ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​​នៅ​សប្តាហ៍​នេះ​​បញ្ជាក់​ថា បរិមាណ​សំរាម​ប្លាស្ទិក​ដែល​ត្រូវ​បាន​បោះចោល​នៅ​រាជធានី​ភ្នំពេញ កំពុង​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ញែក​សំរាម​តាម​ផ្នែក​ ហើយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​​បន្ថែម​ការលើក​កម្ពស់​ការយល់​ដឹង​របស់​ប្រជា​ពលរដ្ឋ។

ប្រធាន​ផ្នែក​ប្រតិបត្តិ​​ក្រុមហ៊ុន​ស៊ីនទ្រី លោក ហៀប សាគន្ធ លើក​ឡើង​ថា ក្រុមហ៊ុន​បាន​ប្រមូល​សំរាម​ប្រមាណ​ជា​ ៣​០០០​តោន​ក្នុង​មួយ​ថ្ងៃ យក​ទៅ​ចាក់​នៅ​កន្លែង​ចាក់​សំរាម​ដែល​​​មាន​តែមួយ​ប៉ុណ្ណោះ គឺ​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ។ 

លោក​ថ្លែង​ថា៖ «អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ញែក​សំរាម​ទៅ​តាម​ធុង ឬ​ថង់​ផ្សេងៗ​គ្នា។ ប្រសិនបើ​យើង​ធ្វើ វា​នឹង​ប្រសើរ។ អាច​ជួយ​កាត់ប​ន្ថយ​សំរាម និង​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​យក​មក​កែច្នៃ​ឡើង​វិញ»។

លោក សាគន្ធ បន្ថែម​ថា ក្រសួង និង​អ្នក​ពាក់ព័ន្ធ​ផ្សេង ទៀត  គួរ​តែ​ធ្វើការ​ប្រកាស​អប់រំ​ជា​ប្រចាំ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​ការញែក​សំរាម និង​ការកាត់​បន្ថយ​កាក​សំណល់​ ជាពិសេស​ថង់​ប្លាស្ទិក។

លោក​បញ្ជាក់​ថា៖ «បរិមាណ​នៃ​សំណល់​ប្លាស្ទិក​គឺ​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ យើង​ត្រូវ​កាត់​បន្ថយ​ថង់​ប្លាស្ទិក​ហើយ​ញែក​សំរាម​តាម​ផ្នែក ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង​មុន។ ​ការបំបែក​សំរាម​តាម​ប្រភេទ​ផ្សេងៗ​គ្នា វា​នឹង​ងាយស្រួល​សម្រាប់​អ្នក​រើស​សំរាម​ប្រមូល​របស់​របរ​ដើម្បី​លក់​ឱ្យ​អ្នក​កែច្នៃ​ឯកជន​ ទោះ​គ្មាន​ប្រព័ន្ធ​កែច្នៃ​ក្នុង​ក្រុង​ក៏ដោយ»។

ក្រសួង​បរិស្ថាន​បាន​ឯកភាព​ថា ការកើន​ឡើង​នៃ​សំរាម​ប្លាស្ទិក​គឺជា​បញ្ហា​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ខណៈ​ដែល​​ថង់​ប្លាស្ទិក​ប្រមាណ​ជា​​១០​លាន ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ​ជា​រៀងរាល់​ថ្ងៃ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា ថង់​ប្លាស្ទិក​ជាង​១០​លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់ និង​ចោល​ជា​រៀងរាល់​ថ្ងៃ​​ក្នុង​រាជធានី​ភ្នំពេញ ហើយ​១៥ ទៅ​២០​ភាគរយ​នៃ​កាក​សំណល់​ទាំងអស់​គឺជា​ប្លាស្ទិក។ លោក​បន្ត​​ថា នៅ​ទូទាំង​ពិភព​លោក​បច្ចុប្បន្ន មាន​​កាក​សំណល់​ប្លាស្ទិច​ចំនួន​៩,៣​​ពាន់​លាន​តោន ហើយ​ចំនួន​នេះ​នឹង​កើន​ដល់​​៣៤​ពាន់​លាន​តោន​​ក្នុង​ឆ្នាំ​២០៥០ ​​បើ​គ្មាន​ការទប់​ស្កាត់​។ លោក​បន្ថែម​ថា​ ចំនួន​នេះ​មាន​ច្រើន​ជាង​ចំនួន​ត្រី​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ។

លោក នេត្រ​ ភក្រ្តា បន្ថែម​ថា ក្រសួង​ក៏​បាន​និង​កំពុង​​អប់រំ​ប្រជាជន​អំពី​ការគ្រប់គ្រង​សំរាម រួមទាំង​ជំរុញ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ថង់​ប្លាស្ទិក និង​ប្រើ​ថង់​ដែល​អាច​ប្រើ​ឡើង​វិញ​បាន។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​ចាប់ផ្តើម​កាត់​បន្ថយ​​​ កែច្នៃ​ឡើងវិញ ច្នៃ​ប្រឌិត និង​បដិសេធ​»។

បើតាម​លោក​ នេត្រ ភក្រ្តា កាល​ពី​ឆ្នាំ​២០១៦​ ក្រសួង​បាន​ចេញ​អនុក្រិត្យ​បង់​ថ្លៃថង់​ប្លាស្ទិច​ចំនួន ៤០០​រៀល​នៅ​តាម​ផ្សារ​ទំនើប និង​​បាន​ចាប់ផ្តើម​គម្រោង​ប្រើប្រាស់​ប្លាស្ទិក​សម្រាប់​ផលិត​ឥដ្ឋ​ផង​ដែរ។

កញ្ញា ម៉ាលី យៀន ពលរដ្ឋ​ម្នាក់​​​រស់​នៅ​ខេត្ត​កណ្តាល​និយាយ​ថា កញ្ញា​ដឹង​អំពី​សារៈសំខាន់​នៃ​ការបែងចែក​សំរាម ប៉ុន្តែ​គ្រួសារ​របស់​កញ្ញា​មិន​បាន​អនុវត្ត​នោះ​ទេ។ បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​រូប​​នេះ​បន្ថែម​ថា  កញ្ញា​ដឹង​ថា​ផ្លាស្ទិច​មិន​ល្អ​សម្រាប់​បរិស្ថាន ប៉ុន្តែ​នាង​ថា​​នាង​គ្មាន​ជំរើស​ក្រៅ​ការ​ប្រើប្រាស់​ ហើយ​បោះចោល​ទៅ​ក្នុង​ធុង​សំរាម​តែមួយ​រួម​គ្នា​ជាមួយ​កាក​សំណល់​ផ្សេង​ទៀត​។

កញ្ញា​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​បំបែក​វា​ពីព្រោះ​ខ្ញុំ​នឹង​ត្រូវ​ការ​ថង់​បន្ថែម​ទៀត​ដើម្បី​ដាក់។ រឿង​មួយ​ទៀត​គឺ​នៅ​ពេល​ដែល​ខ្ញុំ​យក​សំរាម​ទៅ​កន្លែង​ចាក់​សំរាម ប្រជាជន​ផ្សេង​ទៀត​ក៏​មិន​ដែល​ញែក​សំរាម​តាម​ផ្នែក​ដែរ។ វា​លាយ​ចូលគ្នា​ទាំងអស់»។

កញ្ញា ស្រីរី ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និយាយ​ថា នាង​មិន​​ដឹងច្រើន​ពី​របៀប​បែង​ចែក​សំរាម​តាម​ប្រភេទ​ផ្សេងៗ​គ្នា​នោះ​ទេ។ កញ្ញា​បន្ថែម​ថា នៅ​តាម​ផ្សារ​ទំនើប​ធំៗ​មាន​ធុង​សំរាម​ដាច់​ដោយ​ឡែក​សម្រាប់​ដាក់​សំរាម​ប្រភេទ​ផ្សេងៗ​គ្នា ប៉ុន្តែ​កញ្ញា​កត់​សម្កាល់​ថា មនុស្ស​នៅ​តែ​ដាក់​សំរាម​លាយ​ចូល​គ្នា​ដដែល​។

កញ្ញា ស្រីរី បន្ថែម​ថា នាង​ដឹង​ថា​សំរាម​ប្រភេទ​សើម និង​សំរាម​ប្រភេទ​ស្ងួត​គួរ​តែ​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្នា ប៉ុន្តែ​កញ្ញា​មិន​ដែល​ញែក​សំរាម​នៅ​ផ្ទះ​នោះ​ទេ៕