សហគមន៍ចាប៉ីមួយប្រកាសបើកបង្រៀនចាប៉ីដងវែងដោយឥតគិតថ្លៃដល់កុមារ និងយុវជន ដើម្បីជំរុញឲ្យមានអ្នកបន្តវេនក្នុងការថែររក្សាមរតកវប្បធម៌អរូបីមួយនេះ។
ប្រធានសហគមន៍ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានឲ្យដឹងថា ការប្រកាសបង្រៀនចាប៉ីដងវែងដល់យុវជនខ្មែរជំនាន់ក្រោយ គឺក្នុងគោលបំណងលើកស្ទួយអភិរក្ស អភិវឌ្ឍមរតកចាប៉ីដងវែង និងបណ្តុះគំនិត និងបើកឱកាសដល់កុមារ និងយុវជនបានចូលរៀនចាប៉ីដងវែង។ លោកបន្តថា ការសិក្សាផ្នែកសិល្បៈចាប៉ីដងវែងក្នុងពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ព្រោះតែការផ្សព្វផ្សាយមិនទាន់មានភាពទូលំទូលាយ និងយុវជនជំនាន់ក្រោយមិនទាន់យល់ដឹងច្បាស់លាស់ពីសិល្បៈមួយនេះ។
លោក សារ៉ាត់ មានប្រសាសន៏ថា៖ «ក្នុងនាមខ្ញុំជាអ្នកចាប៉ីមួយរូប និងក្រុមចាប៉ី ខ្ញុំគិតថាយើងមិនអាចទៅតែឯងបានទេទាល់តែមានការចូលរួមពីមហាជនគ្រប់ទិសទីទាំងអស់ បានអាចយើងដំណើរការទៅប្រចាំខែ រហូតដល់ប្រចាំផែនការប្រចាំឆ្នាំរបស់យើងហ្នឹង»។
លោក ពេជ សារ៉ាត់ បន្ថែមថា ការបើកបង្រៀននេះនឹងធ្វើឡើងក្នុងវត្តនាគវ័ន្ត ចាប់ពីថ្ងៃទី២៧ ខែមិថុនា វេលាម៉ោង៨ ដល់ម៉ោង១០ព្រឹក ដោយទទួលសិស្សតែ២០នាក់ប៉ុណ្ណោះ។ លោកថាការបង្រៀននៅវត្តនាគវ័ន្តនេះ គឺជាការសាកល្បងចំនួន៣ខែ ហើយថា លោកនឹងចាប់ផ្តើមគ្រប់វត្តអារាមទាំងអស់ក្នុងរាជធានីភ្នំពេញ ប្រសិនបើមានការគាំទ្រពីប្រជាពលរដ្ឋ និង សំណូមពរពីចៅអធិការវត្តផ្សេងទៀត។
ប្រធានសហគមន៍ចាប៉ីរូបនេះបន្ថែមថា កន្លងមកសិស្សដែលបានចូលរួមរៀនចាប៉ីជាមួយលោកមិនបានប្រាប់ឳពុកម្តាយរបស់ពួកគេនោះទេ ដោយសារមានការលើកឡើងមួយចំនួនដែលថា ការរៀនចាប៉ីដងវែងអាចបណ្តាលអោយងងឹតភ្នែក ឬមិនអាចរកប្រាក់ចំណូលបាន។
លោកបញ្ជាក់ថា៖ «យើងឋិតនៅក្នុងបំណងមួយគឺចង់អោយក្មេងៗជំនាន់ក្រោយបន្តវេន យើងកុំគិតថារៀនចាប៉ីបានមានឡានជិះ មានអីជិះទេ យើងចង់ឲ្យចេះស្រលាញ់វប្បធម៍ខ្មែរ ចូលរួមចំណែកថែររក្សាទាំងអស់គ្នា»។
បើតាមលោក សារ៉ាត់ សហគមន៍ចាប៉ីអមតៈបានបង្កើតឡើងក្នុងឆ្នាំ២០១៣ និងបានរៀបចំធ្វើបទបង្ហាញពីទម្រង់ចាប៉ីដងវែងជារៀងរាល់ឆ្នាំ ប៉ុន្តែលោកថា នេះជាលើកទីមួយហើយដែលប្តូរមកធ្វើជារៀងរាល់ខែវិញ ហើយសាធារណៈជនក៏អាចចូលរួមទស្សនាដោយសេរីផងដែរ។ លោកបន្ថែមថា ក្នុងពេលបង្រៀន និងធ្វើបទបង្ហាញ ក្រុមចាប៉ីរបស់លោកក៏នឹងមានបញ្ចូលចំណេះដឹងស្តីពីការថែររក្សាអនាម័យដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាប់ការរីករាលដាលជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ន។
លោកសារ៉ាត់មានប្រសាសន៍ថា«យើងក៏មានចម្រៀងចាប៉ីដងវែងច្រៀងរៀបរាប់អំពីសុខភាព និងការពារពីកូវីឌហ្នឺងដែរដើម្បីអោយសិក្ខាកាម និងមហាជនបានយល់ យើងមិនមែនបង្រៀនចាប៉ីតែមួយមុខទេ តែមានបញ្ចូលប្រធានបទសុខភាពផងដែរ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ លើកឡើងតាមបណ្តាញសង្គមតេលេក្រាមថា កន្លងមកក្រសួងវប្បធម៏បានសហការជាមួយសិល្បៈករផ្នែកចាប៉ីដើម្បីបង្កើតនូវកម្មវិធីជាច្រើនក្នុងការផ្សព្វផ្សាយនិងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងនេះ។
លោក ប៉ុណ្ណាស៊ីរីវត្ថ សរសេថា៖ «សព្វថ្ងៃស្ថានភាពចាប៉ីដងវែងកំពុងតែមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរដោយសិល្បៈករ សមាគម អង្គការមួយចំនួន ក៏ដូចជាក្រសួងវប្បធម៌បានបង្កើតសកម្មភាពនានាដូចជាការធ្វើមហោស្រពចាប៉ី ការបង្រៀន ការតម្លើងស្នាដៃថ្មីជាដើម»
អ្នកនាំពាក្យរូបនេះក៏បានទទូចឲ្យយុវជនជំនាន់ក្រោយជួយគាំទ្រ និងចូលរួមអភិរក្សចាប៉ីដងវែងទាំងអស់គ្នា ហើយសង្ឃឹមថា តាមរយៈការចូលរួមរៀននៅក្នុងសហគមន៍ចាប៉ីអមតៈនេះ សិក្ខាកាមទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួម និងទទួលបាននូវការយល់ដឹងកាន់តែទូលំទូលាយពីទម្រង់សិល្បៈចាប៉ីដងវែង។
លោកប៉ុណ្ណា ស៊ីរីវត្ថបានបន្ថែមថា៖ «ក្រសួងសូមអោយសិក្ខាកាមទាំងអស់ព្យាយាមសិក្សាស្វែងយល់រៀនសូត្រដោយយកចិត្តទុកដាក់ថ្វីត្បិតតែការបង្រៀននេះពុំតម្រូវអោយបង់ប្រាក់ក៏ដោយ»
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ អង្គការ UNESCO បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជានៅក្នុងបញ្ជីមរតកវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់៕