សាលារាជធានី​ភ្នំពេញ​សម្រេច​ផ្តល់សំណង​ជំនួស ដល់អតីតបុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង១០០នាក់ ដែលបានបញ្ឈប់​ពីការងារ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែបដិសេធ​ផ្តល់​ការងារនៅ រដ្ឋករស្វយ័ត។

អតីត​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ១០៦នាក់ បានទទួលប្រាក់សំណងបញ្ចប់ការងារ៥០ភាគរយ តាម​ការសន្យារបស់​សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ និង​៥០ភាគរយ​ទៀតនៅ​ខែក្រោយនេះ ដើម្បី​បញ្ចប់​ការតវ៉ា​របស់ពួកគេ។

លោក ឆន ដានី ជាតំណាងអតីត​បុគ្គលិក ស៊ីនទ្រី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានសម្រេច ផ្តល់កញ្ចប់​ថវិកា​របស់ខ្លួន ដើម្បីសងជំនួសក្រុមហ៊ុន​ស៊ីនទ្រី ដល់អតីបុគ្គលិកទាំង១០៦នាក់ នៅរសៀលថ្ងៃចន្ទ ប៉ុន្តែត្រូវបង់ពីរដំណាក់កាល។ លោកថា ក្រុមអតីតបុគ្គលិក បានយល់ព្រម និងបញ្ឈប់ការតវ៉ា ព្រមទាំង បើក​ទ្វារ​ក្រុមហ៊ុនវិញ។

 លោក ឆន ដានី បញ្ជាក់ថា៖ « ពួកខ្ញុំ​ទទួលបាន​ប្រាក់សំណង​បញ្ចប់ការងារ៥០% ជាមុនសិន និង៥០%ទៀត សាលា​រាជធានី​នឹងប្រកាស​ប្រាប់មុន១ខែ»។

អតីតបុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី បានធ្វើការ​តវ៉ា​បិទផ្លូវ​លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩-៣១​​ ខែមករា ឆ្នាំ២០២០។ ពួកគេ បានទាមទារ ពីរចំណុច គឺប្រាក់​សំណង​១០០ភាគរយ និងផ្ទេរទៅ​ធ្វើការ​ដូចដើមនៅ​រដ្ឋករស្វ័យត រាជធានីភ្នំពេញ។ ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ ផ្តល់តែប្រាក់សំណង តែប៉ុណ្ណោះ។ ពួកគេ បានយល់ព្រម ដោយសារ​តែគ្មាន​ជម្រើស និងមិនចង់​អូសបន្លាយ​ពេលវេលា​បន្តទៅទៀត។

លោក មន ចាន់វាសនា ជាអតីត​បុគ្គលិក​ស៊ីនទ្រី​មួយរូប បានរៀបរាប់ថា ពួកគាត់ បានបើកប្រាក់​សំណង​៥០ភាគរយ រួចរាល់​ហើយ ក្រោយពីតំណាងបុ​គ្គលិកបាន​ទទួលយក​ការសម្របសម្រួលនេះ ជាមួយ​សាលា​រាជធានី​ភ្នំពេញ។

លោក មន ចាន់វាសនា និយាយថា៖ «ប្រាក់ដែល​ទទួលបានអាច​ជួយដោះ​បញ្ហាគ្រួ​សារបានមួយរយៈ ព្រោះឥឡូវ​កំពុងជួប​បញ្ហា កូនរៀន និងមិនទាន់​មានការ​ងារ​ធ្វើ»។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក​ ម៉េត​ មាស​ភក្តី បានមានប្រសា​សន៍ថា​ ដើម្បីបញ្ចប់ការតវ៉ា និងការបិទផ្លូវ របស់អតីតបុគ្គលិក ស៊ីនទ្រី សាលារាជធានីភ្នំពេញ បានផ្ដល់ជូនប្រា​ក់សំណ​​ងបញ្ចប់ការងារ ដល់ពួកគេ ជំនួស​ក្រុ​មហ៊ុ​ន ស៊ីន ទ្រី ជា​បណ្តោះអា​សន្ន​។​ លោកថា ភាគីទាំងពីរ បានយល់ព្រម ក្នុងការផ្តល់ និងទទួលប្រាក់៥០ភាគរយជាមុនសិន​ និងផ្តល់ជូន៥០ភាគរយទៀត នៅខែក្រោយ។ ប៉ុន្តែ លោក មិនអាច​បញ្ជាក់​ចំនួនទឹកប្រាក់​សរុប ដែលផ្តល់ជូន​នោះទេ។

លោក ម៉េត​ មាស​ភក្តី ​មានប្រសាសន៍ថា៖​ «​បញ្ហានេះត្រូ​វបានដោះ​ស្រាយរួចហើយ ។​បុគ្គលិក​ទាំងអស់ មានការពេ​ញចិត្ដ សប្បា​យចិត្ដ ទទួ​លយកកា​រដោះស្រា​យយើ​ង បា​ន​ធ្វើរួចមកហើ​យ»។

គួរបញ្ជាក់ថា ការតវ៉ារបស់​អតីត​បុគ្គលិក​ស៊ីនទ្រីជាង១០០​នាក់ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈ​ប់ពួកគាត់ កាល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ កាលពីខែតុលា ឆ្នាំ២០១៩ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកសិទ្ធ ប្រមូលសំរាមពីក្រុមហ៊ុននេះ យកមកគ្រប់គ្រង ជាបណ្ដោះអាសន្ន ដោយអះអាងថា ដើម្បីជំរុញការធ្វើ កំណែទម្រង់ ពីការសម្អាតទីក្រុង។