យុទ្ធនាការ ហាមលក់ចំណីអាហារមួយចំនួន ក្នុងសាលារៀន ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាព របស់សិស្សានុសិស្ស ត្រូវបានអនុវត្ត ដល់សាលានៅតាម បណ្តាខេត្តនានា ប៉ុន្តែអ្នកលក់ដូរបារម្ភបាត់បង់ចំណូលប្រចាំថ្ងៃ។

ក្រសួងអប់រំ បានប្រកាសយក ខែមករា ឆ្នាំ២០២០នេះ ជាខែធ្វើយុទ្ធនាការ លើកម្ពស់សុវត្ថិភាព ចំណីអាហារក្នុងសាលារៀន ដោយហាមលក់អាហារ៦ប្រភេទ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពកុមារ។

លោក តាំង សាវុធ នាយកសាលា​បឋមសិក្សា​ព្រៃកប្បាស ក្នុងស្រុក ព្រៃកប្បាស ខេត្តតាកែវ បានមានប្រសាសន៍ បន្ទាប់ពីបានទទួលការណែនាំពី ក្រសួងអប់រំ ស្តីពីការហាមលក់អាហារ និងភេសជ្ជៈមួយចំនួនក្នុងសាលា លោកបានផ្សព្វផ្សាយដល់ អ្នកលក់ដូរក្នុងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល ឲ្យយល់ពីផលប៉ះពាល់ និងអនុវត្តន៍ឲ្យបានហ្មត់ចត់។

លោក សាវុធ មានប្រសាសន៍ថា៖«​ អាហារ​ទាំងអស់ហ្នឹង​ វាប៉ះពាល់ ​សុខភាពក្មេង​ខ្លាំងណាស់​។ សូម្បីតែ​ខ្ញុំជាមនុស្សចាស់ ​ក៏ឈឺដែរ​ឥលូវហ្នឹង ចុះទំរាំក្មេង»។

ប្រភេទ​អាហារ​ហាម​លក់​ក្នុង​សាលារៀន​មាន​ដូចជា​ ទី១​ អាហារ​ហួស​កាលកំណត់​ប្រើប្រាស់​ ទី២​ គ្រឿងស្រវឹង​ និង​ថ្នាំជក់​ ទី៣​ អាហារ​គ្មាន​ប្រភព​ច្បាស់លាស់​ ទី៤​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ មាន​រសជាតិ​ផ្អែម​ខ្លាំង​ កាហ្វេ​ ការ៉េម​ និង​ទឹក​ស៊ី​រ៉ូ​គ្រប់​ប្រភេទ​ ទី៥​ ស្ករ​សូកូឡា​ ស្ករគ្រាប់​ និង​ស្ករកៅស៊ូ​គ្រប់​ប្រភេទ​ និង​ទី៦​ ចាហួយ​ នំ​ដូណាត់​ និង​នំ​ផ្អែម​ខ្លាំង​។

លោក សាវុធ ក៏បានស្នើទៅអាជ្ញា​ធម៌ ជួយ​អន្តរាគមន៍​ទៅអ្នកលក់​នៅក្បែរ​សាលា​​​​កុំឲ្យ ពួក​គាត់ដាក់លក់​ប្រភេទ​អាហារ​ទាំងនោះ។

លោក តាំង សាវុធ​បន្ថែមថា៖ «មានតែអាជ្ញាធម៌ ហ្នឹងហើយ​សំខាន់​​។ បិទអាចំណី​អស់ហ្នឹង​លែងឲ្យចូល​​ ហើយ​អាភេសជ្ជៈ​អស់ហ្នឹង​គួរតែបិទ។ តែថារបស់ណា​ក្មេងហូបបាន របស់ណា​ក្មេងហូបមិន​បាន​ហើយ​ផ្សព្វផ្សាយ​ជាសាធារណៈ​ ឲ្យម៉ែឪ​ដឹងគ្រប់គ្នា ពិសេស​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លឿន​ណាស់ »

កុមារ ទិញចំណីអាហារ ក្នុងសាលាបឋមសិក្សា​ភ្នំជីសូរ​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ (ថតដោយ៖ កង ថា)

លោក​ ឃឹម ធឿន នាយកសាលា​បឋមសិក្សា​ពោធិ៍មាសអណ្តែត​ នៃខេត្តតាកែវ ​​បានលើកឡើង​ស្រដៀងគ្នា​ផងដែរថា សាលារបស់គាត់​ក៏បានណែនាំ​ទៅដល់សិស្ស និងផ្តាំ​ផ្ញើតាម​ប្រធាន​សហគមន៍ ​នៅពេលមាន​បុណ្យទាន ​និងមេភូមិ ជួយប្រាប់​ឪពុកម្តាយ​ហាមឃាត់​កូនៗ​រពួកគាត់​កុំឲ្យ​ហូប​អាហារ​ផ្តេសផ្តាស។​

ចំពោះអ្នកលក់​ក្នុងសាលាវិញ​ លោកក៏បាន​ណែនាំ និងធ្វើកិច្ចសន្យា ដោយពុំអនុញ្ញាតលក់​ចំណីទាំងនោះទៀតនោះទេ។

លោក ឃឹម ធឿន មានប្រសាសន៍ថា«អង្គការផ្សេងៗ​ ក៏គេបានណែនាំ​ដែរ​រឿង​ អាចំណីអាហារហ្នឹង​។ នៅពេលយើង​ទៅសិក្ខាសាលា សំខាន់​គឺយក​គោលការណ៍​ពីក្រសួង ក្រសួង​អឲ្យធ្វើអី​ យើងធ្វើហ្នឹង​តាម»

ជាមួយ​គ្នានេះ​ដែរលោកស្រី សោម សាមេត អាយុ ៣៦ឆ្នាំ ជាអាណាព្យាបាលសិស្ស​ រស់នៅ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ដែលមានកូនតូចៗចំនួនបីនាក់ សម្តែងការគាំទ្រ ដែលសាលាហាមលក់អាហារទាំងនោះ។ អ្នកស្រីថា កូនអ្នកស្រីម្នាក់ឈឺ ដោយសារហូប ចំណីផ្តេសផ្តាស។​

​អ្នកស្រី សាមេត និយាយថា៖​​ «ខ្ញុំគិតគូរដែរ​រឿងអាហារ​ហូបចុកហ្នឹង ប៉ុន្តែវា​នៅតែឆ្លៀត​ទិញហូប​ខាងក្រៅ​មិនអោយ​​យើងដឹង»​

អ្នកលក់ដូរម្នាក់ អាយុ ៥១ឆ្នាំ គឺអ្នកស្រី​ កំរង លក់ចំណីអាហារ និងភេសជ្ជៈ ក្នុងសាលាបឋមសិក្សាភ្នំជីសូ ក្នុងខេត្តតាកែវ អស់រយៈ១០ឆ្នាំមកហើយ បានឲ្យដឹងថា អ្នកស្រីបានធ្វើតាមការណែនាំពីនាយកសាលា។ អ្នកស្រីថា​​ បន្ទាប់ពីឈប់លក់ គ្រឿងកំប៉ុង ប្រហិត និងភេសជ្ជៈ ធ្វើឲ្យការលក់ដូរមិនសូវដាច់ និងបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។

អ្នកស្រី កំរង និយាយថា៖ «លែងលក់ភេសជ្ជៈអស់ហ្នឹង បែរមកលក់ទឹកអំពៅវិញ តែមិនដាច់ដូចមុន។ ក្មេងហាក់មិនសូវចូលចិត្ត»

អ្នកស្រី កំរង បានលើកឡើងថា ដើម្បីឲ្យការអនុវត្តន៍នេះ មានប្រសិទ្ធភាព អាជ្ញាធរពាក់ព័ន្ធ គួរមានវិធានការ បញ្ឈប់ផលិត និងចែកចាយប្រភេទចំណីអាហារទាំងនោះ។​ បើពុំដូច្នេះទេ កុមារនៅតែ ទិញចំណីពីខាងក្រៅមកដដែល។​

អ្នកស្រី កំរង បន្តថា៖ «​ខ្ញុំប្រាប់ណាស់ដែរ តែវានៅលួច​ទិញចិនក្បែរហ្នឹង »

រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និងកីឡា លោក ហង់ជួន ណារុន ថ្លែងក្នុងពិធីបើក យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​ នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០​ថា ​នាយកសាលា ​និងមន្ត្រី​ពាក់ព័ន្ធ​ ត្រូវសហកា​រគ្នាត្រួត​ពិនិ្យ ​ជាប្រចាំ​នូវសុវត្ថិ​ភាព​ចំណីអាហារ ​ក្នុង​សាលារៀន ​របស់ខ្លួន​ដើម្បីកាពារ ​សុខមាលភាព​សិស្ស ។សារព័ត៌មាន VOD ដកស្រង់របាយការណ៍ ពី​ក្រ​សួង​សុខាភិបាល​ថា​ ឆ្នាំ២០១៨​ មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន​ ១៨លើក​ មាន​អ្នក​ពុល​ចំនួន​ ៨៥២នាក់​ ចំណោម​នោះ​មាន​អ្នក​ស្លាប់​ ១៣នាក់​។ រយៈពេល​ ៣ខែ​ដើមឆ្នាំ២០១៩​ មាន​ករណី​ពុល​ចំណី​ ៦លើក​ មាន​អ្នក​ពុល​ចំនួន២៤៦នាក់​ ហើយ​មាន​ជនរងគ្រោះ​រហូត​ស្លាប់​ចំនួន២នាក់​៕