ម្ចាស់ដី​ដែលបាន​ជួលដីចំការ​ទៅ​ឱ្យ​គ្រួសារ​វៀតណាម​ ខកខាន​ទទួល​ប្រាក់​ថ្លៃជួល​ដីជាង​មួយ​ឆ្នាំ​មកហើយ​ បន្ទាប់ពីអាជ្ញា​ធរ​ខេត្ដ​កំពង់​ឆ្នាំង​បាន​​ធ្វើការ​បំលាស់ទីពួកគេ​ពី​ទឹក​ឡើង​មក​លើគោក​កាលពី​ឆ្នាំ​២០១៨​កន្លង​។

អ្នកស្រី​ កាំង​ ចាន់​ស៊ីវ​ អាយុ​ ៦០​ឆ្នាំ​ ជា​ម្ចាស់ដី​ម្នាក់​ក្នុង​ចំណោម​ម្ចាស់ដី​ផ្សេងទៀត​ បាន​លើក​ឡើង​ថា​ អ្នកស្រី​មាន​ដី​ទំហំ​១​ហិកតា​កន្លះ​ និង​បាន​ជួលដី​នេះ​ទៅ​ឱ្យ​ជនជាតិវៀតណាម​ ចំនួន៤០គ្រួសារ​​ សម្រាប់សង់ផ្ទះស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែ ពួកគេខកខានក្នុងការបង់ថ្លៃជួលជាងមួយឆ្នាំមកហើយ។

អ្នកស្រី​ ចាន់​ស៊ីវ​​ បាន​លើក​ឡើង​ថា​ ​អ្នកស្រី​​បាន​​ជួល​​ឱ្យ​​នោះ​​ ក្នុង​​១ឆ្នាំតម្លៃ​៤០​ម៉ឺន​រៀល​ក្នុងមួយ​គ្រួសារ​​​។ ប៉ុន្ដែ​ កាល​ពីឆ្នាំ​​អ្នកមុន អ្នក​ស្រី​ទទួល​បាន​ចន្លោះ​​​ពី​​​៥​ម៉ឺនរៀល​​ ទៅ​១០ម៉ឺរៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​​។ ដំបូង​ មាន​៤០​គ្រួសារ​បាន​ជួល​ដី​អ្នកស្រី​ ហើយ​ក្រោយ​មក​មាន​តែ​ ៣៨​គ្រួសារ​ប៉ុណ្ណោះ​។

​អ្នកស្រី​​បាន​ខកខាន​ទទួល​ប្រាក់​ថ្លៃជួល​ដី​ជាង​មួយ​ឆ្នាំ​មកហើយ​។​​ ពេល​ខ្លះ​​ អ្នក​ស្រី​រង​ការ​គំរាម​​ពី​អ្នក​ជួល​​ទៀត​ផង​ នៅ​ពេល​ដែលអ្នកស្រី​ទៅ​ប្រមូល​ថ្លៃ​ជួល​ម្តង​ៗ​។​

អ្នកស្រី​ កាំង​ ចាន់​ស៊ីវ​ និយាយថា៖ «អាដែរ​នែ៎​ ពេល​ខ្ញុំ​ចុះ​ទៅ​យក​លុយ​ហ្នឹង​ គឺ​ថា​ពិបាក​ណាស់​​។ មាន​អាខ្លះ​ហ្នឹង​វា​មិន​ឱ្យយើង​ទេ​ ហើយ​ថែមទាំង​ឈ្លោះ​ចង់វ៉ៃ​ខ្ញុំ​ទៀត​ផង​។ ហើយ​ដំណាំ​ស្អីៗ​របស់​ខ្ញុំ​ហ្នឹង​ក៏​មិន​សល់​ទេ​​ ពួកវា​បេះ​ និង​ឆក់​ខ្ទេចខ្ទី​អស់​ហើយ​»។

លោក​ យ៉​ យ៉ាំង​ដុង​ អាយុ​ ៦៣​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​គ្រួសារ​វៀតណាម​៣៨​ផ្សេង​ទៀត​ ដែល​បាន​ជួលដី​អ្នកស្រី​ កាំង​ ចាន់ស៊ីវ​ បាន​លើក​ឡើង​ថា​ លោក​មាន​ការលំបាក​ច្រើន​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើការ​បំលាស់ទី​ឡើង​មក​លើ​គោក​នេះ​។ ​ការ​ប្រកប​របរ​នេសាទ​ បាន​តិចតួច​ជាង​មុន​ ដែល​ជាហេតុ​​នាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​​គ្រួសា​រ​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​​ លោក​អះ​អាង​ថា​ ពុំ​ដែល​គេច​វេស​​ក្នុងការ​បង់​ថ្លៃ​ជួលដី​នោះ​ទេ​។ លោក​​រង​ចាំ​ម្ចាស់​ដី​មក​យក​ថ្លៃ​ជួល​ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មកយកនោះ​ទេ​។ ​

​លោក​បន្ដ​ថា​«​ខ្ញុំ​ពិបាក​ណាស់​អាឡូវ​! រក​អី​មិន​បាន​ទេ​ បើ​អាឡូវ​ទន្លេ​ក៏​មិន​វា​សូវ​មាន​ត្រី​ដូច​មុន​ដែរ​។ អា​ចឹង​ ខ្ញុំ​មិន​ដឹង​ធ្វើ​អី​កើត​ទេ​»។

​​​​អភិបាល​​រង​​ខេត្ដ​​កំពង់​ឆ្នាំង និងជាអ្នក​​នាំ​ពាក្យ ​​លោក​​ ស៊ុន​​ សុវណ្ណា​រិទ្ធិ​​​ បាន​​លើក​​ឡើង​​ថា​​​ លោក​​មិន​​ទាន់​​បាន​​ទទួល​​ព័ត៌មាន​​ពី​​ករណី​​ខាងលើ​​នេះ​នៅ​ឡើយ​ទេ​​។ លោក​​បន្ដ​ថា​​ ប្រសិន​​បើ​​ករណី​​នេះ​​មាន​​ពិត​​មែន​​ លោក​​ស្នើ​​សុំ​​ឱ្យ​​ម្ចាស់​ដី​​ទាំង​​នោះ​​ទាក់​ទង​​មក​​លោក​​ដោយ​​ផ្ទាល់​​។​​ ​​លោកនឹង​​ដោះស្រាយ​​ជូន​​​ម្ចាស់ដី។

លោក​ ស៊ុន​ សុវណ្ណា​រិទ្ធិ​ បាន​និយាយ​ថា៖ ​«វា​! ដូច​អត់​ទាន់​លឺ​ព័ត៌មាន​ហ្នឹង​។ ប្រសិន​បើ​មាន​ព័ត៌​មាន​ហ្នឹង​ មាន​មែន​ ឱ្យ​គាត់​ដាក់​ពាក្យ​មក ដើម្បី​យើង​សម្រប​សម្រួល​ជាមូយ​សមាគម​អី​ឱ្យ​»។

យោង​តាម​ការ​ជូន​ដំណឹង​របស់​​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ ការ​បម្លាល់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​, ខ្មែរ​ឥស្លាម​ និង​អន្ដោប្រវេសន៍​វៀតណាម​ពី​ទឹក​ឡើង​មក​នៅ​លើ​គោក​វិញ​ សរុប​ប្រមាណ​​ ៤៥៦៣​គ្រួសារ​នៅ​ទូទាំង​ខេត្ដុ ​ ដោយ​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០១៨​។​​ ការធ្វើបំលាស់ទីនេះ ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​ក្រុង​ ទន្លេ​ លើក​ស្ទួយ​ជីវភាព​ និង​រៀប​ចំការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​និរន្ដរភាព​ជាដើម។

រដ្ឋ​បាលសាលា​​ខេត្ដ​កំពង់ឆ្នាំង​ កំពុង​រៀប​ចំ​​ដី​៤០​​ហិកតា​​​ សម្រាប់​ជួល​ឱ្យ​៤៥៦៣​គ្រួសារ​​ ដែល​បំលាស់​ទី​ពី​ទឹក​។