ប្រជានេសាទខ្មែរឥស្លាមមួយចំនួនប្តូរមុខរបររបស់ខ្លួន ក្រោយពីផលនេសាទប្រចាំថ្ងៃធ្លាក់ចុះបន្តបន្ទាប់ ក្នុងរយៈពេល២ទៅ៣ឆ្នាំ ចុងក្រោយនេះ។
អ្នកនេសាទខ្មែរឥស្លាមតាមដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលបានអះអាងថា ផលនេសាទប្រចាំថ្ងៃ បានធ្លាក់ចុះជាងពាក់កណ្តាល ដែលធ្វើឲ្យពួកគេជួបបញ្ហាជីវភាពប្រចាំថ្ងៃ និងមានអ្នកខ្លះបង្ខំចិត្តបោះបង់របស់នេសាទ ដែលជារបរប្រពៃណីរបស់ពួកគេ។
លោក ម៉េត សាឡេះ អាយុ៦១ឆ្នាំ ជាខ្មែរចូលសាសន៍ ដែលមានប្រពន្ធខ្មែរឥស្លាម និងមានកូន៦នាក់ បាននិយាយថា គ្រួសាររបស់លោកពឹងផ្អែកលើការនេសាទត្រីទាំងស្រុង ដោយនេសា ទក្នុងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ។ លោកថា ពីរឆ្នាំចុងក្រោយនេះផលនេសាទ មានការធ្លាក់ចុះជាងពាក់កណ្តាល បើប្រៀបធៀបឆ្នាំមុនៗ។
លោក ម៉េត សាឡេះ និយាយថា៖ «ខ្ញុំដាក់មងរាល់ឆ្នាំ តែងតែសង្កេតឃើញថា ឲ្យតែដល់ខែ១១-១២ និងខែ១ ខ្លះរហូតដល់ខែ២ទៀត ដឹងថាខែត្រីសំបូរហ្មង។ តែឆ្នាំនេះដល់ខែត្រីហើយ រកត្រីអត់បានទៀត។ ត្រីអត់សូវមានហើយ ទឹកទន្លេឆ្នាំនេះតូចទៀត»។
លោកបានបញ្ជាក់ថាកាល៥-៦ឆ្នាំមុន មានត្រីច្រើនក្នុងទន្លេ ដោយដាក់មង១យប់បាន៧-៨គីឡូក្រាម ប៉ុន្តែឥឡូវនេសាទបានតែ ២ទៅ៣គីឡូក្រាម ហើយលោកត្រូវបណ្ដែត៤ទៅ៥ជើងបន្ថែមទៀត។
លោក ម៉េត សាឡេះ បានបន្តថា៖ «ខ្ញុំបណ្ដែតមងតាមក្រលា ក្រលាតូចផង ក្រលាធំផង។ ខ្ញុំចេញទៅតាំងម៉ោង២ ឬម៉ោង៣យប់ រកបានត្រីអស់ហើយ ឥឡូវ២គីឡូ ទៅ៣គីឡូទេ។ លក់បានលុយ២-៣ ម៉ឺនរៀល អានឹងអត់ទាន់ផាត់ថ្លៃសាំងផង»។
លោក ម៉េត សាឡេះ បានបន្ថែមថា នេសាទត្រីបានតិច ធ្វើឲ្យគ្រួសារលោកជួបបញ្ហាជីវភាព។ គ្រួសាររបស់លោកបាននាំគ្នាទៅរាវលៀស និងរាវខ្ចៅលក់បន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ចំណែកឯអ្នកនេសាទម្នាក់ទៀត អ្នកស្រី សា ម៉ាស់ អាយុ៦៧ឆ្នាំ បានឲ្យដឹងថា រាល់ថ្ងៃអ្នកស្រីទៅនេសាទជាមួយប្ដី នៅទន្លេបាសាក់ក្រុងតាខ្មៅ។ អ្នកស្រី បានលើកឡើងថា ការនេសាទត្រីប្រភេទត្រីល្អិត ត្រីឆ្កែង ឬត្រីឆ្ពិន មានការធ្លាក់ចុះ ជាបន្តបន្ទាប់។
អ្នកស្រី សា ម៉ាស់ បាននិយាយថា៖ «ឥឡូវដាក់មងអត់បានលុយ២ម៉ឺនរៀលផង ក្នុងមួយយប់ហ្នឹង។ ថ្ងៃខ្លះទៅខាតសាំងទៀត។ មងត្រីតូចក៏មិនត្រូវ ត្រីធំក៏មិនត្រូវដែរ»។
អ្នកស្រី សា ម៉ាស់ បានបន្ថែមដែរថា ២-៣ឆ្នាំចុងក្រោយនេះ អ្នកនេសាទខ្មែរឥស្លាមរកមិនសូវបាន និងអ្នកខ្លះមានវ័យចាស់ៗទៀត។ អ្នកស្រីថា នៅក្នុងសហគមន៍អ្នកស្រីមានអ្នកនេសាទជិត២០០ទូក តែឥឡូវនៅសល់មិនដល់៥០ទូកនោះទេ ដែលកំពុងនេសាទប្រចាំថ្ងៃក្នុងទន្លេ។ អ្នកខ្លះបានប្តូរមុខរបរទៅរត់ម៉ូតូឌុប រកស៊ីនៅផ្សារ លក់ដូរនៅផ្ទះ និងស៊ីឈ្នួលគេចាក់មងសំណាញ់នៅផ្ទះ។
អ្នកស្រីបានបញ្ជាក់ថា៖«អ្នកនេសាទខ្មែរឥស្លាមមួយចំនួនធំ ពួកគេមានវ័យចាស់ៗផង និងរកមិនសូវបានផងក្នុងទន្លេបានផ្លាស់ប្ដូររបរនេះ រករបរថ្មីជំនួសវិញ ហើយមួយចំនួនទៀត រងចាំនេសាទត្រី នៅពេលខែសំបូរត្រីប៉ុណ្ណោះ»។
លោក ម៉ិច គឹមឈៀង អនុប្រធានជលផលខេត្តកណ្ដាលបានលើកឡើងថា ផលនេសាទធ្លាក់ចុះរយ:ពេល៤-៥ឆ្នាំមកហើយ ចាប់តាំងពីការសាង់សង់ទំនប់វារីអគ្គីសនីប៉ែកខាងលើ នៃទន្លេមេគង្គ និងបញ្ហាភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ លោកថា ទឹកតូច មិនអាចហូរចូលបឹង និងព្រែកបានគ្រប់គ្រាន់ទេ ដែលជាហេតុនាំឲ្យត្រីខ្វះជម្រកដើម្បីបង្កកំណើត។
លោក ម៉ិច គឹមឈៀង បានបញ្ជាក់ថា៖«មូលហេតុសំខាន់ អត់សូវមានត្រី វាមកពីកត្ដាទឹកហ្នឹងហើយ។ បើទឹកអត់ឡើងហើយ អញ្ចឹងយើងចង់បានយ៉ាងណា វាអត់មានដែរ»។
លោក ម៉ិច គឹមឈៀង បានបន្ថែមថា បញ្ហាទឹកជំនន់កន្លងមក គឺជាជំនន់ទឹកភ្លៀងឡើងខុសរដូវត្រីពង បានបណ្ដាលឲ្យទិន្នផលត្រីមានការធ្លាក់ចុះជាងមុន។ ចំពោះអ្នកនេសាទនៅតំបន់ខាងលើ(ព្រែកព្នៅ)អាចរកបាន គ្រាន់ជាងអ្នកនៅទន្លេបាសាក់ក្រុងតាខ្មៅដោយសារត្រីវាចេញពីបឹងទន្លេមក។
អ្នកនេសាទម្នាក់ទៀត លោក នូ សារ៉ុម អាយុជាង២០ឆ្នាំ ជាខ្មែរចូលសាសន៍ ប្រកបរបរសាទត្រីជាង៥ឆ្នាំនៅទន្លេបាសាក់ក្រុងតាខ្មៅ បានឲ្យដឹងថា លោកបានប្តូរពីនេសាទ ទៅធ្វើសំណង់វិញ ក្រោយការនេសាទត្រីធ្លាក់ចុះ។
លោក នូ សារ៉ុម និយាយថា៖«ឥឡូវលំបាកណាស់ត្រីមិនត្រូវដូចមុនទេ។ ពីមុនត្រូវតិចគ្រាន់បានសន្សំ តែឥឡូវដូចវាលេងបានដូចមុនទៀត»។