តំណាងសហជីព គ្រោងនឹងដាក់លិខិតស្នើទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំឲ្យក្រសួងនេះ ផ្អាកវិសោធនកម្មច្បាប់ស្តីពីការងារ ដោយកាត់បន្ថយប្រាក់ឈ្នួលកម្មករវេនយប់ពី១៣០ភាគរយ មកត្រឹម ១០០ភាគរយ។
ក្រសួងការងារ កាលពីថ្ងៃទី១៧ ខែមករា បានរៀបចំកិច្ចប្រជុំត្រីភាគី លើកទី១ ដើម្បីពិគ្រោះ និងផ្តល់យោបល់ ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ហើយក្រសួង គ្រោងនឹង ប្រជុំលើកទីពីរ ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែតំណាងសហជីការងារ និងកម្មរ ជំទាស់ទៅនឹងការធ្វើវិសោធនកម្មច្បាប់នេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា នៅសប្តាហ៍នេះតំណាងសហជីព នឹង ដាក់លិខិត ទៅក្រសួងការងារ ស្នើសុំផ្អាក ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីកាត់បន្ថយប្រាក់ឈ្នូលកម្មករវេនយប់។ លោកថា ការធ្វើវិសោធនកម្មច្បាប់នេះនឹងធ្វើឲ្យខាតបង់ផលប្រយោជន៍កម្មករវេនយប់។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខាងសហជីពកំពុងរៀបចំដាក់លិខិតស្នើសុំរដ្ឋាភិបាលឲ្យផ្អាក… និងចេញសេចក្តីថ្លែងការណ៍រួមមួយមិនគាំទ្រនឹងសេចក្តីព្រាងច្បាប់នេះទេ»។
លោក លោកអាត់ ធន់ បានបន្ថែមថា ការដាក់លិខិតនេះ គឺជាការបង្ហាញជំហរមិនគាំទ្រទៅលើវិសោធនច្បាប់ថ្មីរបស់ក្រសួងការងារនេះ។ លោកថា ក្រសួងបានធ្វើការកែប្រែច្បាប់កាត់ប្រាក់ឈ្នួល ចំនួន៣ដង ដោយគិតទាំងលើកនេះ គឺចាប់ពី២០០ភាគមក ត្រឹម១០០ភាគរយ ។
ចំណែកឯ លោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា បានលើកឡើងថា លោកមានការ សោកស្តាយ ដែលក្រសួងអសតម្ថភាពក្នុងការទាក់ទាញអ្នកវិនិយោគ បែរជាមកធ្វើវិសោធនកម្មច្បាប់ដែលនាំឲ្យប៉ះពាល់ដល់ផល្រយោជន៍កម្មករទៅវិញ ។
លោក សៀង រិទ្ធី មានប្រសាសន៍ថា៖ «ច្បាប់គេបង្កើតដើម្បីការពារប្រជាពលរដ្ឋ ការពារផលប្រយោជន៍កម្មករ បែរជាក្រសួង ពីមួយពេល ទៅមួយពេល កែពីច្បាប់ល្អ ទៅជាច្បាប់កាន់តែ អាក្រក់ទៅៗ។ បើនិយាយពីច្បាប់ វាបញ្ច្រាស់ជាមួយនឹងស្មារតីនៃច្បាប់បាត់ទៅហើយ»។
យោងតាមសារព័ត៌មាន VOD ដែលបានស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក្នុងសិក្ខាសាលា លើកទី១ កាលពីពាក់កណ្តាល ខែមករាថា ការធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីការកែសម្រួល បទប្បញ្ញត្តិពាក់ព័ន្ធនឹងកម្មករធ្វើការវេននេះ គឺដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប បង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើស និងតម្រូវការជាក់ស្តែងរបស់ពួកគេ។
នៅក្នុងអង្គប្រជុំ បានពិភាក្សាអំពី កាត់បន្ថយប្រាក់ឈ្នួល ចំពោះអ្នកធ្វើការវេនយប់ មកស្មើនឹងអ្នកធ្វើការវេនថ្ងៃ កាត់ថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ និងបញ្ចូលវិវាទបុគ្គល ទៅអាជ្ញាកណ្តាលកាត់ក្តី។
អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក កាំង មូនីកា មានប្រសាសន៍ថា តំណាងសហជីព គួរពិចារណា ឲ្យបានច្បាស់លាស់មុននឹងស្នើទៅកាន់ក្រសួងដើម្បីសុំផ្អាកការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។ លោកថា ការកែប្រែច្បាប់នេះ នឹងអាចជួយ បង្កើតការងារ ឲ្យប្រជាជនកម្ពុជាកាន់តែច្រើន និងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។
លោក កាំង មូនីកា មានប្រសាសន៍ថា៖ «ខ្ញុំគិតថាវាជាចំណុចល្អសម្រាប់សេដ្ឋកិច្ចជាតិ និងសម្រាប់បងប្អូនយើងទេ ពីព្រោះវាជាឱកាសមួយសម្រាប់បង្កើតការងារថែមទៀត។ បើយើងនៅតែប៉ុណ្ណឹង នៅតែតឹងរឹងចឹង វិនិយោគនៅតែប៉ុណ្ណឹង វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាច ទាក់ទង ធ្វើការអត្ថាធិប្បាយបាននោះទេ។
គួររំលឹកផងដែរថា ការធ្វើវិសោធនកម្មច្បាប់ កែប្រែប្រាក់ឈ្នូល របស់កម្មករ ដែលធ្វើការ២វេននេះ ក្រសួងការងារធ្លាប់បាន អនុមត័កែប្រែម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ ដោយកាត់បន្ថយពី១៥០ភាគរយ មកត្រឹម១៣០ភាគរយ។