ប្រជាពលរដ្ឋ ជាង១០០នាក់ មកពីខេត្តស្វាយរៀង និងត្បូងឃ្មុំ បាននាំគ្នាមកដាក់ញ្ញត្តិ នៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីស្វែង រកអន្តរាមគន៍ ឲ្យដោះលែងតំណាង របស់ពួកគេ និងដោះស្រាយ បញ្ហដីធ្លី ជាមួយក្រុមហ៊ុន ចិន និងឥណ្ឌា ដែលអូសបន្លាយ ជាច្រើនឆ្នាំមកហើយ។
ប្រជាសហគមន៍៤ មកពីខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ បានប្រមូលផ្តុំគ្នា មុខក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយស្នើឲ្យ ស្ថាប័នទាំងពីរ ជួយអន្តរាគន៍ដោះលែងតំណាងរបស់ពួកគេម្នាក់ ដែលបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
តំណាងសហគមន៍មកពី ខេត្តត្បូងឃ្មុំ គឺលោក ហៀង សុខហាន បានថ្លែងថា សហគមន៍៣គឺ កំប្រើស ស្រែប្រាំង និងបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ ចំនួន១៨២គ្រួសារ មានជម្លោះធ្លីជាង១២០០ហិកតា ជាមួយក្រុមហ៊ុនចិន ហាមីនីវីស អ៊ីនវេសមេន ជិត១០ឆ្នាំមកហើយ ដោយពុំមានដំណោះស្រាយ។ លោកថា បញ្ហាអូសបន្លាយនេះធ្វើឲ្យប៉ះពាល់ ដល់ជីវាភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងមានជម្លោះ។
លោក សុខហាន និយាយថា៖ «ពួកយើងអត់ឃ្លាន គ្មានស៊ី ហើយទើបបានប្រជាពលរដ្ឋមករករដ្ឋាភិបាលនិងអ្នកពាក់ពន្ធ័ជួយរកដំណោះស្រាយបែបនេះ»។
លោក សុខហាន បានបន្ថែមថា ប្រសិនបើក្រសួង មិនអន្តរាគមន៍ ដោះលែងតំណាង របស់ពួកគេ និងឆ្លើយតជាវិជ្ជមាននោះទេ លោកនិងប្រជាសហគមន៍នឹងបន្តដាក់ញាត្តិទៀត។
ប្រជាពលរដ្ឋម្នាក់ទៀត លោក បឿន រ៉ាវ៉េត ត្រូវជាប្អូនជីដូនមួយរបស់ សកម្មជនដីធ្លីដែលបានត្រូវឃាត់ខ្លួន គឺ លោក សែម សាង បាននិយាយថា ដោយសារបញ្ហាអូសបន្លាយ ដោយគ្មានដំណោះស្រាយ ទើបប្រជាពលរដ្ឋតវ៉ា និងឈានដល់ការចាប់ខ្លួនបងជីដូនមួយរបស់ខ្លួន។
លោក រ៉ាវេត និយាយថា៖ «រង់ចាំអាជ្ញាធរ មិនទាន់មានវិធានការដោះស្រាយ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ»។
លោក សែម សាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ តាមដីកាចុះថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ដែលចេញដោយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៃ ណៃហេង។ ក្នុងដីកានោះ បានបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបតាម ប្រព័ន្ធសង្គមតេឡេក្រាមថា ក្រសួងបានទទួលញ្ញត្តិ និងកំពុងពិនិត្យ។ ទោះជាយ៉ាងណា លោកថា ក្រសួងមិនអាចជ្រៀតជ្រែកនិតិវិធីតុលាការ បាននោះទេ។
លោក ជិន ម៉ាលី លើកឡើងថា៖ «ក្រសួង អាចនឹងបញ្ជូនសំណើរនេះទៅកាន់តុលាការដើម្បីពិនិត្យនិងដោះស្រាយតាមនីតិវិធីច្បាប់។ លើកលែងតែមានមូលដ្ឋានច្បាស់លាស់បង្ហាញពីភាពមិនប្រក្រតីឬកំហុសឆ្គងនៃការអនុវត្តនីតិវិធី និងការសម្រេចសេចក្តីរបស់ចៅក្រម»។
ប្រជាសហកមន៍មកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន ផ្ដល់បទសម្ភាសន៍ជាមួយVOD ថាប្រជាពលរដ្ឋជាង ៤៤០គ្រួសារ នៅឃុំអំពិលស្រុករមាហែក ខេត្តស្វាយរៀង មានជម្លោះ ជាមួយក្រុមហ៊ុនដាំអំពៅ លើផ្ទៃដីលើដីទំហំ៦៧០ហិកតា តាំងពីឆ្នាំ២០១០។ អ្នកស្រីថា ជម្លោះនេះ អាជ្ញាធរគ្មានលទ្ធភាពដោះស្រាយជូនពួកគាត់ទេ ធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពប្តឹងពួកគាត់ទៅតុលាការទៀតផង ពីបទកាន់កាប់ដីក្រុមហ៊ុន
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បាននិយាយថា ការពន្យាពេលដោះស្រាយ បញ្ហាដីធ្លីជូនពលរដ្ឋ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ម្យ៉ាងវិញទៀត នៅពេលដែលជម្លោះបន្តអូសបន្លាយ តំណាងរបស់ពួកគេអាចប្រឈមនឹងការចាប់ខ្លួនផងដែរ។
លោក សាវឿន បានបន្តថា «ប្រសិនបើអាជ្ញាធរបន្តពន្យាពេលលើរឿងនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រទៅៗ។ ហើយនឹងធ្វើឲ្យបញ្ហាសង្គមកើតមានឡើង ប្រជាពលរដ្ឋអត់ការងារ អត់មុខរបរធ្វើស្រែ»។
រាយការណ៍បន្ថែមដោយ លី មីសាន (Ly Misan) និង ទុយ អេងលី (Tuy Engly)