឡើងបន្ថែមថា រាល់ពេលមានការតាំងពិពណ៌សៀវភៅ អ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនារូបនេះ តែងចូលរួមហើយឆ្នាំបន្ទាប់ទៀត លោកថា នឹងចូលរួមបន្តទៀត ដោយលោករំពឹងថា នឹងកើនជារៀងរាល់ឆ្នាំនៃចំនួនអ្នកអាន។
គិតត្រឹមឆ្នាំ២០១៩ លោក ចាន់ផល បាននិពន្ធ គឺ៧ស្នាដៃ ហើយស្នាដៃដែលមានការពេញនិយមពីសំណាក់យុវជនខ្លាំងជាងគេ គឺសៀវភៅប្រលោមលោកគឺ សង្សារ១៤ថ្ងៃ។ សៀវភៅនេះ ត្រូវបានផលិតកម្មមួយ យកទៅផលិតជាខ្សែភាពយន្ត ដែលនឹងចាក់បញ្ចាំងនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុនេះ។ ការនិពន្ធសៀភៅផ្តោតទៅលើយុវជនេះ គឺលោកចង់ឲ្យយុវជនយល់ដឹងអំពីជម្ងឺបាក់ទឹកចិត្ត និង ការលើកទឹកចិត្ត អប់រំចិត្តយុវជន។
ចំណែកនិស្សិតវ័យក្មេងម្នាក់កំពុងរកសៀវភៅក្នុងបណ្ណាល័យជាតិ គឺយុវជន ណោ ឆាយ វ័យ២២ឆ្នាំ មកពីខេត្តតាកែវ សិក្សានៅសកវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតផ្នែកអក្សរសាស្រ្តឆ្នាំទី៤ បានរៀបរាប់ពីការកត់សម្គាល់របស់ខ្លួនថា កំណើននៃអ្នកអាននាពេលបច្ចុប្បន្ននេះ គឺមានការកើនជាងឆ្នាំមុនៗ។ កំណើននេះគឺដោយសាររដ្ឋាភិបាល ជួយលើកស្ទួយពង្រឹងវិស័យអប់រំ។ លោកធ្លាប់ចូលរួមព្រឹត្តិការណ៍តាំងពិពណ៌សៀវភៅលើកទី៨ កាលពីពេលកន្លងទៅដែរ ដោយលោកសម្គាល់ឃើញ ភាគច្រើន ជានិស្សិតមកចូលរួម ហើយនិយមជាវសៀវភៅប្រភេទប្រលោមលោក។
លោក ឆាយ និយាយថា៖ «នៅពេលខ្ញុំអានសៀវភៅប្រលោមលោក ខ្ញុំអាចស្គាល់ស្នាដៃរៀមច្បង របស់យើង អាចឲ្យខ្ញុំចេះវិភាគរិះគន់ ពិចារណា វិនិច្ឆ័យឲ្យបានត្រឹមត្រូវ ជាពិសេសជួយកាត់បន្ថយភាពស្មុគស្មាញរបស់ខ្ញុំផងដែរ»។
ការលើកឡើងស្រដៀងគ្នានេះដែរ គឺម្ចាស់តូបលក់សៀវភៅ នៅខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ឈ្មោះ គី ណា អាយុ៥០ឆ្នាំមកពីខេត្តពោធិ៍សាត់។ អ្នកស្រីលក់សៀវភៅ ដាច់ជាងមុន ហើយសៀវភៅដែលលក់ដាច់ជាងគេ គឹប្រលោមលោក។
អ្នកស្រី ណា និយាយថា៖ «អ្នកអានសៀភៅ ក្នុងឆ្នាំនេះខ្ញុំយល់ថា មានកាកើនឡើងច្រើន…ហើយអ្នកមកទិញជាមន្រ្តីរាជការ និស្សិត ហើយគេចូលចិត្តទិញសៀវភៅប្រលោមលោក អប់រំគំនិត សៀវភៅប្រវត្តិសាស្រ្ត»។
យោងតាមរបាយការណ៍ វិទ្យាស្ថានជាតិស្ថិតិ បានឲ្យដឹងថា ត្រឹមឆ្នាំ២០១៧ ប្រជាជនកម្ពុជា ចាប់ពីអាយុ១៥ឆ្នាំឡើង ចេះអាន និងសរសេរកើនឡើងដល់ ៨២,៥០ភាគរយ។