ក្រសួងកសិកម្ម ចាប់ផ្តើមរឹតបន្តឹង ក្នុងការនាំចូលបក្សី ដើម្បីទប់ស្តាត់ ការឆ្លង ជំងឺ ផ្តាសាយ បក្សី បន្ទាប់ពីមានការ ផ្ទុះជំងឺនេះ ជាថ្មី នៅប្រទេសវៀតណាម។
ក្រសួងកសិកម្ម កាលពីម្សិលមិញ បានដាក់ ចេញនូវ សារាចរ ណែរនាំដល់ មន្ត្រី នៅតាម ព្រំដែន កម្ពុជា-វៀតណាម ឲ្យរឹតបន្តឹង ក្នុងការនាំចូល បក្សី ពីប្រទេស វៀតណាម ក្រោយពីទទួល ព័ត៌មានថា មាន ករណី ផ្ទុះជំងឺ ផ្តាសាយ បក្សី។
ក្នុងសារាចរណែនាំ នេះបាន លើកឡើង ថា ក្រសួង បានទទួល ព័ត៌មាន ការផ្ទុះ ឡើងវិញម្តងទៀត នៃជំងឺ ផ្តាសាយ បក្សីនេះ ចេញពី ប្រទេសវៀត ណាម ខេត្តត្រាវិញ នៃភាគខាងត្បូងដែលបង្កឡើងដោយវិរុសប្រភេទ A/H5N1។ នៅតំបន់នោះ អាជ្ញាធរបានដុតកម្ទេចសត្វមាន់ប្រមានជាង ៥៥,០០០ក្បាល ដើម្បីបង្កាការឆ្លងនេះ។
ដើម្បីបង្ការ និង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីនេះ ក្រសួង រុក្ខា ប្រមាញ់ និង នេសាទ បានដាក់ចេញនូវវិធានការ ៩ប្រការ ឲ្យមន្ត្រីរបស់ខ្លួនអនុវត្ត ក្នុងនោះរួមមាន រឹតបន្តឹងការនាំចូលបក្សីនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម ការធ្វើចរាចរណ៍សត្វបក្សី និងពិនិត្យឲ្យបានហ្មត់ចត់នូវស្តង់ដារអនាម័យនៅកន្លែងចិញ្ចឹមសត្វ និង ប្រមូលផ្តុំសត្វ។
សារាចរណែនាំ បានលើកឡើងថា៖ «ក្នុងករណី មិនអនុវត្តត្រឹមត្រូវឬមានការថ្លោះធ្លោយដោយប្រការណាមួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានីខេត្តត្រូវទទួលខុសត្រូវចំពោះមុខក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងចំពោះមុខច្បាប់»។
ក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា រាល់ការចរាចរណ៍សត្វបក្សី ត្រូវមានលិខិតអនុញ្ញាត វិញ្ញាបនបត្រអនាម័យសត្វស្របតាមបទដ្ឋានបច្ចេកទេស ហើយរាល់ពេលមានបញ្ហាអ្វីមួយទាក់ទងនឹងរឿងនេះ ត្រូវធ្វើការសហការគ្នាជាមួយមន្រ្តី អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ។យោងតាមព័ត៌មាន VOD បានចុះផ្សាយកាលពី ០៩ កុម្ភៈ ២០១៧ បានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៦ កម្ពុជាធ្លាប់កើតមានជំងឺដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ បណ្តាលឲ្យមនុស្ស៣៧នាក់ ស្លាប់។