ព្រះគ្រូសូត្រស្ដាំ គង់នៅវត្ដដំរីស ត្រូវបាន មន្ត្រីនៃមន្ទីរធម្មការ និងសាសនា ខេត្ដបាត់ដំបង និមន្តសាកសួរ បន្ទាប់ពីមាន ព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តនេះ ចូលរួមធម្មយាត្រា ជាមួយសកម្មជន អង្គការមាតាធម្មជាតិ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារ អាជ្ញាធររុះរើសំណង់ខុសច្បាប់។

ភិក្ខុ កើត​ សារ៉ាយ គង់នៅវត្តដំរីស មានសង្ឃដីការថា មន្ត្រីមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង​ បាន និមន្តព្រះគ្រូសូត្រស្តាំ ព្រះនាម ផុន​ សុខគា សាកសួរ ៣លើក ដោយសង្ស័យថា អនុញ្ញាតឲ្យព្រះអង្គចូលរួមធម្មយាត្រា​ ពីរាធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ កាលពីចុងខែតុលា​ និងដើមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

ភិក្ខុ កើត​ សារ៉ាយ មានសង្ឃដីការថា ការសាកសួរនេះ គឺជាការរឹតត្បិត ព្រះសង្ឃក្នុងការចូលរួម​ ការងារសង្គម។ ក្រៅពីនោះ ក៏មានសមត្ថកិច្ច ប្រដាប់ដោយអាវុធពីរនាក់ទៀត បានចុះមកសួរនាំ ក្រុមគ្រួសាររបស់ព្រះអង្គផងដែរ។

ព្រះភិក្ខុ កើត សារ៉ាយ មានសង្ឃដីការថា «អាត្មា ​ទទួលរង​ ការ​រឹតត្បិត​សិទ្ធិសេរីភាព​ ពីមន្រ្តីអាជ្ញាធរ​ តាមមូលដ្ឋាន​នីមួយ​ៗ។​ ការធ្វើ​ទុក្ខបុកម្នេញ​ នៅទីវត្ត​អារាម​ ដែល​អាត្មា​គង់នៅ​ ជាពិសេស​គឺ​ការកំរាមកំហែង​ដល់ក្រុមគ្រួសារ​អាត្មា​ នៅ​ឯ​ស្រុក​កំណើត»​

ប្រធានក្រុមដឹកនាំយុទ្ធនាការ​ដើរ​ធម្មយាត្រា និងជាសកម្មជន នៃអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា បានឲ្យដឹងថា​ ការធ្វើធម្មយាត្រា ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានអ្នកចូលរួម ៥ នាក់ ក្នុងនោះ មានព្រះសង្ឃ២អង្គ។ នៅពេលធ្វើដំណើរ ពួកគេត្រូវបានមន្ដ្រីនៃមន្ទីរធម្មការ និងសាសនា ខេត្តតាមដងផ្លូវនោះ ចុះមកសួរនាំជាញឹកញាប់ ពីព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងព្រះសង្ឃផងដែរ។ លោកថា​ ការសួរនាំពីប្រវត្តិ របស់ព្រះសង្ឃ គឺជាការគម្រាមកំហែង និងរំខានដល់ការធ្វើដំណើរ របស់ពួកគេ។

លោក ថុន រដ្ឋា និយាយថា«យើងឃើញថា មានមន្ដ្រីដែលពាក់ព័ន្ធ មន្ទីរធម្មការ​ និងសាសនា តែងតែចុះមកសួររក រូបព្រះឆាយលក្ខរបស់ព្រះភិក្ខុ និងបានសួរនាំពីវត្ដរបស់ព្រះភិក្ខុគង់នៅអីជាដើម»។

អ្នកនាំពាក្យមន្ទីរធម្មការ និងសាសនាខេត្ដបាត់ដំបង លោក សេង សុមុន្នី បានលើកឡើងថា អ្វីដែលព្រះសង្ឃចូលរួមក្នុងសកម្មភាពនោះ មិនត្រូវនឹងវិន័យរបស់ព្រះសង្ឃនោះទេ។ លោកថា សកម្មភាពដែល ភិក្ខុ កើត​ សារ៉ាយ ចូលរួម កន្លងមក ​ មិនមែនជាធម្មយាត្រាធម្មតានោះទេ។ វាគឺជាការធ្វើបាតុកម្មទៅវិញ។ ដូច្នេះ ការដែល និមន្តព្រះគ្រូសូត្រស្ដាំមកសួរនាំ គឺជាការធ្វើទៅតាមច្បាប់វិន័យរបស់សាសនាតែប៉ុណ្ណោះ។

លោក សេង សុមុន្នី មានប្រសាសន៍ថា «នៅក្នុងវិន័យពុទ្ធសាសនា នៅក្នុងវិន័យព្រះត្រៃបីដក លោកកំណត់ថា​ព្រះសង្ឃ លោកមិនអាចទៅធ្វើការប្រឆាំងតវ៉ា ឬក៏បាតុកម្មអីចឹងបានទេ។ នេះជាវិន័យសង្ឃ បើជាធម្មយាត្រា គឺគេដើរពិចារណាធម៌។ កន្លងមក គឺមានធម្មយាត្រាអីចឹងដែរ ប៉ុន្ដែធម្មយាត្រា បែបពិចារណាធម៌ប្រោស ប្រជាពុទ្ធបរិសទ្ធ តាមផ្លូវអីចឹង អាហ្នឹងមាន»។

ព្រះគ្រូសូត្រស្តាំ ផុន​ សុខគា មិនអាចទាក់ទង សុំសង្ឃដីការដើម្បីបំភ្លឺបាននោះទេ។

ចំណែកឯ លោក អំ សំអាត នាយករង​ ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស ​នៃ​អង្គការ​លីកាដូ (LICADHO)បានមានប្រាសាន៍ថា ព្រះសង្ឃមានតួនាទីចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ដូចជា ព្រៃឈើ សត្វព្រៃ និងធនធានដ៏ទៃទៀត។ ប៉ុន្តែ ព្រះសង្ឃមានបញ្ហាប្រឈម មួយចំនួនដែលរាំងស្ទះ ក្នុងការចូលរួម ការងារសង្គម ដោយរងសម្ពាធពីមន្រ្តីអាជ្ញាធរ ​ការគម្រាមកំហែង និងការបំភិតបំភ័យ តាមមធ្យោបាយផ្សេងៗ។

លោក អំ សំអាត មានប្រសាសន៍ថា «ព្រះសង្ឃ អត់មានបានធ្វើអំពើណាមួយ ដែលប៉ះពាល់ដល់អាបត្តិរបស់ព្រះសង្ឃ។ មូលហេតុគឺដោយសារមជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង (Jing Ding)​ បានសាងសង់រំលោភបំពាន លើសម្បត្តិសាធារណៈ និងបានធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន ឆ្នេរសមុទ្រនៃ​កោះ​រ៉ុង​សន្លឹម។ ប្រសិនបើ ព្រះសង្ឃបានព្រឹត្តិអំពើអបាយមុខផ្សេងៗ​ នោះទើបចាត់ទុកថាមានកំហុស។»គួររំលឹកផងដែរថា ដំណើរធម្មយាត្រានេះមានរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩​ ដល់ថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ធម្មយាត្រានេះ ធ្វើឡើងដើម្បីទាមទារ ឱ្យអាជ្ញាធរ ខេត្តព្រះសីហនុ បញ្ឈប់ និងចុះរុះរើសំណង់ ខុសច្បាប់មួយ ដែលសាងសង់ដោយ ក្រុមហ៊ុនកាស៊ីណូចិន ឈ្មោះជីន​ ទីង ដែលបានរំលោភលើដីឆ្នេរនៅកោះរ៉ុងសន្លឹម៕