សិស្សខ្មែរឥស្លាម ជិត២០០នាក់ ក្នុងសាលាមួយ នៅខណ្ឌជ្រោយចង្វារ រាធានីភ្នំពេញ បានបោះបង់ការសិក្សា បន្ទាប់ពីអាជ្ញាធរខណ្ឌ បញ្ជាឲ្យគ្រួសាររបស់ពួកគេរុះរើផ្ទះតូចៗចេញពី ច្រាំងទន្លេមេគង្គ ដែលពួកគេសង់នៅបណ្តោះអាសន្ន។
សហគមន៍ ខ្មែរឥស្លាម និងគ្រូបង្រៀន បានបង្ហាញក្តីបារម្ភ ពីបញ្ហាសិស្សខ្មែរឥស្លាម ជាង១០០នាក់ ក្នុងចំណោម៣០០ នៃសាលាបឋមសិក្សា ក្បាលជ្រោយសាគូរ៉ា បានឈប់រៀន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីគ្រួសាររបស់ពួកគេប្តូរទីលំនៅ ដើម្បីឲ្យអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់សម្រាប់ប្រជុំ កំពូលអាស៊ីអឺរ៉ុប។
នាយិកា សាលាបឋមសិក្សាក្បាល ជ្រោយសាគូរ៉ា លោកស្រី យឺន សុភ័ក្រ បានមានប្រសាសន៍ ប្រាប់សិក្ខាកាម Newsroom Cambodia កាលពីចុងខែមករា ឆ្នាំ២០២០ថា សិស្សពាក់កណ្តាល នៅក្នុងសាលានេះ គឺជាសិស្សខ្មែរឥស្លាម។ ក្នុងឆ្នាំ២០១៩-២០២០ ចំនួនសិស្សមានការកើនឡើងជាងឆ្នាំមុន និងមានសិស្សខ្មែរឥស្លាមជាង៣០០នាក់។
លោកស្រី យឺន សុភ័ក្រ បានបន្ដទៀតថា នៅកំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៨-៣០ រហូតមកទល់ពេលនេះ សិស្សដែលមករៀនមានចំនួនថយចុះ ចំពោះសិស្សខ្មែរឥស្លានៅសល់ត្រឹមតែជាង ១០០នាក់ ប៉ុណ្ណោះ។
លោកស្រី យឺន សុភ័ក្រ មានប្រសាសន៍ថា៖ «សិស្សឈប់មករៀន មានគ្រប់បន្ទប់ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦ តែចំពោះសិស្សខ្មែរឥស្លាមប៉ុណ្ណោះ»។
លោកស្រី យឺន សុភ័ក្រ បានបន្ថែមថា ចំនួនសិស្សបោះបង់ការសិក្សាច្បាស់លាស់ ក្រោយពីកប្រឡងឆមាសទី១ នៃឆ្នាំនេះ។
លោក អ៊ី យូ ជាហាកឹម (ប្រធានសហគមន៍ខ្មែរឥស្លាម) ក្នុងតបន់ចុងកោះ ភូមិ១ សង្កាត់ជ្រោយចង្វារ បានមានប្រសាសន៍ថា គ្រួរសារខ្មែរឥស្លាម ៧៨គ្រួសារ រស់នៅច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារ បញ្ជាឲ្យរុះរើផ្ទះខ្ទមរបស់ពួកគេ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរៀបចំសណ្តាប់ធ្នាប់។
លោក អ៊ី យូ បានលើកឡើងថា នៅពេលគ្រួសាររបស់ខ្មែរឥស្លាមទាំងនោះ រុះរើផ្ទះខ្ទម កូនៗរបស់ពួកគេ ដែលរៀននៅ សាលាក្បាលជ្រោយសាគូរ៉ា បានបោះបង់ការសិក្សា ដោយត្រូវទៅតាមឪពុកម្តាយពួកគេ។
លោក អ៊ី យូ និយាយថា៖ «ក្រោយពីរុះរើផ្ទះ គ្រួសារទាំង៧៨ បានទៅកន្លែងផ្សេង និងកូនៗកំពុងរៀង ជាង១០០នាក់ បានទៅជាមួយឪពុកម្ដាយពួកគេ។ ហើយនឹងមានសិស្សកំពុងរៀននៅជាមួយឪពុកម្ដាយពួកគេនៅលើទូក មានមិនដល់១០០នាក់ នោះទេ»។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ ឱសានវាទ ឲ្យគ្រួសារខ្មែរឥស្លាម រុះរើផ្ទះខ្ទម ក្នុងរយៈពេលមួយសប្តាហ៍។
ក្នុងសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា អាជ្ញាធរខណ្ឌ ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសោភណ្ឌភាព សម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប (ASEM) ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូល មកពីបណ្តាប្រទេសផ្សេង នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
សេចក្តីជូនដំណឹង លើកឡើថា៖ «ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើចេញនោះទេ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល ចុះរុះរើ ដោយមិនទទួលខុសត្រូវ នូវរាល់ការខូចខាត ឬបាត់បង់ប្រយោជន៍អ្វីឡើយ»។
លោក ឃ្លាំង ហួត មិនអាចទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ បន្ថែមបាននោះទេ។
លោក អ៊ី យូ បានបន្ថែមថា មកដល់ពេលនេះ លោកពុំដឹងថាគ្រួសារខ្មែរឥស្លាមទាំងនោះ ប្តូរទៅរស់នៅទីណានោះទេ ហើយលោកក៏ពុំដឹងថា កូនៗរបស់ពួកគេបានបញ្ជូនទៅសិក្សានៅសាលាផ្សេងឬយ៉ាងណានោះទេ។