សមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា រដ្ឋាភិបាលវៀតណាមបានឆ្លើយតបជាលើកដំបូងពាក់ព័ន្ធទៅនិងសំណើរបស់ខ្លួនដែលស្នើប្រគល់ដីស្រែចំនួន៣០០០ហិកតាជូនពលរដ្ឋខ្មែរកម្ពុជាក្រោម ស្ថិតក្នុងខេត្តក្រមួនសរ ដែលមានហិង្សាកើតឡើងកាលពីដើមខែឧសភា។
រដ្ឋាភិបាលវៀតណាមបានឆ្លើយតបសំណើអន្តរាគមន៍របស់សមាគមខ្មែរកម្ពុជាក្រោម កាលពីចុងខែឧសភា តាមរយៈប្រៃសណីយ៍ ដែលសមាគមនេះ បានស្នើឲ្យដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយពលរដ្ឋ១៤៥គ្រួសារ ក្នុងភូមិប៉ប្រក់ ឃុំប៉ប្រ៉ក ស្រុកព្រៃមេង។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៏ លោក សឺន ជុំជួន បានមានប្រសាសន៍ថា លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានសមាជិក១១ ប្រចាំប្រទេសកម្ពុជា បានដាក់លិខិតទៅកាន់ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ ដើម្បីជួយអន្តរាគមន៍ បន្ទាប់ពីសមត្ថកិច្ចវៀតណាមបានប្រើហិង្សា និងរឹបអូសយកដីស្រែពលរដ្ឋខ្មែរក្រោម។ នៅក្នុងអំពើហិង្សានោះបានធ្វើឲ្យប្រជាពលរដ្ឋជាង១០នាក់រងរបួស។
លោកថា ជម្លោះដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០០០ ប៉ុន្តែពុំទាន់មានដំណោះស្រាយនោះទេ។ សមាគនខ្មែរកម្ពុជាក្រោមបានដាក់លិខិតអន្តរាគន៍ជាច្រើនដង ប៉ុន្តែពុំមានការឆ្លើយតបនោះទេ។ នេះជាលើកទីមួយហើយ ដែលភាគីវៀតណាមបានឆ្លើយតបលិខិតអន្តរាគមន៍ ប៉ុន្តែមិនបានបញ្ជាក់ថានឹងជួយដោះស្រាយពេលណានោះទេ។
លោក ជុំជួន មានប្រសាសន៍ថា៖ «រឿងនេះខាងវៀតណាមបានទទួលញ្ញត្តិរបស់សមាគម
ហើយប៉ុន្តែមិនទាន់បានមកជួយដោះស្រាយនៅឡើយទេ»។
យោងតាមពាក្យបណ្តឹងរបស់លោក ទៀម ស៊ីមជាតំណាងប្រជាពលរដ្ឋ ទាំង១៤៥គ្រួសារ ដែលបានផ្ញើជូន លោកនាយករដ្ឋមន្រ្តីវៀតណាម បានរៀបរាប់ថា រូបគាត់ និងប្រជាពលរដ្ឋដទៃទៀតបាន កាប់ឆ្ការដីធ្វើស្រែនៅតំបន់នោះតាំងពីឆ្នាំ១៩៨២។
នៅក្នុងពាក្យបណ្តឹងនោះបានបន្តទៀតថា ប្រជាពលរដ្ឋរស់នៅទីនោះគឺពឹងផ្អែកលើការធ្វើស្រែចម្ការជាប្រភពចំណូល សម្រាប់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់ការសិក្សាកូនៗរបស់ពួកគាត់។ នៅពេលដែលបញ្ហានេះនៅអូសបន្លាយពេលវេលាកាន់តែយូរពួកគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ។
មន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា មិនអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបាននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាលោក កុយ គួងបានបញ្ជាក់តាមតេលេក្រាមយ៉ាងខ្លីថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវៀតណាម នោះទេ។
លោក កុយ គួង សរសេរថា៖«រឿងរ៉ាវនេះកើតនៅក្នុងដែនដីរបស់វៀតណាមគឺជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ក៏បានលើកឡើងដែរថាករណីនេះគឺជាករណីមួយប៉ុណ្ណោះក្នុងចំណោមករណីជាច្រើនដែលខាង CCHR ទទួលបានរបាយការណ៍ជាច្រើន ពាក់ព័ន្ធនិងការរឹតត្បិត និងការបំពានសិទ្ធិទៅលើពលរដ្ឋខ្មែកម្ពុជាក្រោមពីសំណាក់អាជ្ញាធរវៀតណាម។ លោកស្រីថា មិនត្រឹមតែអាជ្ញាធរវៀតណាមនោះទេ ដែលរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ សូម្បីតែអាជា្ញធរនៃប្រទេសកំណើតរបស់ខ្លួន ក៏មានការឹតត្បិត និងការរើសអើងផងដែរ។
អ្នកស្រីចក់ សុភាព៖ «យើងមើលទៅពួកគាត់ស្ថិតនៅចន្លោះមួយដែលរស់នៅប្រទេសវៀតណាមត្រូវបានគេរើសអើងត្រូវបានគេបំពានដោយសារគេមើលឃើញពួកគាត់ជាប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែនៅពេលដែលមកប្រទេសខ្មែរគាត់ត្រូវបានប្រឈមនូវការរឹតត្បិត រឺក៏ការរើសអើងផងដែរ។ អញ្ចឹងជារឿងលំបាកមែនទែន»។
កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ ពលរដ្ឋខ្មែរក្រោមដែលរស់នៅ ខេត្តក្រមួនសរត្រូវបានអាជ្ញាធរនិងកងកម្លាំងនគរបាលវៀតណាមជិត១០០នាក់ ប្រដាប់ដោយអាវុធ ខែល ដំបងឆក់បានរារាំងនិងបោកគ្រាប់បែកផ្សែង៣គ្រាប់បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរក្រោមរងរបួសធ្ងន់និងស្រាល១០នាក់។
យោងតាមការផ្សាយរបស់VOD បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សមគមនខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ បានប្រារព្ធពិធីរំលឹកការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទី៧១ឆ្នាំ (៤មិថុនា ឆ្នាំ១៩៤៩ -៤មិថុនា ឆ្នាំ២០២០)។