បណ្ដាញ​​សហគមន៍​​ព្រៃ​​ឡង់​​ខេត្ត​​ស្ទឹង​​ត្រែង​ ​និង​សកម្ម​ជន​ព្រៃ​ឈើ​ជាង​១០០​នាក់​ ​ធ្វើ​ដំណើរ​តាម​គោយន្ត​ ​និង​មធ្យោ​បាយ​ផ្សេងៗ​ ​មក​ប្រមូល​ផ្តុំ​ក្នុង​ភូមិ​មួយ​ ​​ក្នុង​​ស្រុក​​ថា​​ឡា​ប​​រី​វា​ត់​ ​​ខេត្ត​​ស្ទឹង​​ត្រែង​ ​នៅ​ល្ងាច​ថ្ងៃ​ទី​២១​​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០​២០​ ​ដើម​ត្រៀម​ខ្លួន​ចូល​រួម​ពិធី​បំបួស​ដើម​ឈើ​។

​មិន​យូរ​ប៉ុន្មាន​ ​មាន​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​នគរ​បាល​ ​និង​​មន្ត្រី​​បរិស្ថាន​ ​នៃ​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​មក​សួរ​នាំ​ពួក​គេ​ ​ព្រម​ទាំង​ថត​រូប​ផង​ដែរ​។ ​នៅ​ពេល​យប់​ ​មាន​មន្ត្រី​បរិ​ស្ថាន​ខ្លះ​បាន​ចង​អង្រឹង​ក្រោម​ផ្ទះ​ប្រជា​ពល​រដ្ឋ​សម្រាប់​សម្រាក​ ​ដើម្បី​ឃ្លាំ​មើល​សកម្ម​ភាព​ផ្សេង​ៗ​របស់​បណ្ដាញ​​សហគមន៍​​ព្រៃ​ឡង់ ​ព្រះ​សង្ឃ​ ​និង​យុវ​ជន​​។​

​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ ​បណ្ដាញ​​សហគមន៍​​ព្រៃ​​ឡង់​​ខេត្ត​​ស្ទឹង​​ត្រែង​ ​និង​សកម្ម​ជន​​ព្រៃ​ឈើ​ ​បាន​ត្រៀម​ខ្លួន​ចេញ​ពីភូមិ​ ​ដើម​ចូល​ព្រៃ​ឡង់​ ​ប៉ុន្តែ​ ​អាជ្ញា​ធរ​ឃុំ​កាំង​ចាម​ ​នគរ​បាល​ ​និង​​មន្ត្រី​​បរិស្ថាន​ ​​ប្រដាប់​​ដោយ​​​អាវុធ​​ប្រមាណ​​ជាង​​១០​នាក់​​ ​​រា​​រាំង​ពួក​គេ​​មិន​​ឲ្យ​​ចូល​​ព្រៃ​​ប្រារព្ធ​​កម្ម​​វិធីបុណ្យ​។ ​អាជ្ញា​ធរ​ ​បាន​គម្រាម​វាយ​ខ្នោះ​ ​ប្រសិន​​បើ​​ប្រ​ជា​​សហគមន៍​​ទទូច​​ចូល​​ព្រៃ​។​ ​ការ​ឃ្លាំ​មើល​​ ​និង​ការ​គំរាម​កំហែង​នេះ​ ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​បារម្ភ​ពី​សុវត្ថិ​ភាព​ ​ផ្ទាល់​ខ្លួន​។​

អ្នក​សម្រប​សម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹង​ត្រែង​ ​កញ្ញា​ ឈាង​ លី​ ​បាន​និយាយ​ថា​ ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​និង​មន្ត្រី​បរិស្ថាន​បាន​រា​រាំង​សហគមន៍​ ​មិន​ឲ្យ​ចូល​ក្នុង​ព្រៃ​ឡង់​ដើម​ធ្វើ​ពិធី​បំ​បួស​ដើម​ឈើ​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​​២៣​​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០​២០​។ ​កញ្ញា​ថា​ ​អាជ្ញា​ធរ​គំ​រាម​វាយ​ខ្នោះ​ ​បើ​ពួក​គេ​នៅ​ទទូ​ច​ចង់​ចូល​ព្រៃ​។​ ​ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព​ ​សហគន៍​បាន​សម្រេច​ចិត្ត​លុប​ចោល​ ​ការ​ធ្វើ​ដំណើរ​ចូល​ព្រៃ​ឡង់​។

​កញ្ញា​ ​ឈាង​ ​លី​ ​និយាយ​ថា​៖ «គាត់​ហាម​មិន​ឲ្យ​ចូល​រួម​បុណ្យ​នុង​ទេ​ ​តា​ហ៊ាន​ទៅ​វ៉ៃ​ដាក់​ខ្នោះ»។

​កញ្ញា​ ​ឈាង​ ​លី​ ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អាជ្ញាធ​រ​ ​ដែល​បាន​ចុះ​រា​រាំង​ពួក​គេ​ ​ហើយ​ការ​រា​រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​សហគមន៍​។

​កញ្ញា​ ​ឈាង​ ​លី​ ​បន្ថែម​ថា​៖ «​ធ្វើ​ការ​រាល់​ថ្ងៃ​ជា​មួយ​ចឹង​វា​សាំ​ហើយ​ចំ​ពោះ​ការ​ហាម​ឃាត់​របស់​គាត់​។ ​អ្វី​ដែល​បណ្ដាញ​សហគមន៍​គាត់​គិត​ទាំង​អស់​គ្នាដោ​​យ​យល់​ឃើញ​ហ្នឹង​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​រួម​»។

​ក្រុម​​ស្នូល​​បណ្ដាញ​​សហគមន៍​​ព្រៃឡង់​​ ​លោក​ ​ខេង​ ​ខូ​ ​ក៏​បាន​​ស្ដែង​​ការ​​ខក​​ចិត្ត​​ជា​​ខ្លាំង​​ខណៈ​​ពេល​​ដែល​​អាជ្ញា​​ធរ​​មក​​រា​​រាំង​​មិន​​ឲ្យ​​ពួក​​គាគ់​​ជា​​ប្រ​ជា​​សហគមន៍​​​ ​ព្រះសង្ឃ​​​ ​និង​​យុវ​​ជន​​មក​​ពី​​គ្រប់​​ទិស​​ទី​​ចូល​​ព្រៃ​​ប្រារព្ធ​​កម្ម​​វិ​ធី​​បុណ្យ​​ព្រៃ​ឡង់​​ ​​និង​​បំ​​បួស​​ដើម​​ឈើ​នេះ​។

​លោក​ ​ខេង​ ​ខូ​ ​បាន​ជជែក​ជា​មួយ​អាជ្ញា​ធរ​ឃុំ​ ​និង​មន្ត្រី​បរិស្ថាន​ ​នៅ​ពេល​ដែល​ពួក​គេ​ចុះ​មក​រា​រាំ​ង​ថា​លោក​និង​ក្រុម​ការងារ​ ​បាន​ដាក់​សំណើ​ជូន​ ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​មុន​នឹង​ប្រារព្ធ​ពិធី​នេះ​ ​ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ​។

​លោក​ ​ខេង​ ​ខូ​ ​បាន​ថ្លែង​ថា​៖ «​ពួក​ខ្ញុំ​ឲ្យ​គាត់​យូរ​ហើយ​ ​ប៉ុន្តែ​គាត់​អត់​មាន​ការ​ឆ្លើយ​តប​។​ ចឹង​បើ​សិន​ជា​គាត់​មិន​ចង់​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ធ្វើ​ប្រារព្ធ​ពិធី​បុណ្យ​ ​ហេតុ​អ្វី​​លិខិត​ពួក​ខ្ញុំ​ដាក់​ទៅ​មិន​ធ្វើ​ការ​ឆ្លើយ​តប​​ឲ្យ​ផ្ដល់​ដំ​ណឹង​មុន​ ​ចាំ​បាច់​ដល់​ពេល​ពួក​ខ្ញុំ​ទៅ​ហើយ​ ​ពួក​គាត់​ធ្វើ​ការ​រា​រាំង​»។

​មេ​​ឃុំ​កាំង​ចាម​ ​លោក​ ​ឃឹម​ ​សុខា​ ​បាន​ឆ្លើយ​ឆ្លង​ជា​មួយ​សហគមន៍​ថា​ ​លោក​ពិត​ជា​បាន​ទទួល​លិខិត​អញ្ជើញ​ពី​សហគន៍​មែន​ ​ប៉ុន្តែ​អាជ្ញា​ធរ​ស្រុក​ ​បាន​បញ្ជា​ឲ្យ​លោក​ហាម​ឃាត់​។​ លោក​ ​អះ​អាង​ថា​ ​សហគមន៍​មិន​បាន​សហកា​រ​ជា​មួយ​អា​ជ្ញា​ធ​រ​ស្រុក​ ​និង​ខេត្ត​ ​ហើយ​​ជា​ពិសេស​ក្រសួង​បរិស្ថាន​។​

​លោក​ ​ឃឹម​ ​សុខា​ ​បាន​និយាយ​ថា​៖​ «ខាង​បណ្ដាញ​សហគមន៍​បាន​ដាក់​លិខិត​អញ្ជើញ​ខ្ញុំ​ចូល​រួម​មក​ដែរ​ ​ហើយ​ខ្ញុំ​មិន​បាន​បដិ​សេធ​ទេ​ ​និង​ប្រុង​រៀប​ចំ​ក្រុម​ប្រឹក្សា​ទៅ​ជា​មួយ​គ្នា​»។

លោក​ ឃឹម​ ​សុខា​ ​បន្ថែម​ថា​៖ «​ខ្ញុំ​ល្ងាច​មិញ​អភិ​បាល​គាត់​ចុច​មក​ឲ្យ​មក​សួរ​មក​នាំ​ទៅ​ ​បើ​មាន​ការ​ស្នើ​សុំ​ត្រឹម​ត្រូវ​គាត់​​ឲ្យ​ចូល​។ ប៉ុន្តែ​បើ​អត់​មាន​ការ​ស្នើ​សុំ​ត្រឹ​ម​ត្រូវ​ទេ​ ​គាត់​អត់​អាច​អនុញ្ញាត​ឲ្យ​ចូល​បាន​ទេ​ ​វា​ជា​បញ្ហា​។​ ខ្ញុំ​អត់​មាន​អី​ទេ​ ​ខ្ញុំ​នៅ​ក្រោម​បទ​បញ្ជា​ដែរ​»

​បណ្ដាញ​​សហគមន៍​​ព្រៃ​​ឡង់​​បួន​​ខេត្ត​​ ​គ្រោង​​នឹង​​ប្រារព្ធ​​ពិធី​​បុណ្យ​​បំបួស​ដើម​ឈើ​ ​​នៅ​​ថ្ងៃ​​​ទី​​២៣​​​ ​ខែ​​កុម្ភៈ​​ ​​ឆ្នាំ​​២០​​២០​​នៅ​​ចំណុច​​​ ​ក្នុង​តំ​បន់​​ព្រៃ​ឡង់​​​ ​ភូមិ​​សាស្ត្រ​​ព្រំ​​ប្រទល់​​ខេត្ត​​កំពង់​​ធំ​​​ ​ព្រះ​​វិហារ​​​ ​ស្ទឹង​ត្រែង​ ​និង​ក្រចេះ​​។ ​ពីធី​នេះ​ ​ធ្វើ​ឡើង​ក្នុង​​គោល​​បំណង​​ ​​រំលឹក​​គុណ​​ព្រៃ​​ឈើ​​ ​ ​​ ​ថែ​​រក្សា​​នូវ​​អត្ត​​សញ្ញា​ណ​​ជន​​ជាតិ​​ដើម​​​ភាគ​​តិច​​ ​​​ ​​បង្ហាញ​​នូ​វ​​សក្តា​​នុ​​ពល​​របស់​​ព្រៃ​​ឡង់​​​ ​ដល់​​សាធារ​ណ​​ជន​​ទូ​​ទៅ​​ដើម្បី​​រួម​​ចំណែក​​​ជា​​មួយ​​បណ្ដាញ​​សហគមន៍​​ព្រៃ​ឡង់​​ ​​និង​​ពង្រឹង​​កិច្ច​​សហ​ការ​​ជា​​មួយ​​រដ្ឋា​​ភិ​​បាល​​ក្នុង​​បុព្វ​​ហេតុ​​ការ​​ពារ​​ធន​​ធាន​​ធម្ម​​​ជាតិ​​​ ​និង​​ជីវៈ​​ចម្រុះ​​ក្នុង​​តំបន់​​ព្រៃ​​ឡង់​​។​

​ពិធី​បំបួស​ដើម​ឈើ​ ​ត្រូវ​បាន​លុប​ចោល​វិញ​ ​ក្រោយ​ពី​អាជ្ញា​ធរ​ខេត្ត​ទាំង​បួន​ ​បាន​ចុះ​រា​រាំង​ ​ដោយ​ចោទ​ថា​ សហគមន៍​ពុំ​បាន​សុំ​ការ​អនុ​ញ្ញាត​។

​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​​បាន​ចោទ​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា​​បាន​ធ្វើ​សកម្ម​ភាព​ដែល​មាន​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​កិច្ច​សហការ​ ​និង​បង្កើត​ការ​អុក​ឡុក​ ​ស្ថាន​ការណ៍​ ​បង្កើត​របាយ​ការណ៍​បំភ្លៃ​សាធារ​ណ​មតិ​លើ​ការ​ងារ​គ្រប់​គ្រង​និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​។ ​លោក​ថា​ ​ការ​បំភ្លៃ​របាយ​ការណ៍​ ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​ដើម្បី​ ​ទទួល​បាន​ជំនួយ​ពីប​​រទេស​។​

​លោក​និយាយ​ថា​៖​ «ម្តង​ហើយ​ម្តង​ទៀត​ ​ក្រោម​ខ្សែ​ញាក់​របស់​ម្ចាស់​ជំនួយ​របស់​ខ្លួន​ ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​ដើរ​ចេញ​ពី​គន្លង​សមូ​ហ​ភា​ព​ដឹក​នាំ​គ្រប់​គ្រង​ ​និង​ព្យា​យាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃ​ឡង់​ ​តាម​រយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនា​ធិប​តេយ្យ​ ​លួច​ប្រើ​ប្រាស់​ ​Apps​ ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ​បំ​ភ្លៃ​លើ​ទិ​ន្ន​ន័យ​នៃ​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ ​រាប់​គល់​ឈើ​មួយ​ដើម​ថា​ជា​បទ​ល្មើស​មួយ​ដែល​គ្មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​»

​អង្គ​ការ​​សង្គម​​ស៊ី​វិល​ប្រមាណ​​ជាង​១០០​​ស្ថាប័ន​ ​បាន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០​២០​​ ​ដោយ​សម្តែង​ការ​សោក​ស្តាយ​ ​និង​ខក​ចិត្ត​​ចំពោះ​ការ​រឹត​ត្បិត​​សមា​ជិក​សហ​គមន៍​ ​ព្រះ​សង្ឃ​ និង​សកម្ម​ជន​បរិស្ថាន​រាប់​រយ​នាក់​ ​មិន​ឱ្យ​ចូល​ទៅ​តំបន់​ការ​ពារ​ព្រៃ​ឡង់​កាល​ពី​ចុង​សប្តាហ៍​មុន​។​

​សេចក្តី​ថ្លែង​ការណ៍​រួម​ ​លើក​ឡើង​ថា​៖ ​ការ​ប្រើ​ប្រាស់​​មន្រ្តី​ឧទ្យា​នុ​រក្ស​​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​​ ​ដើម្បី​រា​រាំង​​​សមា​ជិក​​បណ្ដាញ​​សហគមន៍​​ព្រៃ​ឡង់​​ ​ពី​ការ​​ប្រារព្ធ​​ពិធី​បុណ្យ​​បំ​បួស​ដើម​ឈើ​​ប្រ​ចាំ​ឆ្នាំ​នៅ​ក្នុង​ព្រៃ​ ​​គឺ​​ជា​ការ​រឹត​ត្បិត​​មិន​សម​ហេតុ​ផល​​ទៅ​​លើ​សេ​រី​ភាព​​​ដើរ​ហើរ​​ ​និង​​បង្អាក់​​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​អ​ភិ​រ​ក្ស​​ព្រៃ​ឈើ»​។

​សេចក្តី​ថ្លែង​ការណ៍​ ​បាន​បន្ថែម​ទៀត​ថា​៖ «​ការ​ហាម​ឃាត់​នោះ​ ​មិន​បាន​បង្ហាញ​អំ​ណះ​អំ​ណាង​​ត្រឹម​ត្រូវ​​​តាម​ច្បាប់​នោះ​ឡើយ​ ​បើ​ទោះ​បី​ជា​ការ​រៀប​ចំ​ពិធី​របស់​សហគមន៍​ពួក​គាត់​បាន​ជូន​ដំណឹង​​ទៅ​អាជ្ញា​ធរ​ក៏​ដោយ​»។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រដ្ឋា​ភិ​បាល​បាន​ចេញ​អនុ​ក្រឹត្យ​លេខ​៧៤​ ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២០​១៦​ ​ដែល​មាន​ ​ទំ​ហំ​៤៣​១,​៦​៨​៣​ហិច​តា​ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ​ខេ​ត្ត​ស្ទឹង​ត្រែង​ ​ក្រចេះ​ ​កំពង់​ធំ​ ​និង​ព្រះ​វិហារ​ ​ជា​តំ​បន់​ការ​ពារ​ ​ដែន​ជម្រក​សត្វ​ព្រៃ​«​ព្រៃឡង់​»​។​