ប្រជា​នេសាទ​ខ្មែរឥស្លាម​មួយចំនួន​ប្តូរមុខរបរ​របស់ខ្លួន ក្រោយ​ពីផលនេសាទ​ប្រចាំថ្ងៃធ្លាក់​ចុះបន្ត​បន្ទាប់ ក្នុង​រយៈពេល២​ទៅ៣ឆ្នាំ ចុង​ក្រោយនេះ។

អ្នកនេ​សាទខ្មែរឥស្លាម​តាមដងទន្លេ​បាសាក់ ក្នុង​ក្រុងតាខ្មៅ ខេត្ត​កណ្តាលបាន​អះអាង​ថា ផលនេសាទ​ប្រចាំថ្ងៃ បាន​ធ្លាក់ចុះជាង​ពាក់កណ្តាល ដែល​ធ្វើឲ្យពួកគេជួប​បញ្ហាជីវភាព​ប្រចាំ​ថ្ងៃ និងមាន​អ្នកខ្លះ​បង្ខំចិត្ត​បោះបង់​របស់នេសាទ ដែល​ជារបរប្រពៃណី​របស់ពួកគេ។​

លោក ម៉េត សា​ឡេះ អាយុ៦១ឆ្នាំ ជាខ្មែរ​ចូលសាសន៍​ ដែលមានប្រ​ពន្ធខ្មែរ​ឥស្លាម និងមា​នកូន៦នាក់ បាន​និយាយថា គ្រួសារ​របស់លោកពឹង​ផ្អែកលើការ​នេសាទត្រី​ទាំងស្រុង ដោយនេសា ទ​ក្នុងទន្លេ​បាសាក់ ក្នុង​ក្រុងតាខ្មៅ។ លោកថា​ ពីរឆ្នាំចុង​ក្រោយនេះ​ផលនេសាទ មានការធ្លាក់​ចុះជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​ឆ្នាំមុនៗ។

លោក​ ម៉េត សា​ឡេះ និយាយថា៖ «ខ្ញុំដាក់​មងរាល់ឆ្នាំ តែងតែ​សង្កេតឃើញ​ថា ឲ្យតែ​ដល់ខែ១១-១២ និងខែ១ ខ្លះរហូត​ដល់ខែ២ទៀត ដឹងថា​ខែត្រីសំបូរហ្មង។ តែឆ្នាំនេះ​ដល់ខែត្រី​ហើយ រកត្រី​អត់បានទៀត។ ត្រីអត់​សូវមាន​ហើយ ទឹក​ទន្លេឆ្នាំនេះ​តូចទៀត»។

លោក​បានបញ្ជាក់​ថាកាល៥-៦ឆ្នាំ​មុន មានត្រីច្រើនក្នុងទន្លេ ដោយ​ដាក់មង១យប់​បាន៧-៨គីឡូក្រាម ប៉ុន្តែឥឡូវ​នេសាទ​បានតែ ២ទៅ៣គីឡូក្រាម ហើយ​លោកត្រូវ​បណ្ដែត៤ទៅ៥ជើង​បន្ថែមទៀត។

លោក ម៉េត សាឡេះ បាន​បន្តថា៖​ «ខ្ញុំបណ្ដែត​មងតាម​ក្រលា ក្រលា​តូចផង ក្រលា​ធំផង។ ខ្ញុំ​ចេញទៅ​តាំងម៉ោង២ ឬម៉ោង​៣យប់ រកបាន​ត្រីអស់​ហើយ ឥឡូវ២គីឡូ ទៅ៣គីឡូទេ។ លក់បាន​លុយ២-៣ ម៉ឺនរៀល អានឹងអត់​ទាន់ផាត់ថ្លៃ​សាំងផង»។

លោក ម៉េត សាឡេះ បាន​បន្ថែមថា នេសាទ​ត្រីបានតិច ​ធ្វើឲ្យគ្រួសារ​លោកជួបបញ្ហា​ជីវភាព។ គ្រួសារ​របស់លោក​បាននាំគ្នា​ទៅរាវ​លៀស និងរាវខ្ចៅ​លក់​បន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។​

ចំណែក​ឯអ្នកនេសាទ​ម្នាក់ទៀត អ្នក​ស្រី សា​ ម៉ាស់ អាយុ​៦៧ឆ្នាំ បានឲ្យដឹងថា រាល់ថ្ងៃអ្នកស្រីទៅ​នេសាទជា​មួយប្ដី នៅទន្លេបាសាក់​ក្រុងតាខ្មៅ។ អ្នកស្រី បាន​លើកឡើង​ថា ការនេសាទ​ត្រី​ប្រភេទ​ត្រីល្អិត ត្រីឆ្កែង ឬត្រីឆ្ពិន មាន​ការធ្លាក់​ចុះ ជាបន្ត​បន្ទាប់។

អ្នក​ស្រី សា ម៉ាស់ បាន​និយាយថា៖ «ឥឡូវដា​ក់មងអត់​បានលុយ​២ម៉ឺនរៀល​ផង ក្នុងមួយ​យប់ហ្នឹង។ ថ្ងៃខ្លះទៅខាត​សាំងទៀត។ មងត្រី​តូចក៏មិនត្រូវ ត្រីធំ​ក៏មិនត្រូវ​ដែរ»។

អ្នកស្រី សា​ ម៉ាស់ ​បានបន្ថែម​ដែរថា ២-៣ឆ្នាំចុង​ក្រោយនេះ អ្នកនេសាទ​ខ្មែរឥស្លាម​រកមិនសូវ​បាន និងអ្នកខ្លះ​មានវ័យចាស់ៗ​ទៀត។ អ្នកស្រីថា នៅក្នុងសហគមន៍អ្នកស្រី​មានអ្នកនេសាទ​ជិត២០០​ទូក តែឥឡូវ​នៅសល់​មិនដល់៥០​ទូកនោះទេ ដែល​កំពុងនេសាទ​ប្រចាំថ្ងៃ​ក្នុងទន្លេ។ អ្នកខ្លះ​បានប្តូរមុខ​របរទៅរត់​ម៉ូតូឌុប​ រក​ស៊ីនៅផ្សារ ​លក់ដូរនៅ​ផ្ទះ និងស៊ីឈ្នួល​គេចាក់មង​សំណាញ់​នៅផ្ទះ។

អ្នក​ស្រីបានបញ្ជាក់​ថា៖«អ្នកនេសាទ​ខ្មែរឥស្លាមមួយ​ចំនួនធំ ពួកគេមាន​វ័យចាស់ៗ​ផង និងរកមិន​សូវបានផង​ក្នុងទន្លេបានផ្លាស់​ប្ដូររបរនេះ រករបរថ្មី​ជំនួសវិញ ហើយ​មួយចំនួន​ទៀត រងចាំនេសាទ​ត្រី នៅពេល​ខែសំបូរ​ត្រីប៉ុណ្ណោះ»។

លោក ម៉ិច គឹម​ឈៀង អនុប្រធាន​ជលផលខេត្ត​កណ្ដាល​បានលើកឡើងថា ​ផលនេសាទធ្លាក់ចុះ​រយ:ពេល៤-៥ឆ្នាំមកហើយ ចាប់​តាំងពីការសាង់​សង់ទំនប់វារីអគ្គី​សនីប៉ែកខាងលើ នៃទន្លេមេគង្គ និង​បញ្ហាភ្លៀង​ធ្លាក់​មិនគ្រប់​គ្រាន់។ លោកថា ទឹកតូច មិន​អាចហូរចូល​បឹង និងព្រែកបាន​គ្រប់គ្រាន់ទេ ដែល​ជាហេតុនាំឲ្យត្រីខ្វះ​ជម្រក​ដើម្បីបង្ក​កំណើត។

លោក ម៉ិច គឹមឈៀង បាន​បញ្ជាក់ថា៖«មូលហេតុ​សំខាន់ អត់សូវ​មានត្រី វាមកពី​កត្ដាទឹកហ្នឹងហើយ។ បើទឹក​អត់ឡើងហើយ អញ្ចឹង​យើងចង់​បានយ៉ាង​ណា វាអត់មាន​ដែរ»។

លោក ម៉ិច គឹមឈៀង បាន​បន្ថែម​ថា បញ្ហា​ទឹកជំនន់កន្លង​មក គឺជាជំនន់ទឹក​ភ្លៀងឡើង​ខុសរដូវ​ត្រីពង បានបណ្ដាល​ឲ្យទិន្នផលត្រីមាន​ការធ្លាក់ចុះជាងមុន។ ចំពោះអ្នកនេសាទ​នៅតំបន់​ខាងលើ(ព្រែកព្នៅ)​អាចរកបាន គ្រាន់​ជាងអ្នកនៅ​ទន្លេបាសាក់ក្រុង​តាខ្មៅដោយ​សារត្រីវាចេញ​ពីបឹងទន្លេ​មក។

អ្នក​នេសាទម្នាក់ទៀត​ លោក នូ សារ៉ុ​ម អាយុជាង២​០ឆ្នាំ ជាខ្មែរចូល​សាសន៍ ប្រកបរបរសា​ទត្រីជាង​៥ឆ្នាំនៅទន្លេ​បាសាក់ក្រុងតាខ្មៅ បានឲ្យដឹងថា លោក​បានប្តូរពីនេ​សាទ ទៅធ្វើ​សំណង់វិញ ក្រោយ​ការនេសាទ​ត្រីធ្លាក់ចុះ។
លោក​ នូ សារ៉ុ​ម និយាយថា​៖«ឥឡូវ​លំបាកណាស់​ត្រីមិនត្រូវ​ដូចមុនទេ។ ពីមុន​ត្រូវតិចគ្រាន់​បានសន្សំ​ តែឥឡូវដូចវា​លេងបាន​ដូចមុ​នទៀត»។