ចំនួនយុវជន​ខ្មែ​រ ចាប់អារម្មណ៍ក្នុងការអានសៀវភៅ មាន​ការកើនឡើ​ង​​​​គួរអោយ​កត់​សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​​សៀវភៅបែប​​ប្រលោមលោក ​និងសៀវភៅទស្សនៈ ​របស់បុគ្គល​ល្បីៗ​ ដើម្បីបង្កើនចំណេះដឹង និងកាត់បន្ថយភាពតានតឹង។

អ្នកធ្វើការផ្នែកបោះពុម្ពផ្សាយ និងអ្នកនិពន្ធសៀវភៅ បានលើកឡើងថា ចំ​នួនសៀវភៅបោះពុម្ពលក់ និងចែកចាយមានការកើនឡើង ដោយសារយុវជនខ្មែរងាកមកអានសៀវភៅ ជាចំណេះដឹង​ និងអ្នកខ្លះទៀត អានសម្រាប់ជាការកម្សាន្តដើម្បីអប់រំចិត្តធ្វើអោយផ្លូវចិត្តរឹងមាំ។ ​

 លោកស្រី ខ្លូត វិបុលឡា​ ប្រធាន​បណ្ណាគារ​ជាតិ មានប្រសាសន៍ថា កត្តា​ដែល​ជួយ​ដល់​​ កំណើន​​ការអាននេះ គឺ​តាមរយៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម និង​​ការផ្សព្វផ្សាយ​​តៗគ្នា ​ពីម្នាក់​ទៅម្នាក់ រៀបចំតាំងពិពណ៌ និងផ្តល់ជូនដោយពុំគិតថ្លៃ។

លោកស្រី វិបុលឡា បានកត់សម្គាល់ថា ក្នុងឆ្នាំ​២០១០ ចំនួន​​អ្នកចាប់អារម្មណ៍ ​​ចូលរួម ​​​តាំង​ពិពណ៌​សៀវភៅ មាន​ចំនួន​​ត្រឹមតែ ៧០០ ទៅ១០០០នាក់​ប៉ុណ្ណោះ ដែល​​ចំនួននេះ ​​បង្ហាញ​​អំពី​កំណើន​​អ្នក​អាន​​នៅ​កម្ពុជា មាន​ចំនួន​​តិចតួច​​​​នៅឡើយ។ ប៉ុន្តែ​កំណើន​​អ្នកអាន​​ មានការកើនឡើងខ្ពស់ ក្នុងការ​តាំង​ពិពណ៌​សៀវភៅ​​លើកទី៨ កាល​ពីថ្ងៃ​ទី ថ្ងៃទី១៣  ដល់ថ្ងៃទី១៥ ខែ ឆ្នូ ឆ្នាំ២០១៩កន្លង​​ទៅ ដែលមានចំនួនអ្នកចូលរូម​​រហូត ជិត១៨ម៉ឺននាក់។ ចំនួន​នេះ​​បើ​ធៀប​ទៅ​នឹង​ការ​ចូលរួម​​តាំង​ពិពណ៌​​កាល​ពីឆ្នាំ​២០១៨ មានចំនួន​១៣ម៉ឺន​​នាក់ ​គឺ​កើន ៥ម៉ឺន​នាក់។

លោកស្រី វិបុលឡា មានប្រសាសន៍ថា៖ «តាមរយៈ​​ការតាំងពិពណ៌​សៀវភៅ​​៣ថ្ងៃ​​នៅបណ្ណាល័យជាតិ​ ដែលយើង​ធ្វើ​កាលពីថ្ងៃទី​១៣ ខ្ញុំគិតថា ភាគច្រើន​អ្នកមក​ចូលរួម​ទិញ​សៀវភៅ​គឺយុវជន​ចូលរួម អ៊ីចឹងខ្ញុំ​គិតថា យុវជន​ឈានទៅរក​ការអាន​សៀវភៅ​បានច្រើន»។

យុវតីជានិស្សិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក រកសៀវភៅអានបែបប្រលោមលោក ថ្ងៃទី២ ខែមករា ឆ្នាំ២០២០  (ថតដោយ៖ លី ចាន់សុផល)

 អ្នកស្រី វិបុលឡា បានបន្តថា ចំពោះ​អ្នកអាន ​ជាទូទៅ​ប្រចាំថ្ងៃ ​ក្នុង​បណ្ណាល័យ​ជាតិវិញ គឺមានពី​១៤០នាក់ ទៅ២០០នាក់​ក្នុងមួយថ្ងៃៗ។ សម្រាប់ថ្ងៃ​ដែល​​​ ​និស្សិត​ត្រូវធ្វើ​កិច្ចការ​សាលាវិញ គឺមាន​ចំនួន​លើស​ពីនេះ។

លោកស្រី វិបុលឡា  ​បានបន្ថែមថា សៀវភៅដែលលក់ដាច់ជាងគេ ក្នុងកម្មវិធីពិពណ៌សៀវភៅ គឹសៀវភៅប្រលោមលោក ដែលនិពន្ធដោយ ​លោក ម៉ុង ម៉ានិត ដោយត្រឹម​រយៈពេល​តែ ៣ថ្ងៃប៉ុណ្ណោះ សៀវភៅ​របស់លោក​បានលក់​ដាច់​រហតូដល់​ទៅ៦០០០ក្បាល ។

ចំណែក ​លោក សុខ ​ចាន់ផល ជាអតីត​អ្នកនិពន្ធ​ចម្រៀង ​នៅ​ផលិត​កម្ម​រស្មី​ហង្ស មាស ហើយ​បច្ចុប្បន្ន​ជាអ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពីយុវជន​ដែរនោះ ក៏បាន​លើកឡើង​ស្រដៀង​គ្នានេះដែរ អំពី​កំណើន​នៃអ្នក​អាន​សៀវភៅ ដោយ​ភាគ​ច្រើន​ជាយុវជន និស្សិត ហើយ​ប្រភេទ​សៀវភៅ​ដែលពេញ​និយម​ដាច់ជាងគេ គឺសៀវភៅ​ប្រលោម​លោក។

លោក​ ចាន់ផល មានប្រសាសន៍ថា៖ «ការតាំង​ពិពណ៌​ឆ្នាំនេះខ្ញុំ មានការចាប់អារម្មណ៍​ខ្លាំង​មែន​ទែន ​ដែលបាន​ឃើញ​ពួកគាត់​ចូលរួម​ច្រើន​ជាង​ឆ្នាំមុន…ដោយ​ភាគច្រើន​គឺគាត់​ចូលចិត្ត​សៀវភៅ​បែប​ប្រលោម​លោក​មនោសញ្ចេតនា »។

លោក​ ចាន់ផល បាន​លើកឡើង​បន្ថែមថា រាល់​ពេល​មាន​ការ​តាំង​ពិពណ៌​សៀវភៅ អ្នកនិពន្ធ​ប្រលោមលោក​មនោសញ្ចេតនា​រូបនេះ តែង​ចូលរួម​ហើយឆ្នាំ​បន្ទាប់​ទៀត លោកថា នឹងចូលរួម​បន្តទៀត ដោយ​លោក​រំពឹងថា នឹងកើន​ជារៀងរាល់​ឆ្នាំ​នៃចំនួន​អ្នកអាន។

គិតត្រឹមឆ្នាំ២០១៩ ​លោក ចាន់ផល ​បាននិពន្ធ គឺ៧​ស្នាដៃ ហើយ​ស្នាដៃ​ដែល​មាន​ការពេញ​និយម​ពីសំណាក់​យុវជន​ខ្លាំង​ជាងគេ គឺសៀវភៅ​ប្រលោមលោកគឺ សង្សារ​១៤ថ្ងៃ។ ​​សៀវភៅនេះ ត្រូវបាន​ផលិតកម្ម​មួយ ​យកទៅផលិត​ជាខ្សែភាពយន្ត ​ដែលនឹងចាក់​បញ្ចាំង​នៅខែកុម្ភៈ ឆ្នាំ២០២០​ខាងមុនេះ​​។ ការនិពន្ធ​សៀភៅ​ផ្តោត​ទៅលើ​យុវជនេះ គឺលោកចង់​ឲ្យ​យុវជន​យល់ដឹង​អំពី​ជម្ងឺ​បាក់ទឹកចិត្ត  និង ការលើក​ទឹកចិត្ត អប់រំ​ចិត្ត​យុវជន។

ចំណែក​និស្សិត​វ័យក្មេង​ម្នាក់​កំពុង​​រកសៀវភៅ​ក្នុងបណ្ណាល័យជាតិ គឺយុវជន ណោ ឆាយ វ័យ២២ឆ្នាំ មកពីខេត្ត​តាកែវ​ សិក្សា​នៅ​សកវិទ្យាល័យ​ភូមិន្ទភ្នំពេញ ជានិស្សិត​ផ្នែកអក្សរសាស្រ្តឆ្នាំទី៤ បាន​រៀបរាប់​ពីការ​កត់​សម្គាល់​របស់ខ្លួនថា កំណើន​នៃអ្នកអាន​នាពេល​បច្ចុប្បន្ននេះ គឺមាន​ការកើន​ជាងឆ្នាំ​មុនៗ។ ​កំណើន​នេះ​គឺដោយសា​ររដ្ឋាភិបាល ជួយ​លើកស្ទួយ​ពង្រឹង​វិស័យអប់រំ​។ លោកធ្លាប់ចូលរួម​ព្រឹត្តិការណ៍​តាំងពិពណ៌​សៀវភៅ​លើកទី៨​ កាល​ពី​ពេល​កន្លង​ទៅដែរ ដោយ​លោក​សម្គាល់​ឃើញ ភាគ​ច្រើន ​ជានិស្សិត​មកចូល​រួម ហើយ​និយម​ជាវ​សៀវភៅ​ប្រភេទ​ប្រលោមលោក។

 លោក ឆាយ និយាយថា៖ «នៅពេលខ្ញុំអានសៀវភៅប្រលោមលោក ខ្ញុំអាចស្គាល់ស្នាដៃរៀមច្បង របស់យើង អាចឲ្យខ្ញុំចេះវិភាគរិះគន់ ពិចារណា វិនិច្ឆ័យឲ្យបានត្រឹមត្រូវ ជាពិសេសជួយកាត់បន្ថយភាពស្មុគស្មាញរបស់ខ្ញុំផងដែរ»។

ការ​លើកឡើង​ស្រដៀង​គ្នា​នេះ​ដែរ គឺម្ចាស់តូប​លក់​សៀវភៅ ​នៅ​ខាងក្រោយ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ឈ្មោះ គី ណា អាយុ៥០​ឆ្នាំមកពី​ខេត្តពោធិ៍សាត់។​ អ្នកស្រីលក់សៀវភៅ ដាច់ជាងមុន ហើយសៀវភៅដែលលក់ដាច់ជាងគេ គឹប្រលោមលោក។

អ្នកស្រី ណា​ និយាយថា៖ «អ្នកអាន​​សៀភៅ​ ក្នុងឆ្នាំនេះ​ខ្ញុំ​យល់ថា មាន​កាកើន​ឡើងច្រើន…ហើយ​អ្នក​មក​ទិញ​ជាមន្រ្តីរាជការ និស្សិត ហើយ​គេ​ចូលចិត្ត​ទិញ​សៀវភៅ​ប្រលោមលោក អប់រំគំនិត  សៀវភៅ​ប្រវត្តិសាស្រ្ត»។

យោងតាមរបាយការណ៍ វិទ្យាស្ថានជាតិស្ថិតិ បានឲ្យដឹងថា ត្រឹមឆ្នាំ២០១៧ ប្រជាជនកម្ពុជា ចាប់ពីអាយុ១៥ឆ្នាំឡើង ចេះអាន និងសរសេរកើនឡើងដល់ ៨២,៥០ភាគរយ។