បណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង និងសកម្មជនព្រៃឈើជាង១០០នាក់ ធ្វើដំណើរតាមគោយន្ត និងមធ្យោបាយផ្សេងៗ មកប្រមូលផ្តុំក្នុងភូមិមួយ ក្នុងស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដើមត្រៀមខ្លួនចូលរួមពិធីបំបួសដើមឈើ។
មិនយូរប៉ុន្មាន មានអាជ្ញាធរមូលដ្ឋាន នគរបាល និងមន្ត្រីបរិស្ថាន នៃខេត្តស្ទឹងត្រែង បានមកសួរនាំពួកគេ ព្រមទាំងថតរូបផងដែរ។ នៅពេលយប់ មានមន្ត្រីបរិស្ថានខ្លះបានចងអង្រឹងក្រោមផ្ទះប្រជាពលរដ្ឋសម្រាប់សម្រាក ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗរបស់បណ្ដាញសហគមន៍ព្រៃឡង់ ព្រះសង្ឃ និងយុវជន។
នៅព្រឹកថ្ងៃបន្ទាប់ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង និងសកម្មជនព្រៃឈើ បានត្រៀមខ្លួនចេញពីភូមិ ដើមចូលព្រៃឡង់ ប៉ុន្តែ អាជ្ញាធរឃុំកាំងចាម នគរបាល និងមន្ត្រីបរិស្ថាន ប្រដាប់ដោយអាវុធប្រមាណជាង១០នាក់ រារាំងពួកគេមិនឲ្យចូលព្រៃប្រារព្ធកម្មវិធីបុណ្យ។ អាជ្ញាធរ បានគម្រាមវាយខ្នោះ ប្រសិនបើប្រជាសហគមន៍ទទូចចូលព្រៃ។ ការឃ្លាំមើល និងការគំរាមកំហែងនេះ ធ្វើឲ្យពួកគេមានការបារម្ភពីសុវត្ថិភាព ផ្ទាល់ខ្លួន។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង កញ្ញា ឈាង លី បាននិយាយថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថានបានរារាំងសហគមន៍ មិនឲ្យចូលក្នុងព្រៃឡង់ដើមធ្វើពិធីបំបួសដើមឈើ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ កញ្ញាថា អាជ្ញាធរគំរាមវាយខ្នោះ បើពួកគេនៅទទូចចង់ចូលព្រៃ។ ដោយបារម្ភពីសុវត្ថិភាព សហគន៍បានសម្រេចចិត្តលុបចោល ការធ្វើដំណើរចូលព្រៃឡង់។
កញ្ញា ឈាង លី និយាយថា៖ «គាត់ហាមមិនឲ្យចូលរួមបុណ្យនុងទេ តាហ៊ានទៅវ៉ៃដាក់ខ្នោះ»។
កញ្ញា ឈាង លី បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរ ដែលបានចុះរារាំងពួកគេ ហើយការរារាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សហគមន៍។
កញ្ញា ឈាង លី បន្ថែមថា៖ «ធ្វើការរាល់ថ្ងៃជាមួយចឹងវាសាំហើយចំពោះការហាមឃាត់របស់គាត់។ អ្វីដែលបណ្ដាញសហគមន៍គាត់គិតទាំងអស់គ្នាដោយយល់ឃើញហ្នឹងគឺគ្មានអ្វីក្រៅពីធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម»។
ក្រុមស្នូលបណ្ដាញសហគមន៍ព្រៃឡង់ លោក ខេង ខូ ក៏បានស្ដែងការខកចិត្តជាខ្លាំងខណៈពេលដែលអាជ្ញាធរមករារាំងមិនឲ្យពួកគាគ់ជាប្រជាសហគមន៍ ព្រះសង្ឃ និងយុវជនមកពីគ្រប់ទិសទីចូលព្រៃប្រារព្ធកម្មវិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើនេះ។
លោក ខេង ខូ បានជជែកជាមួយអាជ្ញាធរឃុំ និងមន្ត្រីបរិស្ថាន នៅពេលដែលពួកគេចុះមករារាំងថាលោកនិងក្រុមការងារ បានដាក់សំណើជូន អាជ្ញាធរពាក់ព័ន្ធមុននឹងប្រារព្ធពិធីនេះ ប៉ុន្តែគ្មានការឆ្លើយតបនោះទេ។
លោក ខេង ខូ បានថ្លែងថា៖ «ពួកខ្ញុំឲ្យគាត់យូរហើយ ប៉ុន្តែគាត់អត់មានការឆ្លើយតប។ ចឹងបើសិនជាគាត់មិនចង់ឲ្យបណ្ដាញសហគមន៍ព្រៃឡង់ធ្វើប្រារព្ធពិធីបុណ្យ ហេតុអ្វីលិខិតពួកខ្ញុំដាក់ទៅមិនធ្វើការឆ្លើយតបឲ្យផ្ដល់ដំណឹងមុន ចាំបាច់ដល់ពេលពួកខ្ញុំទៅហើយ ពួកគាត់ធ្វើការរារាំង»។
មេឃុំកាំងចាម លោក ឃឹម សុខា បានឆ្លើយឆ្លងជាមួយសហគមន៍ថា លោកពិតជាបានទទួលលិខិតអញ្ជើញពីសហគន៍មែន ប៉ុន្តែអាជ្ញាធរស្រុក បានបញ្ជាឲ្យលោកហាមឃាត់។ លោក អះអាងថា សហគមន៍មិនបានសហការជាមួយអាជ្ញាធរស្រុក និងខេត្ត ហើយជាពិសេសក្រសួងបរិស្ថាន។
លោក ឃឹម សុខា បាននិយាយថា៖ «ខាងបណ្ដាញសហគមន៍បានដាក់លិខិតអញ្ជើញខ្ញុំចូលរួមមកដែរ ហើយខ្ញុំមិនបានបដិសេធទេ និងប្រុងរៀបចំក្រុមប្រឹក្សាទៅជាមួយគ្នា»។
លោក ឃឹម សុខា បន្ថែមថា៖ «ខ្ញុំល្ងាចមិញអភិបាលគាត់ចុចមកឲ្យមកសួរមកនាំទៅ បើមានការស្នើសុំត្រឹមត្រូវគាត់ឲ្យចូល។ ប៉ុន្តែបើអត់មានការស្នើសុំត្រឹមត្រូវទេ គាត់អត់អាចអនុញ្ញាតឲ្យចូលបានទេ វាជាបញ្ហា។ ខ្ញុំអត់មានអីទេ ខ្ញុំនៅក្រោមបទបញ្ជាដែរ»។
បណ្ដាញសហគមន៍ព្រៃឡង់បួនខេត្ត គ្រោងនឹងប្រារព្ធពិធីបុណ្យបំបួសដើមឈើ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុច ក្នុងតំបន់ព្រៃឡង់ ភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។ ពីធីនេះ ធ្វើឡើងក្នុងគោលបំណង រំលឹកគុណព្រៃឈើ ថែរក្សានូវអត្តសញ្ញាណជនជាតិដើមភាគតិច បង្ហាញនូវសក្តានុពលរបស់ព្រៃឡង់ ដល់សាធារណជនទូទៅដើម្បីរួមចំណែកជាមួយបណ្ដាញសហគមន៍ព្រៃឡង់ និងពង្រឹងកិច្ចសហការជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុការពារធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ព្រៃឡង់។
ពិធីបំបួសដើមឈើ ត្រូវបានលុបចោលវិញ ក្រោយពីអាជ្ញាធរខេត្តទាំងបួន បានចុះរារាំង ដោយចោទថា សហគមន៍ពុំបានសុំការអនុញ្ញាត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានចោទ បណ្តាញសហគមន៍ព្រៃឡង់ថាបានធ្វើសកម្មភាពដែលមានភាពមិនស្មោះត្រង់ក្នុងកិច្ចសហការ និងបង្កើតការអុកឡុក ស្ថានការណ៍ បង្កើតរបាយការណ៍បំភ្លៃសាធារណមតិលើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ លោកថា ការបំភ្លៃរបាយការណ៍ នៃការកាប់បំផ្លាញព្រៃឈើគឺដើម្បី ទទួលបានជំនួយពីបរទេស។
លោកនិយាយថា៖ «ម្តងហើយម្តងទៀត ក្រោមខ្សែញាក់របស់ម្ចាស់ជំនួយរបស់ខ្លួន ពួកគេនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ដើរចេញពីគន្លងសមូហភាពដឹកនាំគ្រប់គ្រង និងព្យាយាមចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ តាមរយៈការលួចចូលល្បាតដោយអនាធិបតេយ្យ លួចប្រើប្រាស់ Apps ដែលគ្មានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច បំភ្លៃលើទិន្នន័យនៃបទល្មើសធនធានធម្មជាតិ រាប់គល់ឈើមួយដើមថាជាបទល្មើសមួយដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ»។
អង្គការសង្គមស៊ីវិលប្រមាណជាង១០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសម្តែងការសោកស្តាយ និងខកចិត្តចំពោះការរឹតត្បិតសមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់កាលពីចុងសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍រួម លើកឡើងថា៖ ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើង ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ»។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា៖ «ការហាមឃាត់នោះ មិនបានបង្ហាញអំណះអំណាងត្រឹមត្រូវតាមច្បាប់នោះឡើយ បើទោះបីជាការរៀបចំពិធីរបស់សហគមន៍ពួកគាត់បានជូនដំណឹងទៅអាជ្ញាធរក៏ដោយ»។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៤ បង្កើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលមាន ទំហំ៤៣១,៦៨៣ហិចតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ ជាតំបន់ការពារ ដែនជម្រកសត្វព្រៃ«ព្រៃឡង់»។