រដ្ឋមន្រ្តី​ក្រសួង​អប់រំកាល​ពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា ​ក្នុងអំឡុង​ការ​បិទ​សាលា​ដោយសារ​ជំងឺ​កូវីដ​១៩ សិស្ស​ប្រមាណជា​៣០​ភាគ​រយ នៃ​សិស្ស​​ជាង​បី​លាន​នាក់ មិន​បាន​សិក្សា​​​ និង​៧០​ភាគ​រយ​ទៀត​បាន​សិក្សា​តាម​អនឡាញ និង​ស្វ័យ​សិក្សា តែ​មិនពេញ​លេញ។​

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពីព្រឹកថ្ងៃទី២២​ មិថុនា​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែង​ថា ក្នុង​ចំណោមសិស្សជាង​៣លាននាក់ មាន​សិស្ស​ប្រមាណជា៣០​ភាគ​រយ​បាន​រៀន​តាម​អនឡាញ និង​៣០​ភាគ​រយ​ទៀត​​​រៀនតាម​ទូរទស្សន៍ និង​ប្រមាណជា​១០​ភាគ​រយ​ទៀត​​រៀនជាមួយ​​មិត្តភក្តិ ឬ​ស្វ័យសិក្សា។

លោកមានប្រសាសន៏ថា៖ «ប្រទេសកម្ពុជាមានប្រជាជន១៦លាននាក់ ចំនួន​សិស្ស​បច្ចុប្បន្ន​មាន​ប្រហែល​៣​លាន​នាក់ ប៉ុន្តែចំនួនសិស្សដែលមានទូរស័ព្ទSmart Phone មាន​ប្រហែល​ជា​៣០%​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការប្រើប្រាស់​សេវា​អ៊ីន​ធើ​ណិត ចំណែក​៧០%​ទៀត​ជា​សិស្ស​ដែល​អត់​មាន​ទូរស័ព្ទ​ដៃ​»។​

លោក​បន្ថែម​ថា៖ «អ្នក​ដែល​អត់​មាន​ទូរស័ព្ទ​ដៃ ពួកគេ​អាច​រៀន​ជាមួយ​សិស្ស​ណា​ដែល​មាន​ទូរស័ព្ទ​ដៃ គឺ​សិស្ស​ពូកែ ​បង្រៀន​សិស្ស​មិន​ពូកែ​ហើយគ្រូចុះជួយសម្របសម្រួល ឬ​អាច​រៀន​តាម​សៀវភៅ​ដោយ​ខ្លួន​ឯង ដែល​ហៅថា​រៀន​តាម​ប្រពៃណី ឬ​ស្វ័យ​សិក្សា»

ទោះបីជាយ៉ាងណាលោក​រដ្ឋមន្ត្រី​បានកត់សម្គាល់ថា​ ការរៀនតាមប្រព័ន្ធទាំង​នេះ​មិន​បាន​​ពេញ​លេញ​នៅ​ឡើយ ដោយសារ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ដើរយឺត​ជាង​ប្រទេសដែលជឿនលឿន​ដល់​ទៅ​​១០ឆ្នាំ។

​លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា៖​ «ចំពោះការប្រលងបាក់ឌុប ប្រសិនជា​សាលា​ឯកជន​ដែល​មាន​លទ្ធភាព ឬ​ស្តង់ដារ​គ្រប់គ្រាន់ គឺអាចបញ្ចប់ការប្រលងបាក់ឌុបបាននៅខែសីហានេះ ដោយឡែក​សាលា​ឯក​ជន​ធម្មតា និង​សាលារដ្ឋ ក្រសូង​មិន​បាន​កំណត់​ថានឹងប្រលង​បាក់ឌុប​ថ្ងៃណា​ឱ្យ​ប្រាកដ​ទេ ហើយក្រសួងបានទុករយៈពេល៤ទៅ៥ខែបន្ទាប់ពីបើកសាលា»។

លោក ហង់ ជួនណារ៉ុនបានបន្ថែមថា ក្រសួងអប់រំនឹ​ង​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការប្រមូល​ទិន្នន័យ​សិស្ស​ដែល​​អ​ត់​ទទួល​បាន​សេវាកម្ម​អប់រំ​តាម​អនឡាញ ឬស្វ័យសិក្សា​ និងកែប្រែ អភិវឌ្ឍន៍​ប្រព័ន្ធ​សិក្សា​ឌីជីថល​ឱ្យ​ទូលំលាយ។

អ្នកគ្រូ​ ស្រី និមិត្ត ​បង្រៀនមុខវិទ្យាភូមិវិទ្យាថ្នាក់ទី១២នៅ​វិទ្យាល័យ​​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ មាន​ប្រសាសន៍ថា ​ចាប់តាំង​ពី​មានការ​​​បិទ​សាលា រាល់ថ្ងៃ​អ្នកគ្រូ​​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ដូច​ជា​តាម​កម្មវិធី Telegram និង Messenger ជាដើម។ អ្នកគ្រូ​បន្ថែម​ថា សិស្សរៀន​នៅ​ក្នុង​ថ្នាក់​មាន​ប្រហែល​ជា​៤០​នាក់​ទៅ៥​០​នាក់ ប៉ុន្តែ​ពេល​រៀន​តាម​ប្រព័ន្ធ​អនឡាញ​មាន​វត្តមាន​សិស្ស​តែ​២០​ទៅ​៣០​​នាក់​ប៉ុណ្ណោះ។

អ្នកគ្រូបញ្ជាក់ថា៖ «គ្រូម្នាក់បង្រៀនតែកន្លះម៉ោងប៉ុណ្ណោះក្នុងមួយមុខវិជ្ជាតាមកម្មវិធី Zoom ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បង្រៀនតាម Zoom ទេ​ភាគច្រើនបង្រៀនតាម Telegram ឆាត​ជា​សំលេង និង​ប្រាប់​ទំព័រ​មេរៀន​ឱ្យ​សិស្ស ព្រោះ​សំនួរ​សុទ្ធ​តែ​ចេញ​ក្នុង​សៀវភៅ»។

អ្នកគ្រូបន្ថែមថា សិស្សស្ទើ​តែពាក់​កណ្តាល​ទៀត​ដែល​មិនមាន​វត្តមាន​ក្នុង​ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ គឺ​មួយ​ចំនួន​គាត់​​ត្រលប់​ទៅ​ស្រុក​កំណើត មួយ​​ចំនួន​​ទៀត​​ពិបាក​​ក្នុង​​ការប្រើ​​​ប្រព័ន្ធ​អ៊ីន​ធឺណិត និង​មួយ​ចំនួន​ទៀត​ខ្ជិល​ចូល​រៀន។

​អ្នកគ្រូ​បន្ថែមថា អ្នកគ្រូ និង​នាយក​សាលា​បាន​និង​កំពុង​ព្យាយាម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ទៅ​សិស្ស​ដែល​មិនបាន​រៀន​ ប៉ុន្តែ​អ្នកខ្លះទូរស័ព្ទ​មិន​ចូល​​ និង​មួយ​ចំនួន​ទៀត​ពិបាក​ទាក់ទង។

កញ្ញា ច័ន្ទ បូរណ៌មី ជាសិស្សរៀនថ្នាក់ទី១១នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិនិយាយថា ក្នុង​មួយ​ថ្ងៃ​កញ្ញា​រៀន​តាម​អនឡាញ​ពី​៣ទៅ៤ម៉ោង និង​​ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៏ ចាប់ពី​ម៉ោង​៧ ទៅ​ម៉ោង​១១។ កញ្ញា​បន្ត​ថា កញ្ញា​​រៀនតាមកម្មវិធី Zoom ហើយផ្ញើឯកសារ​ ឬ​មេរៀន​តាមរយៈ​ការថត​ផ្ញើ​ទៅ​គ្រូ​តាម Telegram ឬ Messenger។ កញ្ញា​បន្ថែម​ថា កញ្ញា​ចង់មករៀននៅ​សាលាផ្ទាល់ ព្រោះងាយយល់​ និងឆាប់ចាប់បាន ចំណែក​ការ​រៀន​តាម​​​​​អនឡាញ​ពិបាក​​ដោយសារ​​បញ្ហាអ៊ី​នធឺណិត​ដើរ​យឺត​ខ្លាំង និង​ពិបាក​​សួរ​សំណួរ​ទៅគ្រូ។

ស្រដៀង​គ្នា​នេះ កញ្ញា​​ ជិន បូរាមីយ៏ ​និស្សិត​គណនេយ្យឆ្នាំទី២​នៅ​វិទ្យាស្ថាន​វ៉ាន់ដា ​​លើកឡើង​ថា ការ​រៀន​តាម​អនឡាញ​ពិបាក​ក្នុង​ការសួរ ដោយសារ​ត្រូវ​រង​ចាំ​រហូត​ដល់​ចប់​វីដេអូ​មេរៀន​ទើប​អាច​សួរ​បាន។

កញ្ញាបញ្ជាក់​ថា៖ «បើរៀនតាមអនឡាញបន្តទៀតមិនអាចទទួលយកបានទេ ដោយសារ​តែ​ពិបាក​ក្នុង​ការ​យល់»។

ចាប់​តាំង​ពី​ខែ​មីនា​មក ​ក្រសួង​សុខាអប់​រំ​បាន​ប្រកាស​ឲ្យ​គ្រប់​គ្រឹះ​ស្ថាន​អប់រំ​ទាំង​អស់​បិទ​ទ្វារ​បណ្តោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​ដែល​បាន​និង​កំពុង​កើត​មាន​នៅ​កម្ពុជា។​​ ក្រសួង​អប់រំក៏​​​បាន​ដាក់​ចេញ​នូវ​យន្តការ​សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ​ តាម​រយៈ​​ការ​បង្កើត​ជា​វីដេអូ​​បង្រៀន​ និង​បង្ហោះ​លើ​​បណ្តាញ​សង្គម​។

លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​មាន​ប្រសាសន៍​ថា ការ​បង្រៀន​ពីចម្ងាយ​មិន​សូវ​មាន​ប្រសិទ្ធភាព​សម្រាប់​សិស្ស​នោះ​ទេ។ អ្នកស្រី​ថា គ្រូ​នៅ​តាម​ជន​បទ​​មួយ​ចំនួន​ពិបាក​ក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប ជាពិសេស​គ្រូ​មាន​វ័យ​ចំណាស់ ចំណែក​សិស្ស​មួយ​ចំនួន​ពិបាក​រៀន​ដោយ​សារ​អ៊ីន​ធឺណិត​យឺត និង​មួយ​ចំនួន​ទៀត​ខ្វះ​ខាត​ថវិការ​ដើម្បី​ទិញ​ឧបករណ័​ និង​អ៊ីនធឺណិត​ដើម្បី​រៀន។

លោកស្រី​បញ្ជាក់​ថា៖ «រាល់ដងមិនសូវដែលមានអ្នកជំនាញចុះមកបណ្តុះបណ្តាលគ្រូបង្រៀនទេ ហើយនៅពេលដែលមកអ្នកជំនាញចុះមកបណ្តុះបណ្តាលម្តងៗ​គឺតម្រូវឱ្យតែតំណាងនាយកសាលា ឬ​នាយិ​កាទៅបណ្តុះបណ្តាល​ប៉ុណ្ណោះ ដូច្នេះ​ពិបាក​ក្នុង​ការផ្ទេរ​វិធី​សាស្ត្រ ឬ​ចំណេះដឹង​ទៅ​គ្រូ​បង្រៀន​មិន​បាន​គ្រប់ជ្រុងជ្រោយ​នៅឡើយ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​រូបនេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើកសាលារៀន​ឡើងវិញ​ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​ក្នុង​ថ្នាក់ ប៉ុន្តែ​ត្រូវ​​រក្សា​គម្លាត​ និងអនាម័យជាប់ជានិច្ច​ ជៀសវាង​សិស្ស​ឈប់​កាន់តែ​យូរ​កាន់​តែ​មានការធុញថប់ ដែល​អាច​ឈាន​ដល់​ការ​បោះបង់ការសិក្សា។

លោកស្រីបន្ថែមថា​៖ «ទោះបីជា​មិន​ទាន់​មាន​កូវីដ​ក៏​ដោយ ជាពិសេស​នៅ​តាម​ជនបទ ឱ្យ​តែ​គាត់​ជួប​បញ្ហា​ក្នុង​គ្រួសារ ឬ​ប្រាក់​ចំណូល​ក្នុង​ក្រុម​គ្រួសារ សិស្សានុសិស្ស​គឺ​គាត់​ងាយ​ក្នុង​ការបោះបង់​ចោល​ការសិក្សា។ ហើយ​ជាពិសេស​កំឡុង​ពេលកូវីដ​១៩​នេះទៀត ជីវភាព​របស់​គាត់​រឹតតែ​​ដុនដាប​ជាងមុន ដែល​ជា​ហេតុធ្វើ​​ឱ្យ​សិស្ស​មួយ​ចំនួន​ធំ​ដែល​នៅ​តាម​ជនបទ​បោះបង់​ការសិក្សា ទាំង​វ័យ​ក្មេង​ ហើយ​ងាក​មក​ជួយ​ធ្វើការ​ឪពុកម្តាយ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត»។

ចាប់​តាំង​ពី​ក្រសួង​អប់រំប្រកាស​បិទ​សាលា​រៀន និង​ស្ថាប័ន​អបរំ​ដើម្បី​ទប់​ស្កាត់​​ការ​រាលដាល​ជំងឺ​កូវីដ​១៩ សាលា​រៀន​ទាំង​រដ្ឋ និង​ឯកជន​ជាង​១៥,០០០​បាន​បិទ​ទ្វារ​ផ្អាក​ការ​បង្រៀន បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សិស្ស​ជាង​បី​លាន​​នាក់៕​ ​​​