អតីតបុគ្គលិកសណ្ឋាគារ The Great Duke ចំនួន១៣៩នាក់ បានសម្រេចចិត្ត ទទួលយក សំណង តាមសេចក្តីសម្រេច របស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អតីតបុគ្គលិកសណ្ឋាគារ លំដាប់ផ្កាយប្រាំ បានឈានដល់ការព្រមព្រៀង ទទួលយកសំណងបី ក្នុងចំណោម ៤ចំណុច បន្ទាប់ពី ពួកគេធ្វើការទាមទារ រយៈពេលបីខែ ក្រោយពេល សណ្ឋាគារនេះ ប្រកាសបិទទ្វារ។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា ប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានឲ្យដឹងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៃក្រសួងការងារ កាលពីថ្ងៃ ទី២០ ខែកុម្ភៈ បានសម្រេចផ្តល់សំណង រួមមាន ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង និង ទូទាត់ថ្ងៃឈប់សម្រាកដែលនៅសល់ទៅជាថវិការ ប៉ុន្តែ បដិសេធផ្តល់ប្រាក់សំណងជំងឺចិត្ត។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទុកពេលឲ្យ អតីតបុគ្គលិក រយៈពេល ៨ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្ត។
លោក កុសល បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលជាធរមាន កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ដោយសារ ពុំមាន ភាគីណាមួយជំទាស់លើ សេចក្តីសម្រចនេះ។
លោក កុសល និយាយថា៖ «នៅពេលដែល ភាគីអាជា្ញកណ្តាល បានទុក ពេលប្រាំបីថ្ងៃ ឲ្យជំទាស់ហ្នឹង អត់មានភាគីណាមួយ ជំទាស់ទេ ចឹងសេចក្តីសម្រេចហ្នឹង ត្រូវចូលជា ធរមានហើយ ។ចឹងយើងត្រូវ ធ្វើសម្រេចតាមហ្នឹងទៅ»។
លោក កុសល បានបន្តទៀតថា កាលពីថ្ងៃ០១ ខែមីនា លោកបាន ពិភាក្សា ជាមួយខាងតំណាងមេធាវីសណ្ឋាគារ ដើម្បីរៀបចំ សំណងផ្តល់ អតីតបុគ្គលិក ទាំងអស់។ លោកថា តំណាងមេធាវីសណ្ឋាគារ កំពុងរៀបចំ និតិវិធី ក្នុងការផ្តល់ ប៉ុន្តែ មិនទាន់ កំណត់ពេលវេលាជាក់លាក់ នៅឡើយនោះទេ។
អតីតបុគ្គលិកម្នាក់ ដែលបម្រើការ អស់រយៈ ពេល២០ឆ្នាំនៅសណ្ឋាគារនេះ លោក ចាន់ ម៉ន អាយុ៥០ឆ្នាំ បាននិយាយថា លោកមិនពេញចិត្ត ក្នុងការទទួលយកសំណងនោះទេ ប៉ុន្តែ លោកគ្មានជម្រើសនោះទេ។
លោក ចាន់ ម៉ន និយាយថា៖ «ការទទូលយកសំណងនេះខ្ញុំមិនពេញចិត្តក្នុងការទទួលសំណងទំាងនោះទេ។ ដោយខ្ញុំមិនចង់វែងឆ្ងាយជាមួយសណ្ឋាគារដោយអូសបន្លាយពេលយូរនិងបុគ្គលិកខ្លះដាច់បាយក្នុងការចាំសំណង។ ចឹងក៏យកតែម្តងទៅ»។
អតីតបុគ្គលិករូបនេះបានបន្តទៀតថា បន្ទាប់ពីសណ្ឋាគារបានបិទទ្វារលោកមិនអាចរកការងារផ្សេងទៀតឡើយព្រោះពេលនេះគាត់មានវ័យចំណាស់។ បញ្ហានេះបានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃនិងការផ្គត់ផ្គង់ដល់គ្រួសារជាខ្លាំង។
លោក ចាន់ ម៉ន បានត្អួញត្អែរថា៖ «ខ្ញុំបានដាក់ពាក្យធ្វើការនៅកន្លែងផ្សេងៗប៉ុន្តែមិនបានអ្នកក្រុមហ៊ុនណាទទួលទេ។ ខ្ញុំគិតថាបើទទួលសំណងទាំងអស់ នៅថ្ងៃខាងមុខ លុយទាំងអស់ខ្ញុំនឹងទិញរ៉ឺម៉កកង់បីរត់ឌុបដើម្បីជីវភាពគ្រួសារ»។
អតីតបុគ្គលិកចំនួន១៣៩នាក់បានធ្វើការតវ៉ានៅមុខសណ្ឋាគារ The Great Duke បន្តបន្ទាប់ ក្រោយពីសណ្ឋាគារនេះបានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។ សណ្ឋាគារ The Great Duke បានផ្លាស់ប្តូរឈ្មោះពីសណ្ឋាគារ InterContinental កាលពីខែមករា ឆ្នាំ២០១៨។