តំណាង​សហជីព គ្រោង​នឹងដាក់​លិខិត​ស្នើទៅ​ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំឲ្យក្រសួងនេះ ផ្អាក​វិសោធន​កម្មច្បាប់​ស្តីពីការងារ ដោយ​កាត់បន្ថយ​ប្រាក់ឈ្នួល​កម្មករវេនយប់​ពី១៣០ភាគរយ មកត្រឹម ១០០ភាគរយ។

ក្រសួងការងារ​ កាលពីថ្ងៃទី១៧ ខែមករា បានរៀប​ចំកិច្ច​ប្រជុំត្រីភាគី លើកទី១ ដើម្បីពិគ្រោះ និងផ្តល់យោបល់ ក្នុងការ​ធ្វើវិសោធន​កម្មច្បាប់​ស្តីពី​ការងារ ហើយក្រសួង គ្រោងនឹង ប្រជុំលើកទីពីរ ក្នុងពេល​ប៉ុន្មាន​ខែខាង​មុខនេះ។ ប៉ុន្តែតំណាង​សហជី​ការងារ និងកម្មរ ជំទាស់ទៅនឹង​ការធ្វើវិ​សោធន​កម្មច្បាប់នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា នៅសប្តាហ៍នេះតំណាង​សហជីព ​នឹង ដាក់លិខិត ទៅក្រសួងការងារ ស្នើសុំផ្អាក ការធ្វើ​វិសោធន​កម្មច្បាប់ស្តីពីការងារ ដើម្បីកាត់​បន្ថយ​ប្រាក់ឈ្នូល​កម្មករ​វេនយប់។ លោកថា ការធ្វើវិសោធន​កម្មច្បាប់​នេះ​នឹង​ធ្វើឲ្យ​ខាតបង់​ផលប្រយោជន៍​កម្មករវេនយប់។

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខាងសហជីព​កំពុងរៀបចំ​ដាក់លិខិត​ស្នើសុំ​រដ្ឋាភិបាលឲ្យផ្អាក​… និងចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​មិនគាំទ្រ​នឹងសេចក្តី​ព្រាងច្បាប់នេះទេ»

លោក លោកអាត់ ធន់ បានបន្ថែមថា ការដាក់លិខិតនេះ គឺជាការបង្ហាញ​ជំហរមិន​គាំទ្រ​ទៅលើវិសោធនច្បាប់ថ្មី​របស់​ក្រសួងការងារ​នេះ។ លោកថា ក្រសួងបាន​ធ្វើការកែប្រែ​ច្បាប់កាត់ប្រាក់ឈ្នួល ចំនួន៣ដង ដោយគិតទាំងលើកនេះ គឺចាប់ពី២០០ភាគមក​ ត្រឹម១០០ភាគរយ ។

ចំណែកឯ លោក សៀង​ រិទ្ធី​ ប្រធាន​សម្ព័ន្ធសហជីព​អំណាច​យុវជនកម្ពុជា បានលើកឡើងថា លោកមានការ សោកស្តាយ ដែលក្រសួង​អសតម្ថភាព​ក្នុងការទាក់ទាញ​អ្នកវិនិយោគ បែរជាមកធ្វើ​វិសោធន​កម្មច្បាប់​ដែលនាំ​ឲ្យប៉ះពាល់ដល់​ផល្រយោជន៍​កម្មករ​ទៅវិញ ។

លោក សៀង​ រិទ្ធី​ មានប្រសាសន៍ថា៖ «ច្បាប់គេបង្កើតដើម្បីការពារប្រជាពលរដ្ឋ ការពារផលប្រយោជន៍កម្មករ បែរជាក្រសួង ពីមួយពេល ទៅមួយពេល កែពីច្បាប់ល្អ ទៅជាច្បាប់កាន់តែ អាក្រក់ទៅៗ។ បើនិយាយពីច្បាប់ វាបញ្ច្រាស់ជាមួយនឹងស្មារតីនៃច្បាប់បាត់ទៅហើយ»

យោងតាមសារព័ត៌មាន VOD ដែលបាន​ស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារ​ លោក​ អ៊ិ​ត សំ​ហេង​ ក្នុងសិក្ខាសាលា លើកទី១ កាលពីពាក់កណ្តាល ខែមករាថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ​ដើម្បី​ការ​កែសម្រួល ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើការ​វេន​នេះ​ គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ ទៅតាម​ជម្រើស​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពួកគេ​។

នៅក្នុងអង្គប្រជុំ បានពិភាក្សាអំពី កាត់បន្ថយប្រាក់ឈ្នួល ចំពោះអ្នកធ្វើការវេនយប់ មកស្មើនឹងអ្នកធ្វើការវេនថ្ងៃ កាត់ថ្ងៃឈប់សម្រាក​ចំថ្ងៃអាទិត្យ និងបញ្ចូលវិវាទបុគ្គល ទៅអាជ្ញាកណ្តាលកាត់ក្តី។

អគ្គលេខាធិការរង នៃសមាគម​​រោង​ចក្រកាត់ដេរ​កម្ពុជា លោក កាំង មូនីកា មានប្រសាសន៍ថា តំណាងសហជីព គួរពិចារណា ឲ្យបានច្បាស់លាស់មុននឹងស្នើទៅកាន់ក្រសួងដើម្បីសុំផ្អាកការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។ លោកថា ការកែប្រែច្បាប់នេះ នឹងអាចជួយ បង្កើតការងារ ឲ្យប្រជាជនកម្ពុជាកាន់តែច្រើន និងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។

លោក កាំង មូនីកា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា​វាជាចំណុច​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ និងសម្រាប់​បងប្អូន​យើងទេ ពីព្រោះវាជា​ឱកាសមួយ​សម្រាប់​បង្កើត​ការងារ​ថែមទៀត។ បើយើងនៅតែប៉ុណ្ណឹង នៅតែ​តឹងរឹងចឹង វិនិយោគ​នៅតែ​ប៉ុណ្ណឹង វាអាចប៉ះពាល់​ដល់សេដ្ឋកិច្ច​ទាំងមូល»

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាច ទាក់ទង ធ្វើការអត្ថាធិប្បាយ​បាននោះទេ។

គួរ​រំលឹក​ផង​ដែរថា ការ​ធ្វើវិសោធនកម្ម​ច្បាប់ ​កែប្រែប្រាក់​ឈ្នូល របស់កម្មករ ​ដែល​ធ្វើការ​២វេន​នេះ ក្រសួង​ការងារធ្លាប់​បាន អនុមត័​កែប្រែម្តង​រួចមក​ហើយ កាល​ពីឆ្នាំ២០១៨ ដោយ​កាត់​បន្ថយពី​១៥០ភា​គរយ មក​ត្រឹ​ម១៣០​ភាគរយ។