អាជ្ញាធរខេ​ត្ត​កោះកុង​ បានប្រគល់កង់​ឲ្យ​ក្រុម​សកម្មជនបរិស្ថានវិញ​បន្ទាប់​ពី​ឃាត់ទុកអស់​រយៈពេល​ជិត១​សប្តាហ៍​កន្លងមក ប៉ុន្តែពួកគេ​មានការខកចិត្ត​ដែលអាជ្ញាធរ​រារាំង​ពួកគេ​ក្នុងការដាក់ញ្ញត្តិ នៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

កង់​ចំនួន​១០គ្រឿង​ត្រូវបានអាជ្ញាធរខេត្តកោះកុង​​ ដឹកតាមរថយន្ត​មកទីក្រុងភ្នំពេញ ដើម្បីប្រគល់ឲ្យ​ក្រុម​យុវជនបរិស្ថាន​ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរខេត្តនេះ បានឃាត់​ទុកមួយរយៈ នៅពេលដែល​ពួកគេជិះកង់​ធ្វើយុទ្ធនាការ ការពារ​តំបន់កោះកុងក្រៅ។

កញ្ញា​ ងួន​ យ៉ែមវតី​ ជាសកម្មជនបរិស្ថានម្នាក់ ក្នុងចំណោម​ជាង១៨នាក់ ដែល​បាន​ចូលរួមយុទ្ធនាកា​រជិះកង់​សង្គ្រោះ​កោះកុង​ក្រៅបានឲ្យដឹងថា​ អាជ្ញាធរខេត្តកោះកុង បានឃាត់ទុកកង់របស់ក្រុមកញ្ញា កាលពីថ្ងៃទី៣ ខែមិថុនា។ ក្រុមយុវជនបានទាមទារ​យកកង់មកវិញ បន្ទាប់ពីមានការឃាត់ទុក ប៉ុន្តែអាជ្ញាធរ​បានពន្យារពេល​ដល់ថ្ងៃទី៨ ខែមិថុនា ទើបប្រគល់ឲ្យវិញ។​

កញ្ញា បាន​សម្តែង​ការ​ខកចិត្ត ដែលអាជ្ញាធរ​រារាំងក្រុម​របស់ខ្លួន ក្នុងការជិះកង់ដើម្បី​ដាក់ញ្ញត្តិនៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ។

កញ្ញា​ យ៉ែមវតី ​និ​យាយថា៖ «ទោះ​បីជា​កង់​ហ្នឹង​ត្រូវបាន​គេ ដឹក​ដាក់ឡាន​ឲ្យ​យើង​នៅភ្នំពេញ​វិញប៉ុន្តែសម្រាប់​ខ្ញុំ​ដែល​ជាសមាជិក​ក្រុម​យុវជន​ជិះ​កង់ហ្នឹង​ រមែង​មាន​ការ​ខកចិត្ត​តិចតួចផងដែរ»។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី  ​បាន​មាន​ប្រសាសន៏​ថាការប្រគល់​កង់​នេះមិនមាន​ធ្វើកិច្ចសន្យា ជាលាយលក្ខ័អក្សរអ្វីនោះទេ ដោយគ្រាន់តែ​ធ្វើលិខិត​ប្រគល់ និងទទួលតែប៉ុណ្ណោះ។

អភិបាល​រង​រូបនេះ បន្ថែមថាក្រុមយុវជន​បរិស្ថាន​ជិះកង់​ធ្វើយុទ្ធនាការ​នេះពុំបាន​សុំការអនុញ្ញាតិ​ពីអាជ្ញាធរនោះទេ។​ លោកថា​ការប្រមូលផ្តុំ​ណាមួយត្រូវ តែសុំការអនុញ្ញាតិជាមុនសិន។

លោក សុទ្ធី មានប្រសាសន៍ថា៖ «ការ​ប្រមូល​ផ្ដុំណាមួយ ​ត្រូវមានការសុំ​ច្បាប់ទីមួយ​ ហើយក្នុងរដូវកាលនេះជា​រដូវ​កាល​ប្រយុទ្ធ​ប្រឆាំង​ហ្នឹងជំ​ងឺកូវិដ១៩​ទាំងអស់គ្នា​បើចង់ធ្វើកិច្ចការអី ប្រទេស​មានច្បាប់ត្រូវ​សុំច្បាប់ មិនមែនតែ​ក្រុមយុវជន​នោះទេ នណារ​ក៏ដោយ»

កញ្ញា​ យ៉ែមវតី បានបន្ថែមថាក្រុមរបស់ខ្លួបនឹងមិនបោះបង់ ក្នុងការដាក់ញ្ញត្តិទៅកាន់ខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី នោះទេ។ ពួកគេ​កំពុងតែ​ពិភាក្សា ពាក់ព័ន្ធ​និងយុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​ជាបន្តទៀត។ ​

កញ្ញា យ៉ែមវតី និយាយថា៖ «មក​ទល់​ពេលនេះ​យើងតាមដាន​មើលព័ត៌មាន​ជុំវិញ ​ហ្នឹង។​ហើយយើងកំពុងតែគិត​ ពិចារណា ថា​ តើញ្ញត្តិ​យើងគួរតែ​ ធ្វើបែបណា  ​យើងកំពុងតែពិភាក្សាគ្នា។​ យើងនឹងមាន ​សកម្មភាពបន្តទៀត​ ប៉ុន្តែយើង​មិនទាន់ដឹងថា​យើង​ធ្វើក្រោម​រូបភាព​បែបណា»។​

កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​បាន​ចាប់​យកកង់​របស់​ក្រុម​យុជនបរិស្ថាន ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​យុទ្ធនាការ​ជិះ​កង់ពី​ខេត្តកោះកុង មកភ្នំពេញ​ក្នុងគោលបំណង​យកញ្ញត្តិ​ជូន លោកនាយករដ្ឋមន្រ្តី​ ដើម្បី​ដាក់តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ ។

បន្ទាប់ពីមានយុទ្ធនាការរបស់ក្រុមសកម្មជនបរិស្ថាន​ រដ្ឋាភិបាល​​បានសម្រេចបង្កើតគណ:កម្មការមួយកាលពីថ្ងៃទី ៤ ខែ មិថុនា ដោយមាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាប្រធាន ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៏របស់ក្រុមហ៊ុន អេស អ៊ី ហ្សិត ខូអិលធីឌី ទៅលើតំបន់កោះកុងក្រៅទាំងមូល ផងដែរ។