បុគ្គលិក ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ប្រមាណជាង២០០០នាក់ បន្តនាំគ្នាធ្វើកូដកម្ម ទាមទារ តម្លើងប្រាក់ខែ និងតម្រូវឱ្យក្រុមហ៊ុននេះ ទទួលយកប្រធានសហជីព របស់ខ្លួន ចូលធ្វើការវិញ។

នេះជាថ្ងៃទី២ ហើយដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ប្រមូលផ្តុំគ្នា នៅមុខក្រុមហ៊ុន បន្ទាប់ពី ការចរចាគ្នាមិនត្រូវ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយពួកគេទាមទារឱ្យ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ និងដោះស្រាយលក្ខខណ្ឌការងារមួយចំនួន។

ក្រុមហ៊ុន ណាហ្គា វើលដ៏ បានព្យួការងារ កញ្ញា ឈឹម ស៊ីថរ កាលពីខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមហ៊ុនមួយនេះដឹងថា ក្រុមបុគ្គលិកគ្រោង ធ្វើយុទ្ធនាការទាមទារ ឲ្យថៅកែដំឡើងប្រាក់ឈ្នួលសមរម្យ។

កញ្ញា ឈុន សុខា ជាអនុប្រធានសហជីព ប្រចាំក្រុមហ៊ុន ណាហ្គាវើលដ៍ បានលើកឡើងថា កន្លងមកពួកគាត់បានធ្វើតាមនីតិវិធីនានា មួយចំនួនរួចមក ហើយជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារ ដើម្បីរកដំណោះស្រាយ។ ប៉ុន្ដែ បញ្ហានេះនៅមិនទាន់មាន ដំណោះស្រាយណាមួយ ដែលអាចទទួលយកបាននៅឡើយទេ។ ហើយការណ៍នេះ បាននាំឱ្យមានការមិនពេញចិត្ដ និងឈានមកដល់ការធ្វើកូដកម្មរបស់បុគ្គលិកជាងពីរពាន់នាក់។

បុគ្គលិក កាស៊ីណូ ណាហ្គាវើលដ៍ ប្រមូលផ្តុំធ្វើកូដកម្ម មុខក្រុមហ៊ុន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។ (រូបភាពដោយ៖ យី សារ៉ាត់)

កញ្ញា សុខា និយាយថា៖ «បណ្ដឹងរបស់បុគ្គលិក-កម្មករខ្មែរ មានចំនួនស្នាមផ្ដិតមេដៃ ៣០៥៥នាក់ តែក្រសួងការងារ មានបួនបណ្ដឹង ដែលបុគ្គលិកបានប្ដឹង។ តែបែរជាគាត់ហ៊ានអះអាងថា បណ្ដឹងទាំងបួនមានបណ្ដឹងនៅចំណុចទីមួយ ដែលពាក់ព័ន្ធបណ្ដឹងទម្លាក់ការព្យួរការងារចេញ គឺជាបណ្ដឹងវិវាទការងារបុគ្គលទៅវិញ ដល់ពេលបីចំណុចទៀតគាត់ចាត់ចែងជាវិវាទរួម»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញមក សម្របសម្រួល នឹងជម្រុញឲ្យតំណាងក្រុមហ៊ុន និងតំណាងបុគ្គលិកជួបចរចារគ្នា។ លោកបានប្រាប់ឲ្យអភិបាលខណ្ឌចំការមន ជាអ្នករៀបចំជំនួបចរចារនេះឡើងនៅរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

លោក​ ឃួង ស្រេង​មានប្រសាសន៍ថា៖ «ខ្ញុំក៏ បានប្រាប់ អភិបាលខណ្ឌ ចំការមន ដើម្បីឲ្យ ខាងក្រុមហ៊ុន ហៅតំណាង សហជីព ទៅចរចារគ្នា ក្នុងតុចរចារ ដោយផ្អែក ទៅតាមលក្ខណ្ឌច្បាប់ និងលក្ខណ្ឌការងារ»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅមុខ កាស៊ីណូ ណាហ្គាវើលដ៍ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។ (រូបភាពដោយ៖ យី សារ៉ាត់)

កាលពីរសៀលថ្ងៃព្រហស្បតិ៍  តំណាងបុគ្គលិក បានជួបប្រជុំជាមួយ តំណាងក្រុមហ៊ុន ណាហ្គាវើលដ៏អភិបាលខណ្ឌចំការមន និងអន្តរក្រសួង ប៉ុន្តែពុំទាន់មានដំណោះស្រាយនោះទេ។ 

រហូតមកដល់ព្រឹកថ្ងៃទី១០ ខែមករា នេះ បុគ្គលិកទាំងនោះ នៅតែបន្ដការធ្វើកូដកម្ម ដដែលដោយសារមិនទាន់មាន ដំណោះស្រាយ ណាមួយជូន ពួកគាត់នៅឡើយទេ។

កញ្ញា​ ឈុន សុខា បន្ថែមថា ពួកគេនឹងបន្តការធ្វើកូដកម្មនេះ រហូតទាល់តែក្រុមហ៊ុនមានដំណោះស្រាយជូនពួកគាត់។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបាននោះទេ។ 

រាយការណ៍បន្ថែមដោយ លី ចាន់សុផល (Ly Chansophal) និង សំ សុពេជ្រ (Sam Sopich)