ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីនៅសប្តាហ៍នេះបញ្ជាក់ថា បរិមាណសំរាមប្លាស្ទិកដែលត្រូវបានបោះចោលនៅរាជធានីភ្នំពេញ កំពុងឈានដល់កម្រិតប្រកាសអាសន្ន និងបានអំពាវនាវឲ្យប្រជាជនញែកសំរាមតាមផ្នែក ហើយអាជ្ញាធរដែលពាក់ព័ន្ធបន្ថែមការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។
ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុនស៊ីនទ្រី លោក ហៀប សាគន្ធ លើកឡើងថា ក្រុមហ៊ុនបានប្រមូលសំរាមប្រមាណជា ៣០០០តោនក្នុងមួយថ្ងៃ យកទៅចាក់នៅកន្លែងចាក់សំរាមដែលមានតែមួយប៉ុណ្ណោះ គឺស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។
លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺត្រូវញែកសំរាមទៅតាមធុង ឬថង់ផ្សេងៗគ្នា។ ប្រសិនបើយើងធ្វើ វានឹងប្រសើរ។ អាចជួយកាត់បន្ថយសំរាម និងធ្វើឱ្យងាយស្រួលក្នុងការយកមកកែច្នៃឡើងវិញ»។
លោក សាគន្ធ បន្ថែមថា ក្រសួង និងអ្នកពាក់ព័ន្ធផ្សេង ទៀត គួរតែធ្វើការប្រកាសអប់រំជាប្រចាំដើម្បីបង្កើនការយល់ដឹងអំពីការញែកសំរាម និងការកាត់បន្ថយកាកសំណល់ ជាពិសេសថង់ប្លាស្ទិក។
លោកបញ្ជាក់ថា៖ «បរិមាណនៃសំណល់ប្លាស្ទិកគឺស្ថិតក្នុងកម្រិតប្រកាសអាសន្ន យើងត្រូវកាត់បន្ថយថង់ប្លាស្ទិកហើយញែកសំរាមតាមផ្នែក ដោយចាប់ផ្តើមពីខ្លួនយើងមុន។ ការបំបែកសំរាមតាមប្រភេទផ្សេងៗគ្នា វានឹងងាយស្រួលសម្រាប់អ្នករើសសំរាមប្រមូលរបស់របរដើម្បីលក់ឱ្យអ្នកកែច្នៃឯកជន ទោះគ្មានប្រព័ន្ធកែច្នៃក្នុងក្រុងក៏ដោយ»។
ក្រសួងបរិស្ថានបានឯកភាពថា ការកើនឡើងនៃសំរាមប្លាស្ទិកគឺជាបញ្ហាដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ខណៈដែលថង់ប្លាស្ទិកប្រមាណជា១០លាន ត្រូវបានប្រើប្រាស់ក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា ថង់ប្លាស្ទិកជាង១០លានថង់ត្រូវបានប្រើប្រាស់ និងចោលជារៀងរាល់ថ្ងៃក្នុងរាជធានីភ្នំពេញ ហើយ១៥ ទៅ២០ភាគរយនៃកាកសំណល់ទាំងអស់គឺជាប្លាស្ទិក។ លោកបន្តថា នៅទូទាំងពិភពលោកបច្ចុប្បន្ន មានកាកសំណល់ប្លាស្ទិចចំនួន៩,៣ពាន់លានតោន ហើយចំនួននេះនឹងកើនដល់៣៤ពាន់លានតោនក្នុងឆ្នាំ២០៥០ បើគ្មានការទប់ស្កាត់។ លោកបន្ថែមថា ចំនួននេះមានច្រើនជាងចំនួនត្រីទាំងអស់នៅក្នុងមហាសមុទ្រ។
លោក នេត្រ ភក្រ្តា បន្ថែមថា ក្រសួងក៏បាននិងកំពុងអប់រំប្រជាជនអំពីការគ្រប់គ្រងសំរាម រួមទាំងជំរុញឱ្យមានការកាត់បន្ថយថង់ប្លាស្ទិក និងប្រើថង់ដែលអាចប្រើឡើងវិញបាន។
លោកបញ្ជាក់ថា៖ «យើងត្រូវចាប់ផ្តើមកាត់បន្ថយ កែច្នៃឡើងវិញ ច្នៃប្រឌិត និងបដិសេធ»។
បើតាមលោក នេត្រ ភក្រ្តា កាលពីឆ្នាំ២០១៦ ក្រសួងបានចេញអនុក្រិត្យបង់ថ្លៃថង់ប្លាស្ទិចចំនួន ៤០០រៀលនៅតាមផ្សារទំនើប និងបានចាប់ផ្តើមគម្រោងប្រើប្រាស់ប្លាស្ទិកសម្រាប់ផលិតឥដ្ឋផងដែរ។
កញ្ញា ម៉ាលី យៀន ពលរដ្ឋម្នាក់រស់នៅខេត្តកណ្តាលនិយាយថា កញ្ញាដឹងអំពីសារៈសំខាន់នៃការបែងចែកសំរាម ប៉ុន្តែគ្រួសាររបស់កញ្ញាមិនបានអនុវត្តនោះទេ។ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍រូបនេះបន្ថែមថា កញ្ញាដឹងថាផ្លាស្ទិចមិនល្អសម្រាប់បរិស្ថាន ប៉ុន្តែនាងថានាងគ្មានជំរើសក្រៅការប្រើប្រាស់ ហើយបោះចោលទៅក្នុងធុងសំរាមតែមួយរួមគ្នាជាមួយកាកសំណល់ផ្សេងទៀត។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំមិនបំបែកវាពីព្រោះខ្ញុំនឹងត្រូវការថង់បន្ថែមទៀតដើម្បីដាក់។ រឿងមួយទៀតគឺនៅពេលដែលខ្ញុំយកសំរាមទៅកន្លែងចាក់សំរាម ប្រជាជនផ្សេងទៀតក៏មិនដែលញែកសំរាមតាមផ្នែកដែរ។ វាលាយចូលគ្នាទាំងអស់»។
កញ្ញា ស្រីរី ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា នាងមិនដឹងច្រើនពីរបៀបបែងចែកសំរាមតាមប្រភេទផ្សេងៗគ្នានោះទេ។ កញ្ញាបន្ថែមថា នៅតាមផ្សារទំនើបធំៗមានធុងសំរាមដាច់ដោយឡែកសម្រាប់ដាក់សំរាមប្រភេទផ្សេងៗគ្នា ប៉ុន្តែកញ្ញាកត់សម្កាល់ថា មនុស្សនៅតែដាក់សំរាមលាយចូលគ្នាដដែល។
កញ្ញា ស្រីរី បន្ថែមថា នាងដឹងថាសំរាមប្រភេទសើម និងសំរាមប្រភេទស្ងួតគួរតែត្រូវបានបំបែកចេញពីគ្នា ប៉ុន្តែកញ្ញាមិនដែលញែកសំរាមនៅផ្ទះនោះទេ៕