សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ UNDP កាល​ពី​ថ្ងៃសៅរ៍ រកឃើញ​ថា យុវជន​នៅ​ប្រទេស​កម្ពុជា​គួរ​តែ​ស្វែង​រក​ការ​ធ្វើកម្មសិក្សា​ ខណៈ​​ដែល​ឱកាស​ការងារ​បាន​ធ្លាក់​ចុះ​៨០​ភាគរយ​​ក្នុង​ទីផ្សារ​ការងារ​អំឡុងពេលកើត​មាន​ជំងឺកូវីដ១៩។

សិក្ខាសាលា​នោះ​ធ្វើ​​​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​ប្រធាន​បទ «យុវជន និង​ទីផ្សារ​ការងារ​ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​ជំងឺ​កូវីដ​១៩» ត្រូវ​បាន​ផ្សព្វផ្សាយ​តាមទំព័រហ្វេសប៊ុក​ហ្វេសប៊ុក​​របស់ UNDP ដោយ​មាន​អ្នក​ចូល​មើល​ជាង​៣,០០០ នាក់ គិត​ត្រឹម​រសៀល​ថ្ងៃសៅរ៍​នេះ។

លោក គី សិរីវុទ្ធ ទីប្រឹក្សា​​ក្រសួង​​ការងារ និង​​ជា​​អ្នក​វិភាគ​​ស្ថិតិ​​នៅ​​ទី​ភ្នាក់ងារ​​ជាតិ​​មុខរបរ និង​ការងារ លើកឡើងថា ដំណឹង​ជ្រើសរើស​បុគ្គលិក​ដែល​ទីភ្នាក់ងារ​នេះ​ប្រមូល​បាន​ មាន​ការធ្លាក់​ចុះ​​ចាប់​តាំង​ពី​​ការ​​ផ្ទុះ​ឡើង​នៃ​ជំងឺកូវីដ១៩។

លោក គី សិរីវុទ្ធ បាន​ថ្លែង​ថា៖ «ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​ប្រមូល​ដំណឹង​ជ្រើសរើស​បុគ្គលិក​ចំនួន​ប្រហែល៥​ម៉ឺន​ដំណឹង​ក្នុង​មួយ​ខែ​ នៅ​លើ​គេហទំព័រ​ទីភ្នាក់ងារ​ជាតិ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ប្រមូល​បាន​តែ​១​ម៉ឺន​ដំណឹង​ប៉ុណ្ណោះ»។

លោក​បន្ត​ថា ការ​​ធ្លាក់​ចុះ​ភាគច្រើន​​ស្ថិត​​ក្នុង​វិស័យ​កាត់ដេរ ដោយសារ​តែ​ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​មាន​ការបិទ​ការនាំចេញ​ទៅ​ក្រៅ​ប្រទេស ពិសេស​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​ថា​វិស័យ​កាត់ដេរ​មាន​បញ្ហា ដូច្នេះ​ដំណឹង​ជ្រើសរើស​បុគ្គលិក​មាន​តិច»។

លោក គី សិរីវុទ្ធ បន្ថែម​ថា ដំណឹង​ជ្រើសរើស​បុគ្គលិក​លើ​វិស័យ​ហិរញ្ញវត្ថុ​រង​ផល​ប៉ះពាល់​តិចតួច ខណៈ​ដែល​ក្រសួង​ការងារ​កំពុង​ធ្វើការ​បណ្តុះបណ្តាល​នៅ​តាម​រោងចក្រ ជាពិសេស​ជំនាញ​ទន់​ទៅ​ដល់​រោងចក្រ​នីមួយៗ​។

លោក​បន្ថែម​ថា៖ «ឥឡូវ​នេះ​យើង​មាន​ការបណ្តុះ​បណ្តាល​ជាច្រើន​នៅ​រោងចក្រ​ទាំង​នៅ​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​»។

កម្ពុជា​រកឃើញ​កើត​មាន​ជំងឺ​កូវីដ​១៩​ជា​លើកដំបូង​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០២០។ គិត​ត្រឹម​ថ្ងៃទី​១៧​ ខែ​មិថុនា​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩សរុប ចំនួន​១២៩​នាក់ ក្នុងនោះ​អ្នកជាសះ​ស្បើយ​ចំនួន​១២៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣​នាក់។

ចាប់​តាំង​ពី​មានការ​កើត​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​មក រោង​ចក្រ​ជាច្រើន​ត្រូវ​បាន​ព្យួរ​ការងារ​ដោយ​សារ​មិនមាន​អ្នកបញ្ជា​ទិញ ចំណែកវិស័យ​​​ភោជនីយដ្ឋាន និង​វិស័យ​ផ្សេងៗ​​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បានបិទ និង​​ផ្អាក​ជា​បណ្តោះអាសន្ន។​

អ្នកស្រី ស៊ូ សុជាតា អ្នក​សម្រប​សម្រួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​សម្រាប់​កម្មវិធី​ការងារ​​សមរម្យ​​ដល់​​យុវជន​​បាន​និយាយ​​ថា បើ​តាម​ការស្ទង់​មតិ​របស់​ ILO​ នា​ពេល​​ថ្មីៗ​នេះ​ យុវជន​ប្រមាណជា​ ១០,៧​ភាគរយ​បាន​ប្តូរ​ពី​ធ្វើ​ការងារ​ពេញ​ម៉ោង​នៅ​ត្រីមាស​ទី​៤ កាលពី​ឆ្នាំ​មុន ទៅ​​ធ្វើការ​ក្រៅ​ម៉ោង​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃឆ្នាំ​២០២០​នេះ ។

អ្នកស្រី សុជាតា បាន​ឲ្យ​ដឹង​ថា ដោយសារ​តែការ​កើត​មាន​ជំងឺ​កូវីដ​១៩​​នេះ​ ​ទើប​មាន​ការកាត់​បន្ថយ​ការងារ​ពេញ​ម៉ោង​ចំនួន​៣០៥​លាន​ការងារ ដោយ​បាន​ប្តូរ​មក​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​ចំណោម​អត្រា​សម្រាប់​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២០​នេះ។

អ្នកស្រី​ថ្លែងថា៖ «យើង​មិន​ទាន់​មាន​ចំនួន​ជាក់លាក់​ណាមួយថា​តើ​មាន​យុវជន​ប៉ុន្មាន​នាក់​ដែល​គ្មាន​ការងារ​ធ្វើ​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​ការស្ទង់​មតិ​របស់​អង្គការ ILO យុវជន​ដែល​ធ្លាប់​ធ្វើការ​ពេញ​ម៉ោង​ពីមុន ឥឡូវ​នេះ​ពួកគេ​ធ្វើការ​ក្រៅម៉ោង​ដោយ​សារ​តែ​តម្រូវ​ការ​ថយ​ចុះ»។

អ្នកស្រី សុជាតា បន្ថែម​ថា ការងារ​បែប​សេដ្ឋកិច្ច​​​ក្រៅ​ប្រព័ន្ធ​​នៅ​​​កម្ពុជា ​អាច​នឹង​​ប្រឈម​​បញ្ហា​កាន់​តែ​អាក្រក់​ជាង​តួលេខ​ផ្លូវការ​ដែល​បាន​បង្ហាញ។

អ្នកស្រី សុជាតា បញ្ជាក់​​ថា៖ «ចំនួន​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​គឺច្រើន​ជាង​រដ្ឋាភិបាល​ផ្តល់​ឲ្យ ទោះបី​ជា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ល្អ​ក៏​ដោយ​ ក៏​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​មិនមាន​ទិន្នន័យ​ជាក់លាក់​ណាមួយ​ក្នុង​ការកំណត់​ចំនួន​ពួកគេ​ឡើយ» ។

អ្នកស្រី​ស្នើឱ្យ​រដ្ឋាភិបាល​បន្ត​ជួយ​កម្មករ ជាពិសេស​ស្ត្រី និង​អ្នក​ដែល​ស្ថិត​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ផ្លូវ​ការ​។

អ្នកស្រី​ថា៖​ «វា​ជា​ការលំបាក​សម្រាប់​យើង​ក្នុង​ការផ្តល់​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​ពួកគេ»។

បើតាម​អ្នកស្រី សុជាតា ជា​រៀងរាល់​ឆ្នាំ យុវជនជាមធ្យម​​ប្រហែល​១៦​ម៉ឺន​នាក់​​​បាន​ចូល​​មក​ក្នុង​ទីផ្សារ​ការងារ​របស់ម្ពុជា។

កញ្ញា​ ប៉ែន រ៉ានី ជំនួយ​ការ​តំ​ណាង UNDP ប្រចាំ​កម្ពុជា​ដែល​បាន​រៀបចំ​កិច្ចពិភាក្សា​នេះ​និយាយ​ថា យុវជន​​ដែល​​ផ្លាស់​​ប្តូរ​​ការងារ​​ថ្មី ឬ​​កំពុង​​ស្វែង​រក​​ការងារ​​ដំបូង​គឺ​ងាយ​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ការងារ។

កញ្ញាបញ្ជាក់​ថា​៖​ «មុន​ពេល​កូវីដ​១៩ ពួកគេ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​អំ​ឡុង​ពេល​កូវីដ​១៩​នេះ វា​កាន់​តែ​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ស្វែង​រក​ការងារ ពីព្រោះ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​បញ្ឈប់​ការជ្រើសរើស​បុគ្គលិក និង​ខ្លះ​ទៀត​បាន​ផ្អាក​ទទួល​ពាក្យ»។

កញ្ញា រ៉ានី បាន​បន្ថែម​ថា យុវជន​គួរ​តែ​ងាក​ទៅ​រក​ការ​ធ្វើ​កម្ម​សិក្សា​ ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ខ្លះ​ដែ​ល​អាច​ជួយ​ឱ្យ​ពួកគេ​មាន​ការងារ​ល្អ​នា​ពេល​អនាគត។

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ប្រាប់​សារ​ព័ត៌មាន CCIM តាម​បណ្តាញ​សង្គម​តេលេក្រាម​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​អន្តរាគមន៍ ​និង​​មាន​កញ្ចប់​ថវិកា ដូចជា​ការបង្កើត​ការងារ​សហគមន៍​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ និង​ជួយ​ក្រុម​គ្រួសារ​ក្រីក្រ និង​ពលករ​ចំណាក​ស្រុក​ដែល​វិល​ត្រឡប់​អំ​ឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ។ យោង​តាមរបាយការណ៍​របស់​​ធនាគារ​ពិភពលោក ជំងឺ​កូវីដ​១៩​​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា គឺវិស័យ​​​ទេសចរណ៍​ ផលិតកម្ម និង​សំណង់។ វិស័យ​ទាំង​បី​រួម​​គ្នា​មាន​ជាង​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​​របស់​ប្រទេស និងជិត​៤០​ភាគរយ​នៃ​ការងារ​ដែល​ទទួល​ប្រាក់ខែ ដោយ​អះអាងថា វិបត្តិ​នេះ​បង្ក​ការគំរាម​កំហែង​ធំ​បំផុត​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ​៣០ឆ្នាំ៕​