អង្គ​​ការយូនី​សេហ្វ(Unicef) សហកា​​រជាមួយ​ ក្រសួ​ងសង្គមកិច្ច ធ្វើយុ​ទ្ធនា​ការ «​គ្រួសា​ររឹង​មាំ» ដើម្បី​បញ្ចប់​អំពើ​ហិ​ង្សាលើ​កុមារ និ​ងការបំ​បែកកុ​មារចេញពី​គ្រួសា​រ ដោយ​មិនចាំបាច់នៅ​កម្ពុ​ជា។

យុទ្ធ​​នាការ «គ្រួសា​ររឹងមាំ» ចាប់ផ្តើម កាលពីសប្តាហ៍មុន ក្រោយពីអង្គ​​ការយូនី​សេហ្វ​ និងក្រសួ​ងសង្គមកិច្ច រកឃើញថា កុមារក្រោមអាយុ១៨ នៅតែប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ​ ហើយការបំ​បែកកុ​មារចេញពី​គ្រួសា​រ ក៍ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ប្រធានអង្គការ​យូនីសេហ្វ​ប្រចាំកម្ពុជា លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ (Cristian Munduate)បានមាន​ប្រសាសន៍ថា តាមការ​សិក្សាស្រា​វជ្រាវ របស់​យូនីសេហ្វ បានបង្ហាញថា បញ្ហាហិង្សាលើកុមារ​ក្នុងគ្រួសារ នៅតែជា​បញ្ហា​ប្រឈម ហើយ​ត្រូវរកដំណោះស្រាយ​ដើម្បីបញ្ចប់។​

លោកស្រីក៏បានលើកឡើងផងដែរថា គ្រួសារមួយចំនួន នៅតែបញ្ជូនកូនៗរបស់ពួកគេ ទៅរស់នៅក្នុងមណ្ឌលថែទាំ។ កុមា​រដែលរស់​នៅក្នុងម​ណ្ឌលថែទំា ​ប្រឈមនឹងហានិភ័​យនៃអំពើ​ហិង្សា កា​រកេង​ប្រវ័ញ្ច និ​ងការមិ​នអើពើ ដែ​លអាចបង្ក​ផលប៉ះ​ពាល់ យ៉ាងធ្ង​ន់ធ្ងរដល់ការអភិ​វឌ្ឍ​កុមារ។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ មានប្រសាសន៍ថា៖ «អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា។ យុទ្ធនាការនេះជាឱកាស ដើម្បីកៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យនិយាយថាទេ ចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឲ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗ និងក្រុមគ្រួសាររបស់ពួកគេ»

យោងតាមសេចក្តីប្រកាសរួមរបស់ អង្គ​​ការយូនី​សេហ្វ និងក្រសួងសង្គមកិច្ច បានឲ្យដឹងថា ​បច្ចុ​​ប្បន្នចំនួនកុ​មារក្នុងមណ្ឌលថែទាំ ត្រូវបានកាត់​បន្ថយគួរឲ្យ​កត់សម្គាល់។ ជា​លទ្ធផលដោយ ក្រ​សួង ​សហការជាមួយ អង្គ​ការយូនី​សេហ្វ បានធ្វើសមា​ហរណកម្មកុ​មារចំនួន ៣០ភា​គរយ ពីមណ្ឌ​​លថែទាំកុមា​រ។ ទោះបី​យ៉ាងណាក៏ដោ​យ នៅមានកុមារប្រមាណជា​ ១៧០០០នា​ក់ កំពុង​រស់នៅតា​មមណ្ឌល​ថែទាំនៅឡើយនៅ​ក្នុងឆ្នាំ២០​១៨។

រដ្ឋម​ន្ត្រីក្រសួងសង្គម​កិច្ច លោក វង សូត្រ បានមានប្រាសាសន៍ថា រដ្ឋាភិបា​ល បាននឹងកំពុងសហកា​រជាមួយដៃ​គូអភិវឌ្ឍ​ន៍ ដើម្បីទប់ស្កាត់អំពើហិង្សា​ក្នុងគ្រួ​សារ។ លោកថា អំពើហិង្សា​ធ្វើឲ្យប៉ះ​ពាល់ដល់​ការអភិវឌ្ឍរ​បស់កុមារ សីល​ធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធ​នធានមនុស្សនា​ពេលអនា​គត។​​

លោ​ក វង សូត្រ មានប្រសា​សន៍ថា៖ «រា​ជរដ្ឋាភិបា​លកំពុងសិ​ក្សាបង្កើ​តច្បាប់​ស្តីពីកិច្ចកា​​រពារកុមារ សំដៅធានានូវកិច្ចការ​ពារពិសេ​សសម្រា​ប់កុមារឱ្យបានកាន់​តែល្អប្រ​សើរឡើង ព្រម​ទាំងមានកិច្ចការពា​រច្បាស់​លា​ស់ក្នុងកិ​ច្ចការពារកុមា​រ»​។

យោងតាម​សេចក្តីថ្លែងការណ៍​រួមដដែល​បានបង្ហាញ​ថា កុមារ​ស្នាក់​នៅមណ្ឌល​ថែទាំ​ចាប់ពី៧៥%ទៅ៨០% ជាកុ​មារមាន​ឪពុកម្ដាយ។