ប្រជាពលរដ្ឋ ជាង១០០នាក់ មកពីខេត្តស្វាយរៀង និងត្បូងឃ្មុំ បាននាំគ្នាមកដាក់ញ្ញត្តិ នៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីស្វែង រកអន្តរាមគន៍ ឲ្យដោះលែងតំណាង របស់ពួកគេ និងដោះស្រាយ បញ្ហដីធ្លី ជាមួយក្រុមហ៊ុន ចិន​​ និងឥណ្ឌា ដែលអូសបន្លាយ ជាច្រើនឆ្នាំមកហើយ។

ប្រជាសហគមន៍៤ មកពីខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ បានប្រមូលផ្តុំគ្នា មុខក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ​ ដោយស្នើឲ្យ ស្ថាប័នទាំងពីរ ជួយអន្តរាគន៍ដោះលែងតំណាងរបស់ពួកគេម្នាក់ ដែលបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

តំណាងសហគមន៍មកពី ខេត្តត្បូងឃ្មុំ គឺលោក ហៀង សុខហាន បានថ្លែងថា សហគមន៍៣គឺ កំប្រើស ស្រែប្រាំង និងបុស្សស្នោ​​ ឃុំត្រពាំងព្រីង ស្រុកតំបែរ ចំនួន១៨២គ្រួសារ មានជម្លោះធ្លីជាង១២០០​ហិកតា ជាមួយក្រុមហ៊ុនចិន ហាមីនីវីស អ៊ីនវេសមេន ជិត១០ឆ្នាំមកហើយ ដោយពុំមានដំណោះស្រាយ។ លោកថា បញ្ហាអូសបន្លាយនេះធ្វើឲ្យប៉ះពាល់ ដល់ជីវាភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងមានជម្លោះ។

លោក សុខហាន និយាយថា៖ «ពួកយើងអត់ឃ្លាន គ្មានស៊ី ហើយទើបបានប្រជាពលរដ្ឋមករករដ្ឋាភិបាលនិងអ្នកពាក់ពន្ធ័ជួយរកដំណោះស្រាយបែបនេះ»

លោក សុខហាន បានបន្ថែមថា ប្រសិនបើក្រសួង មិនអន្តរាគមន៍ ដោះលែងតំណាង របស់ពួកគេ និងឆ្លើយតជាវិជ្ជមាននោះទេ លោកនិងប្រជាសហគមន៍នឹងបន្តដាក់ញាត្តិទៀត។

ប្រជាពលរដ្ឋម្នាក់ទៀត លោក​ បឿន រ៉ាវ៉េត ត្រូវជាប្អូនជីដូនមួយរបស់ សកម្មជនដីធ្លីដែលបានត្រូវឃាត់ខ្លួន គឺ លោក សែម សាង បាននិយាយថា ដោយសារបញ្ហាអូសបន្លាយ ដោយគ្មានដំណោះស្រាយ ទើបប្រជាពលរដ្ឋតវ៉ា និងឈានដល់ការចាប់ខ្លួនបងជីដូនមួយរបស់ខ្លួន។

លោក រ៉ាវេត និយាយថា៖ «រង់ចាំអាជ្ញាធរ មិនទាន់មានវិធានការដោះស្រាយ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ»

លោក​ សែម សាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ តាមដីកាចុះថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩  ដែលចេញដោយ ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តត្បូង​ឃ្មុំលោក ហៃ ណៃហេង។ ក្នុងដីកានោះ បានបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្ត​កាល​ពីឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបតាម ប្រព័ន្ធសង្គមតេឡេក្រាមថា ក្រសួងបានទទួលញ្ញត្តិ និងកំពុងពិនិត្យ។ ទោះជាយ៉ាងណា​ លោកថា ក្រសួងមិនអាចជ្រៀតជ្រែកនិតិវិធីតុលាការ បាននោះទេ។​

លោក ជិន ម៉ាលី លើកឡើងថា៖ «ក្រសួង អាចនឹងបញ្ជូនសំណើរនេះទៅកាន់តុលាការដើម្បីពិនិត្យនិងដោះស្រាយតាមនីតិវិធីច្បាប់។ លើកលែងតែមានមូលដ្ឋានច្បាស់លាស់បង្ហាញពីភាពមិនប្រក្រតីឬកំហុសឆ្គងនៃការអនុវត្តនីតិវិធី និងការសម្រេចសេចក្តីរបស់ចៅក្រម»

ប្រជាសហកមន៍មកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន ផ្ដល់បទសម្ភាសន៍ជាមួយVOD ថាប្រជាពលរដ្ឋជាង ៤៤០គ្រួសារ នៅឃុំអំពិលស្រុករមាហែក ខេត្តស្វាយរៀង មានជម្លោះ ជាមួយក្រុមហ៊ុនដាំអំពៅ លើផ្ទៃដីលើដីទំហំ៦៧០ហិកតា តាំងពីឆ្នាំ២០១០។ អ្នកស្រីថា ជម្លោះនេះ អាជ្ញាធរគ្មានលទ្ធភាពដោះស្រាយជូនពួកគាត់ទេ ធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពប្តឹងពួកគាត់ទៅតុលាការទៀតផង ពីបទកាន់កាប់ដីក្រុមហ៊ុន

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង​ សាវឿ​ន បាននិយាយថា ការពន្យាពេលដោះស្រាយ បញ្ហាដីធ្លីជូនពលរដ្ឋ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ម្យ៉ាងវិញទៀត​ នៅពេលដែលជម្លោះបន្តអូសបន្លាយ តំណាងរបស់ពួកគេអាចប្រឈមនឹងការចាប់ខ្លួនផងដែរ។

លោក សាវឿន បានបន្តថា «ប្រសិនបើអាជ្ញាធរបន្តពន្យាពេលលើរឿងនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រទៅៗ។ ហើយនឹងធ្វើឲ្យបញ្ហាសង្គមកើតមានឡើង ប្រជាពលរដ្ឋអត់ការងារ អត់មុខរបរធ្វើស្រែ»។

រាយការណ៍បន្ថែមដោយ លី មីសាន (Ly Misan) និង ទុយ អេងលី (Tuy Engly)