អ្នកធ្វើដំណើរ និងអតិថិជន ត្អូញត្អែរ ការកកស្ទះចរាចរណ៍ជុំវិញ ផ្សារអូរឫស្សី ដែលបង្កឡើង ដោយយានយន្ត ចតគ្មានសណ្តាប់ធ្នាប់ និងអាជីវករ មួយចំនួន លក់ដូរលើចិញ្ចើមផ្លូវ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជុំវិញ ផ្សារអូរឫស្សី ក្នុងខណ្ឌ៧មករា ទទូចឲ្យអាជ្ញាធរ និងគណៈកម្មការផ្សារមួយនេះ ជួយអន្តរាគមន៍ ការកកស្ទះចរាចរណ៍ ដែលបង្កដោយយានយន្តចត ជាច្រើនជួរ ព្រមទាំង ការយកចំណីផ្លូវ មកលក់ដូរ។

អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវក្បែរផ្សារនេះ ជាញឹកញាប់ គឺ កញ្ញា សួន គុណពិដោ បានលើកឡើងថាការចតរថយន្ដ នៅជុំវិញផ្សារ គឺមិនសូវមានសណ្ដាប់ធ្នាប់នោះទេ។ កញ្ញាថា វាបង្កឱ្យមានការស្ទះចរាចរណ៍ និងខាតពេលវេលាច្រើនដល់កញ្ញា និងអ្នកធ្វើដំណើរដទៃទៀត។

កញ្ញា សួន គុណពិដោ បាននិយាយ៖ «បើនៅខាងនោះ(ខាងកើត) គាត់ចតឡានរាងមានសណ្ដាប់ធ្នាប់ បើខាងនេះ(ខាងលិច) អត់សូវមានសណ្ដាប់ធ្នាប់ទេ។ អាភាពអត់មានសណ្ដាប់ធ្នាប់ហ្នឹង បានធ្វើឱ្យស្ទះចរាចរណ៍ ហើយធ្វើឱ្យអ្នកធ្វើដំណើរតាមផ្លូវហ្នឹង គាត់ខាតពេលយូរ និងការស្ទះចរាចរណ៍ ចា៎»។

ស្ត្រីម្នាក់មកទិញទំនិញ នៅផ្សារអូរឫស្សី គឺ អ្នកនាង ឌុច គន្ធា អាយុ ២៨ឆ្នាំ បានបង្ហាញពីការយល់ឃើញរបស់នាង អំពីសណ្ដាប់ធ្នាប់នៅជុំវិញផ្សារនេះថា ការឈប់សំចតរថយន្ត និងយានយន្ដផ្សេងៗ គឺមានភាពរញ៉េរញ៉ៃ និងគ្មានសណ្ដាប់។ បញ្ហានេះ វាបានបង្កឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើរផងដែរ។

អ្នកនាង ឌុច គន្ធា បាននិយាយថា៖ «មើលទៅរាងដូច ជារញ៉េរញ៉ៃ បន្ដិច ព្រោះអីមើលទៅ ដូចថាឡានអីហ្នឹង ចតលើ ទ្រូងផ្លូវ ទ្រូងអីចឹងណា។ វាប៉ះពាល់ ដល់ ការធ្វើ ដំណើរ និងកកស្ទះអីហ្នឹងណា»។

អ្នកនាង ឌុច គន្ធា បានសំណូមពរ ទៅកាន់គណៈកម្មការគ្រប់គ្រង និងសន្ដិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សី ឱ្យជួយរៀបចំ សម្រួលដល់ការធ្វើចរាចារណ៍ និងចតយានយន្ដទាំងឡាយឱ្យមានសណ្ដាប់ធ្នាប់ជាងនេះផងដែរ។

អ្នកនាង ឌុច គន្ធា បានបន្ថែមថា៖​​ «សូមសំណូមពរ ដល់សន្ដិសុខសណ្ដាប់ធ្នាប់ នៅខាងផ្សារហ្នឹងណា ឱ្យរៀបសណ្ដាប់ធ្នាប់ បានត្រឹមត្រូវជាងហ្នឹងតិចទៅ»។

អាជីវករផ្សារអូរឫស្សីម្នាក់ ដែលមានវ័យ ២៤ឆ្នាំ គឺ លោក​ សិត ថេត បានលើកឡើងថា ការកកស្ទះ ដោយសារការចតយានយន្ដផ្សេងៗ គឺជារឿងធម្មតា ទៅហើយនៅផ្សារអូរឫស្សីនេះ។ លោកថា នៅពេលមានពិធីបុណ្យធំៗម្ដងៗ វាបានបង្ករឱ្យមានភាពកកស្ទះ រញ៉េរញ៉ៃខ្លាំង ដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍ផ្សេងៗ។

លោក សិត ថេត បាននិយាយថា៖​ «ពេលខ្លះណាឥវ៉ាន់ចូលអត់រួចទេ ពេលខែបុណ្យខែទានចឹង។ គេចតមុខនឹង ហើយរួចបុកចូលមក។ បើចូលក្នុងទីតាំងខាងក្នុងអីនឹង គឺចូលអត់រួចហ្មង»។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក ហ៊ត​ វ៉ាន់ធី ដែលជាប្រធានគណៈកម្មការផ្សារអូរឫស្សីបានលើកឡើងថា លោក និងក្រុមការងាររបស់លោក តែងតែចុះជាប់ជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារ។ ប៉ុន្តែបញ្ហានេះនៅតែមានដដែល ដោយសារខ្វះការចូលរួម និងសហការ ពីសំណាក់ប្រជាពលរដ្ឋ។

លោក​បានបន្ដទៀតថា ប្រជាពលរដ្ឋមួយចំនួន ចតយានយន្តដោយគ្មាការអនុញ្ញាតជាពិសេសអ្នករត់កង់បី និងរថយន្ដដឹកទំនិញ ដែលបានបង្ក​ការលំបាកច្រើនដល់ការធ្វើសណ្ដាប់ធ្នាប់ របស់ក្រុមការងាររបស់លោកផងដែរ។

លោក ហ៊ត វ៉ាន់ធី បាននិយាយថា៖ «យើងមានការពិបាក មែនទែន ព្រោះពួកបងប្អូន ប្រជាពលរដ្ឋយើង គាត់ចូលចតកង់បីអីនឹង គឺមិនមានការអនុញ្ញាតនោះទេ។ ហើយតែងតែណែនាំដល់គាត់ជាប្រចាំដែរ ប៉ុន្ដែពួកគាត់ នៅបន្ដលួចចតដដែល»។

ទាក់ទងនឹងបញ្ហាខាងលើនេះដែរ លោក ហៀក​ ចាន់លាង អភិបាលរងខណ្ឌ៧មករា បានឆ្លើយបំភ្លឺថា កន្លងមក អាជ្ញាធរខណ្ឌ តែងតែចុះអនុវត្ដជាប់ជាប្រចាំ ដោយឈរនៅលើគោលការណ៍របស់សាលារាជធានីភ្នំពេញ ដែលបានកំណត់ឱ្យ អាជីវករទាំងអស់ លក់ទំនិញបានតែ មួយភាគបី នៃចឹញ្ចើមផ្លូវប៉ុណ្ណោះ។

លោក ហៀក ចាន់លាង បាននិយាយថា៖ « ក្រុមអាជ្ញាធរខណ្ឌ នឹងចុះត្រួតពិនិត្យម្តងទៀត។ ហើយប្រសិនបើ ជាបងប្អូនអាជីវករណា ដែលធ្លាប់បានណែនាំ និងអប់រំរួចមកហើយ បានបន្តលក់ នៅលើទ្រូងផ្លូវ ជាបន្តទៀត អាជ្ញាធរខណ្ឌ ក៏បានរឹបអូស សម្ភារ យកទៅទុកនៅសាលាខណ្ឌ និងកោះហៅម្ចាស់សម្ភារ ទៅធ្វើកិច្ចសន្យា បឈ្ឈប់ ការលក់ដូរ នៅលើទ្រូងផ្លូវបន្តទៀតនោះទេ»។

ដោយឡែក ទាក់នឹងទៅនឹង ការរៀបចំសណ្ដាប់ យានយន្ដ និងចំណតរថយន្ដវិញ លោកក៏បញ្ជាក់ថា គឺត្រូវបានអនុវត្ដ ដូចគ្នាទៅនឹងគោលការណ៍ ខាងលើរបស់សាលារាជធានីភ្នំពេញដែរ។ ក៏ប៉ុន្ដែ អ្វីដែលជាបញ្ហានោះ គឺនៅមានអាជីវករប្រហែលពី ១០ ទៅ ២០ភាគរយ ប៉ុណ្ណោះ ដែលមិនព្រមសហការ និងបន្ដការបំពានលើគោលការណ៍ទាំងនេះ។

ចំណែកលោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់ គឺពាក់ព័ន្ធ ជាមួយនឹង ឥរិយាបថ ប្រជាពលរដ្ឋ​ជាអ្នកលក់ដូរ និង កង្វះចំណតសម្រាប់យានយន្ត។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ « ប៉ុន្ដែ អ្វីដែល យើងមើល ឃើញ ជាបញ្ហា ចោទហ្នឹង គឺចំនួន ប្រជាពលរដ្ឋហ្នឹង ដែលគាត់ ចូលទៅ ក្នុងផ្សារ ហ្នឹងឯង ហើយនឹងចំនួន អាដែងយានយន្ដ ដែលត្រូវ ចតហ្នឹង និងចំណត ដែលមាន គឺអត់គ្រប់គ្រាន់»។

យោងតាមសារព័ត៌មានVOD បានចុះផ្សាយថា សាលារាជធានីភ្នំពេញ បានចេញ​សេចក្តីណែនាំ កាលពីដើមខែសីហា ឆ្នាំ២០១៧ ដាក់កំហិត ឲ្យ​អាជីវ​ករ​​បញ្ឈប់​សកម្មភាពលក់ដូរ ឬចតរថយន្ត ឬម៉ូតូ នៅតាមចិញ្ចើមផ្លូវសាធារណៈ ​​ ដោយថា កុំឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍។