ព្រះគ្រូសូត្រស្ដាំ គង់នៅវត្ដដំរីស ត្រូវបាន មន្ត្រីនៃមន្ទីរធម្មការ និងសាសនា ខេត្ដបាត់ដំបង និមន្តសាកសួរ បន្ទាប់ពីមាន ព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តនេះ ចូលរួមធម្មយាត្រា ជាមួយសកម្មជន អង្គការមាតាធម្មជាតិ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារ អាជ្ញាធររុះរើសំណង់ខុសច្បាប់។
ភិក្ខុ កើត សារ៉ាយ គង់នៅវត្តដំរីស មានសង្ឃដីការថា មន្ត្រីមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង បាន និមន្តព្រះគ្រូសូត្រស្តាំ ព្រះនាម ផុន សុខគា សាកសួរ ៣លើក ដោយសង្ស័យថា អនុញ្ញាតឲ្យព្រះអង្គចូលរួមធម្មយាត្រា ពីរាធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ កាលពីចុងខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
ភិក្ខុ កើត សារ៉ាយ មានសង្ឃដីការថា ការសាកសួរនេះ គឺជាការរឹតត្បិត ព្រះសង្ឃក្នុងការចូលរួម ការងារសង្គម។ ក្រៅពីនោះ ក៏មានសមត្ថកិច្ច ប្រដាប់ដោយអាវុធពីរនាក់ទៀត បានចុះមកសួរនាំ ក្រុមគ្រួសាររបស់ព្រះអង្គផងដែរ។
ព្រះភិក្ខុ កើត សារ៉ាយ មានសង្ឃដីការថា «អាត្មា ទទួលរង ការរឹតត្បិតសិទ្ធិសេរីភាព ពីមន្រ្តីអាជ្ញាធរ តាមមូលដ្ឋាននីមួយៗ។ ការធ្វើទុក្ខបុកម្នេញ នៅទីវត្តអារាម ដែលអាត្មាគង់នៅ ជាពិសេសគឺការកំរាមកំហែងដល់ក្រុមគ្រួសារអាត្មា នៅឯស្រុកកំណើត»។
ប្រធានក្រុមដឹកនាំយុទ្ធនាការដើរធម្មយាត្រា និងជាសកម្មជន នៃអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា បានឲ្យដឹងថា ការធ្វើធម្មយាត្រា ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានអ្នកចូលរួម ៥ នាក់ ក្នុងនោះ មានព្រះសង្ឃ២អង្គ។ នៅពេលធ្វើដំណើរ ពួកគេត្រូវបានមន្ដ្រីនៃមន្ទីរធម្មការ និងសាសនា ខេត្តតាមដងផ្លូវនោះ ចុះមកសួរនាំជាញឹកញាប់ ពីព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងព្រះសង្ឃផងដែរ។ លោកថា ការសួរនាំពីប្រវត្តិ របស់ព្រះសង្ឃ គឺជាការគម្រាមកំហែង និងរំខានដល់ការធ្វើដំណើរ របស់ពួកគេ។
លោក ថុន រដ្ឋា និយាយថា«យើងឃើញថា មានមន្ដ្រីដែលពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា តែងតែចុះមកសួររក រូបព្រះឆាយលក្ខរបស់ព្រះភិក្ខុ និងបានសួរនាំពីវត្ដរបស់ព្រះភិក្ខុគង់នៅអីជាដើម»។
អ្នកនាំពាក្យមន្ទីរធម្មការ និងសាសនាខេត្ដបាត់ដំបង លោក សេង សុមុន្នី បានលើកឡើងថា អ្វីដែលព្រះសង្ឃចូលរួមក្នុងសកម្មភាពនោះ មិនត្រូវនឹងវិន័យរបស់ព្រះសង្ឃនោះទេ។ លោកថា សកម្មភាពដែល ភិក្ខុ កើត សារ៉ាយ ចូលរួម កន្លងមក មិនមែនជាធម្មយាត្រាធម្មតានោះទេ។ វាគឺជាការធ្វើបាតុកម្មទៅវិញ។ ដូច្នេះ ការដែល និមន្តព្រះគ្រូសូត្រស្ដាំមកសួរនាំ គឺជាការធ្វើទៅតាមច្បាប់វិន័យរបស់សាសនាតែប៉ុណ្ណោះ។
លោក សេង សុមុន្នី មានប្រសាសន៍ថា «នៅក្នុងវិន័យពុទ្ធសាសនា នៅក្នុងវិន័យព្រះត្រៃបីដក លោកកំណត់ថាព្រះសង្ឃ លោកមិនអាចទៅធ្វើការប្រឆាំងតវ៉ា ឬក៏បាតុកម្មអីចឹងបានទេ។ នេះជាវិន័យសង្ឃ បើជាធម្មយាត្រា គឺគេដើរពិចារណាធម៌។ កន្លងមក គឺមានធម្មយាត្រាអីចឹងដែរ ប៉ុន្ដែធម្មយាត្រា បែបពិចារណាធម៌ប្រោស ប្រជាពុទ្ធបរិសទ្ធ តាមផ្លូវអីចឹង អាហ្នឹងមាន»។
ព្រះគ្រូសូត្រស្តាំ ផុន សុខគា មិនអាចទាក់ទង សុំសង្ឃដីការដើម្បីបំភ្លឺបាននោះទេ។
ចំណែកឯ លោក អំ សំអាត នាយករង ទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO)បានមានប្រាសាន៍ថា ព្រះសង្ឃមានតួនាទីចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ដូចជា ព្រៃឈើ សត្វព្រៃ និងធនធានដ៏ទៃទៀត។ ប៉ុន្តែ ព្រះសង្ឃមានបញ្ហាប្រឈម មួយចំនួនដែលរាំងស្ទះ ក្នុងការចូលរួម ការងារសង្គម ដោយរងសម្ពាធពីមន្រ្តីអាជ្ញាធរ ការគម្រាមកំហែង និងការបំភិតបំភ័យ តាមមធ្យោបាយផ្សេងៗ។
លោក អំ សំអាត មានប្រសាសន៍ថា «ព្រះសង្ឃ អត់មានបានធ្វើអំពើណាមួយ ដែលប៉ះពាល់ដល់អាបត្តិរបស់ព្រះសង្ឃ។ មូលហេតុគឺដោយសារមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង (Jing Ding) បានសាងសង់រំលោភបំពាន លើសម្បត្តិសាធារណៈ និងបានធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន ឆ្នេរសមុទ្រនៃកោះរ៉ុងសន្លឹម។ ប្រសិនបើ ព្រះសង្ឃបានព្រឹត្តិអំពើអបាយមុខផ្សេងៗ នោះទើបចាត់ទុកថាមានកំហុស។»គួររំលឹកផងដែរថា ដំណើរធម្មយាត្រានេះមានរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ធម្មយាត្រានេះ ធ្វើឡើងដើម្បីទាមទារ ឱ្យអាជ្ញាធរ ខេត្តព្រះសីហនុ បញ្ឈប់ និងចុះរុះរើសំណង់ ខុសច្បាប់មួយ ដែលសាងសង់ដោយ ក្រុមហ៊ុនកាស៊ីណូចិន ឈ្មោះជីន ទីង ដែលបានរំលោភលើដីឆ្នេរនៅកោះរ៉ុងសន្លឹម៕