សាលាដំបូងរាជធានីភ្នំពេញ បានចំណាយពេលមួយព្រឹកនៅថ្ងៃពុធម្សិលមិញ ដើម្បីសួរដេញដោល លោក កឹម សុខា បកស្រាយពាក្យ​«គេ» ដែលលោកបាននិយាយ នៅក្នុង ឃ្លីបវីដេអូ កាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី។

នៅព្រឹកថ្ងៃពុធម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់«សន្ទិដ្ឋិភាពជាមួយបរទេស» ដោយតំណាងអយ្យការ បានស្នើទៅកាន់ ក្រុមប្រឹក្សាជំនុំជម្រះ ឱ្យមានអ្នកជំនាញអក្សរសាស្ដ្រខ្មែរ វិនិច្ឆ័យពា្យ«គេ» ដែលលោក កឹម សុខា បាននិយាយនៅក្នុង ឃ្លីបវីដេអូ នោះ។

មេធាវីតំណាងរដ្ឋាភិបាល លោក គី តិច បានប្រាប់អ្នកសារព័ត៌មានថា ក្រោយសវនការថា តំណាងអយ្យការបាន សួរដេញដោល លោក កឹម​ សុខា ឲ្យបកស្រាយពាក្យ «គេ» ហើយក៏បានស្នើឲ្យមានអ្នកជំនាញបកស្រាយពាក្យនេះ ប៉ុន្តែក្រុមប្រក្សាជំនុំជម្រះបានបដិសេធ។

លោក គី តិច មានប្រសាសន៍ថា៖ «អាហ្នឹង គឺជាគោលដៅដែល តំណាងអយ្យការបានស្នើ។ ប៉ុន្ដែម្សិលមិញនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចហើយថា មិនទទួលយកសំណើហ្នឹងទេ។ គឺថាក្រុមប្រឹក្សាជំនុំជម្រះ មានលទ្ធភាព ក្នុងការពន្យល់ ឲ្យយល់ ក្នុងការយល់ និងសម្រេចបាន»។

ចំណែកលោក ផែង ហេង ជាសហមេធាវីការពារក្ដី របស់លោក កឹម សុខា បានសម្ដែងនូវការខកចិត្ដចំពោះការចំណាយពេលមួយព្រឹករបស់អង្គសវនការ ក្នុងការបកស្រាយពាក្យ​«គេ» ដែលមិនទទួលបានលទ្ធផល អ្វីបន្ដិចសោះ។

លោកបានបន្ដថា នេះជាការចំណាយ ពេលមួយ ដែលនាំឲ្យរំខាន ដល់ដំណើរការ ជំនុំជម្រះក្ដី លើលោក កឹម​ សុខា។ លោកថា​ កូនក្តីរបស់លោក ចង់ឱ្យរឿងក្ដីនេះឆាប់ចប់ ដោយមិនចង់ ចំណាយពេល យូរឥតប្រយោជន៍។

លោក ផេង ហេង​ មានប្រសាសន៍ថា៖ «សហមេធាវី យល់ឃើញថា វាជាសំណួរឥតប្រយោជន៍ សួរដដែលៗ ហើយសួរឈ្លេចរកពាក្យរកអី។ ហើយបា៎ ខាតពេលវេលាហើយក្នុងសវនការ ព្រោះយើងចង់ឱ្យសវនការ បានលឿន បានឆាប់ចប់»។

គួររំលឹកថា នេះជាសវនការថ្ងៃទី៥ នៃសប្តាហ៍ទី៣ ក្នុងការជំនុំជម្រះក្ដីលើលោក កឹម សុខា។ សវនាការនេះ​ មានរយៈពេលបីខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២០ ដោយធ្វើឡើង ពីរថ្ងៃក្នុងមួយសប្ដាហ៍គឺ ថ្ងៃពុធ និងថ្ងៃព្រហស្បិ៍នៃសប្ដាហ៍នីមូយៗ៕

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងក្រុងភ្នំពេញ ពាក់ព័ន្ធ «សន្ទិដ្ឋិភាពជាមួយបរទេស» ចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ។ ក្នុងខែកញ្ញា ឆ្នាំ២០១៨ ​​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​វិញ។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង លោក កឹម សុខា ឲ្យរួចពីការឃុំខ្លួនក្នុងគេហដ្ឋាន របស់លោកនៅក្នុង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែ ហាមលោក មិនឲ្យធ្វើសកម្មភាព នយោ​បាយ និងចាកចេញពីប្រទេសកម្ពុជា ក្រោមហេតុផល ដើម្បីអនុញ្ញាត ឲ្យលោកអាចទៅ ពិនិត្យសុខភាព និងព្យាបាលជម្ងឺ។

Additional reporting by ទុយ អេងលី (Tuy Engly)