អតីតបុគ្គលិក​សណ្ឋាគារ The Great Duke ចំនួន១៣៩នាក់ បានសម្រេច​ចិត្ត ទទួលយក សំណង តាមសេចក្តី​សម្រេច របស់ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។

អតីតបុគ្គលិក​សណ្ឋាគារ លំដាប់ផ្កាយប្រាំ បានឈានដល់​ការព្រមព្រៀង ទទួល​យក​សំណងបី ក្នុងចំណោម ៤ចំណុច បន្ទាប់ពី ពួកគេធ្វើការទាមទារ រយៈពេលបីខែ ក្រោយពេល សណ្ឋាគារនេះ ប្រកាសបិទទ្វារ។​

ប្រធានសហព័ន្ធ​សហជីពកម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា ប្រចាំនៅ​សណ្ឋាគារ The Great Duke លោក ទូច កុសល បានឲ្យដឹងថា ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល នៃក្រសួងការងារ កាលពីថ្ងៃ ទី២០ ខែកុម្ភៈ បានសម្រេចផ្តល់សំណង រួមមាន ​ប្រាក់អតីត​ភាព​ការងារ​ ប្រាក់​ជូនដំណឹង​ និង ​ទូទាត់​ថ្ងៃឈប់​សម្រាក​ដែលនៅ​សល់ទៅ​ជាថវិការ​ ប៉ុន្តែ​ បដិសេធ​ផ្តល់ប្រាក់​សំណង​ជំងឺចិត្ត។​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទុកពេលឲ្យ អតីតបុគ្គលិក រយៈពេល ៨ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្ត។​

លោក កុសល បានបញ្ជាក់ថា សេចក្តី​សម្រេច​របស់ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល បានចូលជាធរមាន កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក ដោយសារ ពុំមាន ភាគីណាមួយជំទាស់លើ សេចក្តីសម្រចនេះ។

លោក កុសល និយាយថា៖ «នៅពេលដែល ភាគីអាជា្ញកណ្តាល បានទុក ពេលប្រាំបីថ្ងៃ ឲ្យជំទាស់ហ្នឹង អត់មានភាគីណាមួយ ជំទាស់ទេ ចឹងសេចក្តីសម្រេចហ្នឹង ត្រូវចូលជា ធរមានហើយ ។ចឹងយើងត្រូវ ធ្វើសម្រេចតាម​ហ្នឹងទៅ»

លោក កុសល បានបន្តទៀតថា កាលពីថ្ងៃ០១ ខែមីនា លោកបាន ពិភាក្សា ជាមួយខាងតំណាងមេធាវីសណ្ឋាគារ ដើម្បីរៀបចំ សំណងផ្តល់ អតីតបុគ្គលិក ទាំងអស់។​ លោកថា តំណាងមេធាវីសណ្ឋាគារ កំពុងរៀបចំ និតិវិធី ក្នុងការផ្តល់ ប៉ុន្តែ មិនទាន់ កំណត់ពេលវេលាជាក់លាក់ នៅឡើយនោះទេ។

​អតីតបុគ្គលិកម្នាក់ ដែលបម្រើការ អស់រយៈ ពេល២០​ឆ្នាំនៅសណ្ឋាគារនេះ លោក ចាន់ ម៉ន អាយុ៥០ឆ្នាំ បាននិយាយថា លោកមិនពេញចិត្ត ក្នុងការ​​ទទួលយក​សំណងនោះទេ ប៉ុន្តែ លោកគ្មានជម្រើស​នោះទេ។

លោក ចាន់ ម៉ន និយាយថា៖ «ការទទូលយកសំណងនេះ​ខ្ញុំមិនពេញចិត្ត​ក្នុងការទទួលសំណងទំាងនោះទេ។ ដោយខ្ញុំមិនចង់​វែងឆ្ងាយ​ជាមួយ​សណ្ឋាគារ​ដោយអូសបន្លាយពេលយូរ​និងបុគ្គលិកខ្លះដាច់បាយ​ក្នុងការចាំ​សំណង។ ចឹង​ក៏យក​តែម្តងទៅ​»​

អតីតបុគ្គលិករូបនេះ​បានបន្តទៀតថា បន្ទាប់ពីសណ្ឋាគារ​​បានបិទទ្វារ​លោកមិនអាចរក​ការងារផ្សេងទៀតឡើយ​ព្រោះ​ពេលនេះ​គាត់មានវ័យចំណាស់។ បញ្ហានេះ​បានធ្វើឲ្យមា​នការប៉ះពាល់ដល់​ជីវភាពប្រចាំថ្ងៃ​និង​ការផ្គត់ផ្គង់​ដល់​គ្រួសារជាខ្លាំង។

លោក ចាន់ ម៉ន បានត្អួញត្អែរថា៖ ​«ខ្ញុំបានដាក់ពាក្យធ្វើការ​នៅកន្លែងផ្សេងៗ​ប៉ុន្តែមិនបានអ្នកក្រុមហ៊ុន​ណាទទួលទេ។ ខ្ញុំគិតថា​បើទទួលសំណងទាំងអស់ នៅថ្ងៃខាងមុខ​ លុយទាំងអស់ខ្ញុំនឹងទិញ​រ៉ឺម៉កកង់បីរត់ឌុប​ដើម្បី​ជីវភាពគ្រួសារ»​។

អតីត​បុគ្គលិក​ចំនួន​១៣៩នាក់​បានធ្វើការ​តវ៉ា​នៅមុខ​សណ្ឋាគារ​ The Great ​Duke​​​ បន្តបន្ទាប់ ក្រោយពីសណ្ឋាគារនេះ​បានប្រកាស​បិទដំណើរ​ការ ចាប់ពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយមូល​ហេតុ​សេដ្ឋកិច្ច។ សណ្ឋាគារ The Great Duke បានផ្លាស់ប្តូរឈ្មោះ​ពីសណ្ឋាគារ InterContinental កាលពី​ខែមករា ឆ្នាំ២០១៨។