សាលារាជធានីភ្នំពេញសម្រេចផ្តល់សំណងជំនួស ដល់អតីតបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីជាង១០០នាក់ ដែលបានបញ្ឈប់ពីការងារ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែបដិសេធផ្តល់ការងារនៅ រដ្ឋករស្វយ័ត។
អតីតបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ១០៦នាក់ បានទទួលប្រាក់សំណងបញ្ចប់ការងារ៥០ភាគរយ តាមការសន្យារបស់សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ និង៥០ភាគរយទៀតនៅខែក្រោយនេះ ដើម្បីបញ្ចប់ការតវ៉ារបស់ពួកគេ។
លោក ឆន ដានី ជាតំណាងអតីតបុគ្គលិក ស៊ីនទ្រី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានសម្រេច ផ្តល់កញ្ចប់ថវិការបស់ខ្លួន ដើម្បីសងជំនួសក្រុមហ៊ុនស៊ីនទ្រី ដល់អតីបុគ្គលិកទាំង១០៦នាក់ នៅរសៀលថ្ងៃចន្ទ ប៉ុន្តែត្រូវបង់ពីរដំណាក់កាល។ លោកថា ក្រុមអតីតបុគ្គលិក បានយល់ព្រម និងបញ្ឈប់ការតវ៉ា ព្រមទាំង បើកទ្វារក្រុមហ៊ុនវិញ។
លោក ឆន ដានី បញ្ជាក់ថា៖ « ពួកខ្ញុំទទួលបានប្រាក់សំណងបញ្ចប់ការងារ៥០% ជាមុនសិន និង៥០%ទៀត សាលារាជធានីនឹងប្រកាសប្រាប់មុន១ខែ»។
អតីតបុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី បានធ្វើការតវ៉ាបិទផ្លូវលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩-៣១ ខែមករា ឆ្នាំ២០២០។ ពួកគេ បានទាមទារ ពីរចំណុច គឺប្រាក់សំណង១០០ភាគរយ និងផ្ទេរទៅធ្វើការដូចដើមនៅរដ្ឋករស្វ័យត រាជធានីភ្នំពេញ។ ប៉ុន្តែ សាលារាជធានីភ្នំពេញ ផ្តល់តែប្រាក់សំណង តែប៉ុណ្ណោះ។ ពួកគេ បានយល់ព្រម ដោយសារតែគ្មានជម្រើស និងមិនចង់អូសបន្លាយពេលវេលាបន្តទៅទៀត។
លោក មន ចាន់វាសនា ជាអតីតបុគ្គលិកស៊ីនទ្រីមួយរូប បានរៀបរាប់ថា ពួកគាត់ បានបើកប្រាក់សំណង៥០ភាគរយ រួចរាល់ហើយ ក្រោយពីតំណាងបុគ្គលិកបានទទួលយកការសម្របសម្រួលនេះ ជាមួយសាលារាជធានីភ្នំពេញ។
លោក មន ចាន់វាសនា និយាយថា៖ «ប្រាក់ដែលទទួលបានអាចជួយដោះបញ្ហាគ្រួសារបានមួយរយៈ ព្រោះឥឡូវកំពុងជួបបញ្ហា កូនរៀន និងមិនទាន់មានការងារធ្វើ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា ដើម្បីបញ្ចប់ការតវ៉ា និងការបិទផ្លូវ របស់អតីតបុគ្គលិក ស៊ីនទ្រី សាលារាជធានីភ្នំពេញ បានផ្ដល់ជូនប្រាក់សំណងបញ្ចប់ការងារ ដល់ពួកគេ ជំនួសក្រុមហ៊ុន ស៊ីន ទ្រី ជាបណ្តោះអាសន្ន។ លោកថា ភាគីទាំងពីរ បានយល់ព្រម ក្នុងការផ្តល់ និងទទួលប្រាក់៥០ភាគរយជាមុនសិន និងផ្តល់ជូន៥០ភាគរយទៀត នៅខែក្រោយ។ ប៉ុន្តែ លោក មិនអាចបញ្ជាក់ចំនួនទឹកប្រាក់សរុប ដែលផ្តល់ជូននោះទេ។
លោក ម៉េត មាសភក្តី មានប្រសាសន៍ថា៖ «បញ្ហានេះត្រូវបានដោះស្រាយរួចហើយ ។បុគ្គលិកទាំងអស់ មានការពេញចិត្ដ សប្បាយចិត្ដ ទទួលយកការដោះស្រាយយើង បានធ្វើរួចមកហើយ»។
គួរបញ្ជាក់ថា ការតវ៉ារបស់អតីតបុគ្គលិកស៊ីនទ្រីជាង១០០នាក់ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈប់ពួកគាត់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ កាលពីខែតុលា ឆ្នាំ២០១៩ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកសិទ្ធ ប្រមូលសំរាមពីក្រុមហ៊ុននេះ យកមកគ្រប់គ្រង ជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើ កំណែទម្រង់ ពីការសម្អាតទីក្រុង។