អាជ្ញាធរខេត្តកោះកុង បានប្រគល់កង់ឲ្យក្រុមសកម្មជនបរិស្ថានវិញបន្ទាប់ពីឃាត់ទុកអស់រយៈពេលជិត១សប្តាហ៍កន្លងមក ប៉ុន្តែពួកគេមានការខកចិត្តដែលអាជ្ញាធររារាំងពួកគេក្នុងការដាក់ញ្ញត្តិ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
កង់ចំនួន១០គ្រឿងត្រូវបានអាជ្ញាធរខេត្តកោះកុង ដឹកតាមរថយន្តមកទីក្រុងភ្នំពេញ ដើម្បីប្រគល់ឲ្យក្រុមយុវជនបរិស្ថាន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរខេត្តនេះ បានឃាត់ទុកមួយរយៈ នៅពេលដែលពួកគេជិះកង់ធ្វើយុទ្ធនាការ ការពារតំបន់កោះកុងក្រៅ។
កញ្ញា ងួន យ៉ែមវតី ជាសកម្មជនបរិស្ថានម្នាក់ ក្នុងចំណោមជាង១៨នាក់ ដែលបានចូលរួមយុទ្ធនាការជិះកង់សង្គ្រោះកោះកុងក្រៅបានឲ្យដឹងថា អាជ្ញាធរខេត្តកោះកុង បានឃាត់ទុកកង់របស់ក្រុមកញ្ញា កាលពីថ្ងៃទី៣ ខែមិថុនា។ ក្រុមយុវជនបានទាមទារយកកង់មកវិញ បន្ទាប់ពីមានការឃាត់ទុក ប៉ុន្តែអាជ្ញាធរបានពន្យារពេលដល់ថ្ងៃទី៨ ខែមិថុនា ទើបប្រគល់ឲ្យវិញ។
កញ្ញា បានសម្តែងការខកចិត្ត ដែលអាជ្ញាធររារាំងក្រុមរបស់ខ្លួន ក្នុងការជិះកង់ដើម្បីដាក់ញ្ញត្តិនៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ។
កញ្ញា យ៉ែមវតី និយាយថា៖ «ទោះបីជាកង់ហ្នឹងត្រូវបានគេ ដឹកដាក់ឡានឲ្យយើងនៅភ្នំពេញវិញប៉ុន្តែសម្រាប់ខ្ញុំដែលជាសមាជិកក្រុមយុវជនជិះកង់ហ្នឹង រមែងមានការខកចិត្តតិចតួចផងដែរ»។
អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី បានមានប្រសាសន៏ថាការប្រគល់កង់នេះមិនមានធ្វើកិច្ចសន្យា ជាលាយលក្ខ័អក្សរអ្វីនោះទេ ដោយគ្រាន់តែធ្វើលិខិតប្រគល់ និងទទួលតែប៉ុណ្ណោះ។
អភិបាលរងរូបនេះ បន្ថែមថាក្រុមយុវជនបរិស្ថានជិះកង់ធ្វើយុទ្ធនាការនេះពុំបានសុំការអនុញ្ញាតិពីអាជ្ញាធរនោះទេ។ លោកថាការប្រមូលផ្តុំណាមួយត្រូវ តែសុំការអនុញ្ញាតិជាមុនសិន។
លោក សុទ្ធី មានប្រសាសន៍ថា៖ «ការប្រមូលផ្ដុំណាមួយ ត្រូវមានការសុំច្បាប់ទីមួយ ហើយក្នុងរដូវកាលនេះជារដូវកាលប្រយុទ្ធប្រឆាំងហ្នឹងជំងឺកូវិដ១៩ទាំងអស់គ្នាបើចង់ធ្វើកិច្ចការអី ប្រទេសមានច្បាប់ត្រូវសុំច្បាប់ មិនមែនតែក្រុមយុវជននោះទេ នណារក៏ដោយ»
កញ្ញា យ៉ែមវតី បានបន្ថែមថាក្រុមរបស់ខ្លួបនឹងមិនបោះបង់ ក្នុងការដាក់ញ្ញត្តិទៅកាន់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី នោះទេ។ ពួកគេកំពុងតែពិភាក្សា ពាក់ព័ន្ធនិងយុទ្ធនាការសង្គ្រោះកោះកុងក្រៅជាបន្តទៀត។
កញ្ញា យ៉ែមវតី និយាយថា៖ «មកទល់ពេលនេះយើងតាមដានមើលព័ត៌មានជុំវិញ ហ្នឹង។ហើយយើងកំពុងតែគិត ពិចារណា ថា តើញ្ញត្តិយើងគួរតែ ធ្វើបែបណា យើងកំពុងតែពិភាក្សាគ្នា។ យើងនឹងមាន សកម្មភាពបន្តទៀត ប៉ុន្តែយើងមិនទាន់ដឹងថាយើងធ្វើក្រោមរូបភាពបែបណា»។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរក្នុងខេត្តកោះកុងបានចាប់យកកង់របស់ក្រុមយុជនបរិស្ថាន ក្នុងពេលដែលពួកគេធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុង មកភ្នំពេញក្នុងគោលបំណងយកញ្ញត្តិជូន លោកនាយករដ្ឋមន្រ្តី ដើម្បីដាក់តំបន់កោះកុងក្រៅជាតំបន់អភិរក្សធម្មជាតិ ។
បន្ទាប់ពីមានយុទ្ធនាការរបស់ក្រុមសកម្មជនបរិស្ថាន រដ្ឋាភិបាលបានសម្រេចបង្កើតគណ:កម្មការមួយកាលពីថ្ងៃទី ៤ ខែ មិថុនា ដោយមាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាប្រធាន ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៏របស់ក្រុមហ៊ុន អេស អ៊ី ហ្សិត ខូអិលធីឌី ទៅលើតំបន់កោះកុងក្រៅទាំងមូល ផងដែរ។